BREAKING NEWS
Search

បទ​វិចារណកថា ​៖ ប្រជាពលរដ្ឋ​ទាំងអស់​ចាំបាច់​គោរព​តាម​សំណើ ​សម្ដេច​តេ​ជោ​ ដើម្បី​ការពារ​ការ​ឆ្លង​កូ​វីដ-​១៩

ដោយ​កាសែត​កម្ពុ​ជាថ្មី​ ៖ កាលពី​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២០​នេះ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា វិធានការ​នានា​របស់​រាជរដ្ឋាភិបាល ត្រូវបាន​ដាក់ចេញ​ឡើង ដើម្បី​ការពារ​អាយុ​​ជីវិត និង​ការងារ​របស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ក្នុង​អំឡុង​ពេល​ដែល​មេរោគ​កូ​វីដ​-១៩ កំពុង​រីក​រាល​ដាល​នៅ​ជុំវិញ​ពិភពលោក​នោះ​។​

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្ដេច ដោយ​ សម្តេច​តេ​ជោ​ ក៏បាន​សំណូមពរ​ដល់​កម្មករ​-​កម្មការិនី ឲ្យ​ស៊ូទ្រាំ​នឹង​ភាព​លំបាក​មួយ​គ្រា ដើម្បី​សេចក្តីសុខ​ថ្ងៃ​ខាងមុខ​ទៀត​។​

«​កូនក្មួយ​ជឿ​លើ​ពុក​ចុះ គ្រប់យ៉ាង​ គឺ​ដើម្បី​អាយុជីវិត និង​ការងារ​កូនៗ​ទាំងអស់គ្នា យើង​សុខចិត្ត​ស៊ូ​ទ្រាំ​លំបាក​បន្តិច ដើម្បី​សេចក្តីសុខ​យូរអង្វែង​។​» សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​កម្មករ​-​កម្មការិនី តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ សម្ដេច ​ផ្ទាល់។

សម្តេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​បន្ត​ថា​ ៖ «​អរគុណ​ចំពោះ​ការ​ស្រឡាញ់ ជំនឿ និង​ទំនុក​ចិត្ត​ដែល​កូន​មាន​ចំពោះ​ពុក​។ ទ្រាំ​លំបាក​ជាមួយ​ពុក​បន្តិច​សិន​ចុះ​ អ្វីៗ​នឹង​ល្អប្រសើរ​ឡើងវិញ​ដូច​ពុក​បាន​សន្យា​»​។​

ស្របពេល​ជាមួយគ្នានេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​មន្ត្រីរាជការ ក្រុម​ហ៊ុន​ឯកជន និង​កម្មករ​ ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វីដ​-១៩ ដោយ​បន្ត​ធ្វើ​ការងារ​ធម្មតា ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​រយៈពេល​៤​ថ្ងៃនេះ ដោយ ​សម្តេច ​បាន​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​ ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​នៅ​ក្នុង​ឱកាស ​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​២០២០​នេះ​។​

ទន្ទឹម​នឹង​នេះ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ បង​ប្អូន​ប្រជាពលរដ្ឋ អាច​ប្រារព្ធ​ពិធី​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន​។ រីឯ​ការ​ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​នៅតាម​វត្ត​អារាម រួមទាំង​កម្មវិធី​កម្សាន្ត​សប្បាយ​នានា នៅ​តាម​ទីធ្លា​សាធារណៈ និង​តាម​បណ្តា​វត្ត​ទូទាំងប្រទេស គឺ​ត្រូវបាន​ផ្អាក​សម្រាប់​ឆ្នាំនេះ ដើម្បី​ចូលរួម​ប្រយុទ្ធ​នឹង​មេរោគ​ឆ្លង​កូ​វីដ​-១៩ ជាមួយ​ពិភព​លោក​។​
ជា​ការ​ពិត​ណាស់ កាសែត​កម្ពុ​ជាថ្មី យល់ឃើញថា​ សារ​ណែនាំ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន មាន​សារៈ​សំខាន់បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់ ហើយ​យើង​សង្ឃឹមថា ​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​បងប្អូន​កម្ម​ករ​-​កម្មការិនី​នានា នឹង​អនុវត្ត​តាម​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បង្ក​ជា​ជំងឺ​ផ្លូវដង្ហើម​កូ​វីដ​-១៩​នេះ​។​

