BREAKING NEWS
Search

និយាយភាសាអង់គ្លេសមិនប៉ិនដូចគេ? សាកតាមវិធីខាងក្រោមបាន

ការសន្ទនា​ជាភាសាអង់គ្លេសមានសារៈសំខាន់ណាស់លើគ្រប់បរិបទនៃ​ការងារនិងទំនាក់ទំនង​បច្ចុប្បន្នព្រមទំាង​ទៅអនាគតកាល។

ក៏​មាន​អ្នកដែលរៀនភាសាអង់គ្លេសបានល្អហើយ តែបែរជាមិនចេះនិយាយ ឬមិនចេះស្ដាប់ វាគ្មានប្រយោជន៍នោះទេ ថែមទំាង​នាំឲ្យអ្នករៀននោះប្រែជាខ្ជិលហើយបោះបង់ចោល។

យ៉ាងណាកុំទាន់បោះបង់ចោលអី! យើងអាចអនុវត្តរបៀបនិយាយភាសាអង់គ្លេសឲ្យបានលឿនតាមជំហានងាយៗទាំងនេះ៖

ធ្វើត្រាប់តាមដដែលៗ

មានមនុស្សច្រើននាក់រៀនភាសាអង់គ្លេសដោយខំទន្ទេញឲ្យចាំបញ្ជីពាក្យ ឬបិទកាតពាក្យនៅកន្លែងផ្សេងៗដើម្បីងាយយល់និងចេះចាំ។ យ៉ាងណារបស់ទាំងអស់នេះមានប្រយោជន៍តាមវិធីផ្ទាល់ខ្លួនរបស់ពួកគេម្នាក់ៗ ហើយយើងក៏អាចរៀនសូត្រតាមបាន។ ប៉ុន្តែមនុស្សជាច្រើនតែងតែភ្លេចស្ដាប់ឡើងវិញ ឬអៀនមិនហ៊ាននិយាយសារដើមម្ដងទៀតនូវអ្វីដែលពួកគេបានរៀន។ ការសិក្សាបង្ហាញថា ការធ្វើត្រាប់តាមម្ដងហើយម្ដងទៀតគឺជាវិធីល្អបំផុតមួយក្នុងការពង្រឹងជំនាញភាសាទាំងនិយាយនិងយល់ច្បាស់ពីអត្ថន័យ។

ចៀសវាងរៀនតែពាក្យ

ការទន្ទេញចាំបញ្ជីពាក្យ និងកិរិយាស័ព្ទនឹងក្លាយជាជារឿងដ៏ធុញទ្រាន់ ពេលអ្នកមិនបានអនុវត្តនិយាយឃ្លាឬប្រយោគទេនោះ។ គិតអ្វីដែលអ្នកចង់និយាយ រួចសាកល្បងនិយាយមក ឬស្តាប់ប្រយោគអ្នកដទៃ​ហើយ​ថា​តាមគេ ដោយកុំទាន់ខ្វល់រឿងវេយ្យាករណ៍ខុសឬត្រូវ។ រៀនបង្កើតប្រយោគដោយខ្លួនឯងសាមញ្ញៗដែលអ្នកជួបរាល់ថ្ងៃដូចជា ខ្ញុំចង់ញ៉ាំបាយ ឬខ្ញុំងងុយគេង ។ល។

អនុវត្តភ្លាមៗ

រៀនភា្លមអនុវត្តភ្លាម ហើយអនុវត្តរាល់ថ្ងៃនូវអ្វីដែលអ្នករៀននៅថ្ងៃនេះ។ ជារឿយៗខួរក្បាលនឹងស៊ាំឲ្យអ្នកក្លាយជាអ្នកអាន សរសេរ ស្ដាប់ និងនិយាយបានល្អជាក់ជាមិនខាន។ ទោះបីជាពាក្យ ឬឃ្លា ឬប្រយោគក្ដី ត្រូវប្រាកដថាអ្នកថាតាម សរសេរតាម និងស្ដាប់ជានិច្ចក្រោយពេលអ្នកបញ្ចប់ការសិក្សារបស់ខ្លួន។

