BREAKING NEWS
Search

លោក យក់ ប៊ុន​ណា​៖​ ការ​ផ្អាក​ជ្រើសរើស​ក្របខណ្ឌ​ថ្មី​ សម្រាប់​ឆ្នាំ​២០២០ ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ដំណើរការ​ក្រសួង

ភ្នំពេញ​៖​ លោក យក់ ប៊ុន​ណា រដ្ឋលេខាធិកា នៃ​ក្រសួង​មុខងារ​សាធារណៈ​បាន​ឲ្យ​ដឹង កាលពី​ព្រឹក​ថ្ងៃទី​២៤​មេសា​ថា ​ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​ការ​ជ្រើសរើស​ក្របខណ្ឌ​ថ្មី​សម្រាប់​ឆ្នាំ​២០២០​នេះ​ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ដំណើរការ​ក្រសួង​ស្ថាប័ន​រដ្ឋ​អង្គភាព​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​នោះ​ឡើយ​ ថែមទាំងអាចសន្សំសំចៃថវិកា​បានមួយចំណែក ដើម្បីប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ​ទៀត​ផង​។​

លោក​បាន​បន្តថា ​«​ការសម្រេច​ផ្អាក​នេះ​ ដោយសារ​ឆ្នាំនេះ ​មិនមាន​ភាព​ចាំបាច់​ក្នុង​ការ​ជ្រើសរើស​កម្លាំង​ពលកម្ម​បន្ថែម​នោះទេ​ ដោយសារ​ស្ថានភាព​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័ន​នា​ពេល​បច្ចុប្បន្ន​មានការ​កាត់បន្ថយ​ការ​ចំណាយ​ច្រើន ​ហើយ​គម្រោង​នានា​ទាន់​ទិន​នឹង​វិស័យ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ ក៏បាន​កាត់បន្ថយ​ផង​ដែរ​»​។​

លោក​ យក់​ ប៊ុន​ណា ​បាន​បញ្ជាក់​ថា ​ការកាត់បន្ថយ​ការ​ចំណាយ​ផ្សេងៗ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា​នេះ​ គឺ​ដើម្បី​យក​ថវិកា​ទាំងនោះ​ទៅ​ប្រើ​ប្រាស់​ទៅលើ​វិស័យ​សុខាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ-​១៩​ ដែល​កំពុង​រាតត្បាត​នៅលើ​ពិភពលោក​ រួមទាំង​កម្ពុ​ជា​ផង​ដែរ​។​

លោក​ក៏បាន​បន្ថែមទៀតថា ​បច្ចុប្បន្នមាន​ស្ថាប័នរដ្ឋ​ខ្លះ​បាន​ផ្លាស់ប្ដូរ​វេន​គ្នា​ធ្វើការ ​និង​​ស្ថាប័ន​ខ្លះទៀត​ ធ្វើការ​តាម​ប្រព័ន្ធ​អន​ឡាញ​ ដើម្បីកាត់បន្ថយ​​ការ​ពី​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ-​១៩​។​

បើតាម​លោក យក់ ប៊ុន​ណា​​ តាម​គម្រោង​នៅ​ឆ្នាំ​២០២០​នេះ ​រាជរដ្ឋាភិបាល​គ្រោង​នឹង​ជ្រើសរើស​ក្របខណ្ឌ​ថ្មី​នៅ​គ្រប់​ក្រសួង​ស្ថាប័ន អង្គភាព​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ប្រមាណ​ជិត​៦​ពាន់​នាក់។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​មុខងារ​សាធារណៈ​ដែល​បាន​ផ្សាយ ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣​មេសា ​បាន​ឲ្យ​ដឹងថា ​ការសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន ការជ្រើសរើស​ក្របខណ្ឌ​ថ្មី សម្រាប់​ឆ្នាំ​២០២០ នៅ​គ្រប់​ក្រសួង​ស្ថាប័ន អង្គភាព​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដោយសារតែ​វិបត្តិ​ នៃ​ជំងឺ​កូ​វីដ​-១៩​។​ ចំពោះ​ពេលវេលា​ដែល​ក្រសួង​ស្ថាប័ន អង្គភាព​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ អាច​ជ្រើស​រើស​ក្របខណ្ឌ​ថ្មី សម្រាប់​ឆ្នាំ​២០២០ ឡើងវិញ ក្រសួងនឹង​ជូនដំណឹង​នៅ​ពេល​ក្រោយ​​​៕

សូមចុចអាន ៖ ហ្វីលីពីនប្រកាសបន្តបិទរដ្ឋធានី ម៉ានីល រហូតដល់​ពាក់កណ្ដាល​ខែឧសភា

អត្ថបទ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114