ដូច ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​នៅ​ចំពោះមុខ គឺ​ អាយុជីវិត​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​សំខាន់​ខ្លាំង​បំផុត ហើយ​ប្រជាពលរដ្ឋ​ទាំងអស់ ​គួរ​ចៀសវាង​ជួបជុំគ្នា​ផឹកស៊ី​ក្អាកក្អាយ ដើម្បី​ចៀសវាង​កុំ​ឲ្យ​«​ការសប្បាយ​ក្លាយ​ជា​ទុក្ខ​»​នោះ​។​

នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២០​នេះ កាសែត​កម្ពុ​ជាថ្មី សូម​សម្ដែង​នូវ​ការ​កោតសរសើរ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​-​កម្មការិនី ដែល​ហាក់ដូចជា​គោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋា​ភិ​បាល និង​ការអំពាវនាវ​របស់ ​សម្ដេច​តេ​ជោ ហ៊ុន សែន ដោយ​នាំគ្នា​ក្រោក​ពី​ព្រលឹម​ដើម្បី​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​តាម​រោងចក្រ​នានា ជា​ប្រក្រតី​។​

ទន្ទឹម​នឹង​នេះ ដូច​ សម្ដេច​តេ​ជោ​ បាន​ក្រើនរំលឹក​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​បន្ត​ការពារ​ខ្លួន ដោយ​អនុវត្ត​តាម​វិធី​ចាំបាច់​ងាយៗ​មួយចំនួន ដើម្បី​ការពារ​រោគ​ឆ្លង​កូ​វីដ-​១៩ ដោយ​ត្រូវ​ពាក់​ម៉ាស ឬ​ក្រមា ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ កុំ​នៅ​ផ្តុំ​គ្នា​ច្រើន កុំ​បម្លាស់ប្តូរទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្នុងពេលដែល​មានការ​រីក​រាលដាល​ឆ្លង​ដែល​យើង​មើលមិន​ឃើញ ដែល​អាច​នាំ​មេរោគ​ពី​យើង​ទៅ​គេ ឬ​ពី​គេ​មក​យើង​ទាំង​ក្នុងពេល​ធ្វើដំណើរ និង​ក្នុង​ពេល​ស្នាក់​អាស្រ័យ​នៅ​ជាដើម​។​

សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ថា ដោយសារ​ជំងឺ​កូ​វីដ​-១៩ នេះ ​ងាយ​ឆ្លង​លឿន​ពេក ទើប​រាជរដ្ឋាភិបាល ​ស​ម្រេច​ដាក់​បម្រាម​ហាម មិន​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ ទៅកាន់​ខេត្ត​មួយ និង​បាន​លើក​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​២០២០ ទៅ​ពេល​ក្រោយ ដែល​នឹង​សង​ជូន​ថ្ងៃ​ឈប់សម្រាក​៥​ថ្ងៃ​មក​វិញ នៅពេលណា​ដែល​ប្រទេសជាតិ​វិលត្រឡប់​មកកាន់​ស្ថានភាព​ធម្មតា​ដោយ​គ្មាន​ជំងឺ​កូ​វីដ​-១៩​។​

នៅ​ក្នុង​ឱកាស ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ឆ្នាំ​២០២០​នេះ កាសែត​កម្ពុ​ជាថ្មី សូម​គោរព​ជូន​ពរ​ សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា និង​ប្រិយមិត្ត​អ្នកអាន​ទាំង​អស់ ដែល​បាន​គាំទ្រ​ការ​ចេញផ្សាយ​របស់​កាសែត​កម្ពុ​ជាថ្មី សូម​ទទួល​បាន​នូវ​ពុទ្ធពរ​ទាំង​៥​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិពាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

សូម​ប្រិយមិត្ត​ទាំងអស់ ​រីករាយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែល​មិន​មាន​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បង្ក​ជា​ជំងឺ​ផ្លូវ​ដង្ហើម​កូ​វីដ​-១៩​នេះ នៅផ្ទះ​រាងៗ​ខ្លួន យោង​តាម​គោលការណ៍​ នៃ​គម្លាត​សង្គម និង​ការថែទាំ​អនាម័យ​ខ្លួនប្រាណ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114