BREAKING NEWS
Search

សម្ដេច​ក្រឡាហោម ណែនាំ​ឲ្យ សមត្ថកិច្ចត្រូវ​មាន​អាកប្បកិរិយា​ត្រឹមត្រូវ ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​កូ​វីដ​១៩ ជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ មានប្រសាសន៍​ក្នុង​ពិធី​ប្រគល់​រថយន្ត​និង​សម្ភារៈ​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ដល់​ប៉ូលិស​ចំនួន​ស​១៧​ខេត្ត ក្រុង​និង​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៣​មេសា​ឆ្នាំ​២០២០ នៅ​ទីស្តី​ការ​ក្រសួងមហាផ្ទៃ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​ធ្វើ​ការណែនាំ​ ឲ្យ​សមត្ថកិច្ច​ត្រូវ​មាន​អាកប្បកិរិយា​ត្រឹមត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ ក្នុងការ​ណែនាំ​ឲ្យ​ពួកគាត់​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ជា​មួយនឹង​ជំងឺ​កូ​វីដ​-១៩ ខណៈ​រហូតដល់​ពេលនេះ​ ប្រទេស​កម្ពុជា មិនទាន់​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​-១៩​នៅឡើយ​ទេ​។​

ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​នូវ​ការ​កើត​សរសើរ​ចំពោះ​សមត្ថកិច្ច និង​អាជ្ញាធរ​ទាំងអស់ ​ដែល​ចូលរួម​គាំទ្រ​គោលការណ៍​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នា​ពេល​នេះ ជាពិសេស សម្ដេច​ក្រឡាហោម​ក៏បាន​អរគុណ​ដល់​មន្ដ្រី​ក្រសួងមហាផ្ទៃ​ទាំងអស់​ ដែល​បាន​កាត់​ប្រាក់ខែ​ផ្ទាល់ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង កូ​វីដ​-១៩​នេះ​ផងដែរ​។​

សម្ដេច​ក្រឡាហោម បាន​គួស​បញ្ជាក់​បន្ថែម​ទៀត​ថា បើ​ទោះ​បីជា ស្ថានភាព​បច្ចុប្បន្ន​នៃ​ជំងឺ​កូ​វីដ ១៩ កម្ពុជា មិន​មាន​ការ​រីក​រាល​ខ្លាំង​យ៉ាង​ណា​ក៏ដោយ ក៏​មិន​ត្រូវ​បន្ធូរ​ដៃ​ឡើយ ពោល​គឺ​ត្រូវតែ​បង្កើន​ប្រសិទ្ធភាព​ការងារ​ទប់ស្កាត់​បន្ថែម​ទៀត ដើម្បី​ចាត់​វិធាន​គ្រប់​បែប​យ៉ាង​ ដែល​អាច​ធ្វើ​ទៅ​បាន​។

សូមបញ្ជាក់ កាល​ពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល ចេញ​វិធានការ មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ដើម្បី​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​កើតមានឡើង ហើយ​បាន​លើក​ពេល ថ្ងៃ​ឈប់សម្រាក បុណ្យចូលឆ្នាំ​ខ្មែរ​ផង​ដែរ​៕
អត្ថបទ៖ ឌី​រៀ​

ចុចអាន៖ លោក ហេង សួរ ៖​ ​កម្មករ​រោងចក្រ​ជាង​៩៥​% ​នៅ​ទូទាំង​ប្រទេស​ ​បន្ត​ធ្វើការ​ជា​ធម្មតា​