BREAKING NEWS
Search

មន្ត្រី​នគរបាល​ដែល​បាញ់សម្លាប់​ប្អូនថ្លៃ​នៅ​កោះ​ឧកញ៉ា​តី យក​កាំភ្លើង​លាក់​ក្នុង​ស្ថានីយហ្គាស

សៀមរាប ​៖ ​កម្លាំង​នគរបាល​ខេត្ត​កណ្តាល​និង​ខេត្ត​សៀមរាប សហការ​គ្នា​តាម​រក​កាំភ្លើងខ្លី​ ដែល​នគរបាល​ប៉ុស្តិ៍​បាក់​ខែង ដែល​បាញ់សម្លាប់​ប្អូនថ្លៃ​នៅ​កោះ​ឧកញ៉ា​តី កាលពី​ល្ងាច​ថ្ងៃ​ទី​១៥​ខែ​មេសា ​ឆ្នាំ​២០២០​ នៅ​ចំណុច​ភូមិ ចុង​កោះ ឃុំ កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល​។​

កម្លាំង​នគរបាល​សហការ​គ្នា ចាប់ខ្លួន​ជនសង្ស័យ​ដែល​បាញ់សម្លាប់​ប្អូនថ្លៃ​នេះ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២០ ​នៅ​ខេត្ដ​ស្ទឹងត្រែង ជាប់​ព្រំប្រទល់​ខេត្ដ​ព្រះវិហារ ក្រោយពី​ជន​ដៃ​ដល់​រូប​នេះ ​ព្យាយាម​រត់​គេច​ខ្លួន​អស់​រយៈពេល​៧​ថ្ងៃ បន្ទាប់ពី​បាញ់​ប្រហារ​ប្អូនថ្លៃ​ខ្លួនឯង បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត​ក្នុង​ថ្លុក​ឈាម​គួរ​ឲ្យ​រន្ធត់​។

​ជនសង្ស័យ​បាន​សារ​ភាព​ថា ខ្លួន​បាន​យក​កាំភ្លើង​ខ្លីម៉ាក​K54 យកមក​លាក់​ទុក​ក្នុង​អាងទឹក​នៃ​ស្ថានីយ​ហ្គាស​នៅ​ក្នុង​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង មាន​យីហោ ស៊ីរ៉ា​ហ្គាស។​ ក្រោយមក​សមត្ថកិច្ច​ខេត្ត​កណ្តាល ក៏បាន​មក​យក​វត្ថុតាង​ខាងលើ ហើយ​បុគ្គលិក ស្ថានីយ​មានឈ្មោះ​មួង លីដា អាយុ​២១​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ បាន​ប្រគល់​អាវុធ​ម៉ាក K54​ឲ្យ​ទៅ​នគរបាល​ជំនាញ​ចាត់ការ​បន្ត​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​ដៃ​ដល់​ឈ្មោះ សែន រ៉ា​នុ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាក់​ខែង​។ ចំណែក​ឯ​ជនរងគ្រោះ​ឈ្មោះ ម៉ៅ ប៊ុនហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ។ ជនសង្ស័យ​និង​ជនរងគ្រោះ​ត្រូវជា​បងប្អូន​ថ្លៃ​(​សាច់ថ្លៃ​)​នឹង​គ្នា។ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ចុង​កោះ ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ​

នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ​មាន​ទំនាស់ ជាមួយ​ប្រពន្ធ ខ្លួន​ឈ្មោះ គង់ សុខ​ជា ដោយ​ជនសង្ស័យ​យក​អាវុធខ្លី ភ្ជង់​ប្រពន្ធ​ខ្លួន ពេលនោះ​ជនរងគ្រោះ ចេញ​មក​ឃាត់​ដោយ​និយាយ​ថា ចាំបាច់​យក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​ធ្វើ​អី និយាយ​តែ​ប៉ុណ្ណឹង ស្រាប់តែ​ជនសង្ស័យ​បាញ់​សំដៅ​ទៅ​ជនរងគ្រោះ​១​គ្រាប់​ត្រូវ​បំពង់ក បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។ ក្រោយមក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ឈ្មោះ ផល ជា​អ្នកជិតខាង​ជិះ​គេចខ្លួនបាត់​តែម្ដង​៕

អត្ថបទ​៖​ កុសល​
​ចុចអាន៖ ករណី​នគរបាល​ប៉ុស្តិ៍បាក់ខែង បាញ់សម្លាប់​ប្អូន​ថ្ងៃ​ នៅ​កោះឧកញ៉ាតី ត្រូវ​បាន​ទម្លាយ