រៀននិយាយឲ្យបានច្រើន

ឧស្សាហ៍ស្ដាប់គេនិយាយ ហើយរៀននិយាយតាមការសង្កត់សម្លេងរបស់គេ។ រៀននិយាយឲ្យច្រើនតាមដែលអាចធ្វើទៅបាន ដោយកុំខ្លាច កុំអៀន ហើយចាំស្ដាប់មើលថាគេអាចយល់ពីអ្នកប៉ុណ្ណា។ ម្យ៉ាងទៀតរៀនអានអត្ថបទអង់គ្លេសងាយៗ និងថតសម្លេងទុកហើយស្ដាប់ខ្លួនឯងថា តើអ្នករីកចម្រើនយ៉ាងណាខ្លះ។

មើលឃើញអ្វីក៏ដោយចូរគិតវាជាភាសាអង់គ្លេស

ការសិក្សាតាមរយៈវត្ថុមើលឃើញមានឥទ្ធិពលរំឭកអ្នកពីពាក្យដែលធ្លាប់បានរៀន និង មិនងាយភ្លេចវាឡើយ។ ជួនកាលអ្នកអាចរករូបភាពពីវាក្យស័ព្ទដែលទើបរៀនរួចមកបិទនៅក្បែរៗអ្នក ដើម្បីងាយឃើញ ហើយពេលអ្នកក្រឡេកទៅរូបភាពពេលណាអ្នកអាចចងចាំពាក្យទាំងនោះ។ ប៉ុន្តែអ្នកអាចជ្រើសរើសកត់ត្រាដាក់សៀវភៅដោយគូរជារូបក៏ល្អដែរ។

រៀបរាប់ពីជីវិតជាភាសាអង់គ្លេស

ការ៉ាយរ៉ាប់ពីប្រវត្តិ និងរៀបរាប់រឿងរ៉ាវផ្សេងទៀតពាក់ព័ន្ធនឹងខ្លួនយើង ជាវិធីមាន ប្រយោជន៍សម្រាប់ការរៀនសូត្រដោយមិនចាំបាច់រកនឹកច្រើនឡើយ។ អ្នកអាចចាប់ផ្ដើមដោយការណែនាំខ្លួនអ្នក ឬប្រាប់ពីការចងចាំ និងបទពិសោធន៍របស់អ្នកជាដើម។

រៀនច្រៀងចម្រៀងបរទេស

វិទ្យាសាស្រ្តបង្ហាញថា ខួរក្បាលរបស់យើងចូលរួមជាមួយតន្រ្តីដ៏សកម្មនៅពេលអ្នកដំណើរការភាសា។ សិស្សដែលតែងតែស្តាប់តន្ត្រីជាភាសាអង់គ្លេសច្រើនតែមានជំនាញបញ្ចេញសំឡេងបានល្អជាង និងយល់ពីអ្នកនិយាយផ្សេងទៀតងាយផងដែរ។  ការរៀនច្រៀង ធ្វើឲ្យភាសាអង់គ្លេសកាន់តែមានលក្ខណៈធម្មជាតិ។ ការច្រៀងគឺជាវិធីដ៏ល្អដើម្បីធ្វើឱ្យអារម្មណ៍ល្អនិងបង្កើនភាសាអង់គ្លេសរបស់អ្នកក្នុងពេលតែមួយ។ យូរៗទៅអ្នកអាចស្ទាត់ទាំងនិយាយនិងច្រៀងដោយមិនដឹងខ្លួន។

យល់ពីគោលបំណងរបស់ខ្លួន

អ្នករៀនភាសាអង់គ្លេសអាចមានមូលហេតុផ្សេងគ្នាក្នុងការរៀនដោយមានអ្នកខ្លះថា ពួកគេរៀនព្រោះចង់បានឱកាសការងារល្អឬរកការងាបាននៅក្រៅប្រទេស។ អ្នកខ្លះដោយសារមានដៃគូនិយាយភាសានេះ រីឯអ្នកខ្លះទៀតដោយសារចង់រស់នៅបរទេស ឬមូលហេតុច្រើនផ្សេងទៀត។ មិនថាមូលហេតុអ្វីទេ សូមកុំខ្វល់ពីវា គិតតែម្យ៉ាងទៅថា អ្នករៀនភាសានេះដើម្បីទំនាក់ទំនងឲ្យយល់គ្នាមិនមែនដើម្បីឲ្យល្អឥតខ្ចោះទេ។ ដូច្នេះកុំគិតខ្វល់ពេកថាខ្លួននិយាយភាសាអង់គ្លេសមិនពិរោះឬមិនល្អដូចអ្នកដទៃ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ ef.com