BREAKING NEWS
Search

ម៉ាត់ នូ​រុណ ត្រូវការ​ពេលវេលា​យ៉ាង​យូរ​២​ខែ ក្រោយ​ជោគជ័យ​ការវះកាត់​ជើង​របស់​ខ្លួន

យោង​តាម​ការប្រកាស​ផ្លូវការ​របស់​ក្លិប​បាល់ទាត់​បឹងកេត លើ​គេហទំព័រ​របស់​ពួកគេ បាន​ធ្វើ​បច្ចុប្បន្ន​ភាព​អំពី​ការ​ព្យាបាល​របួស​របស់​កីឡាករ​វ័យក្មេង​របស់​ខ្លួន គឺ ម៉ាត់ នូ​រុណ ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​វះកាត់​ជង្គង់​របស់​ខ្លួន​ហើយ។

ម៉ាត់ នូ​រុណ ដែល​ត្រូវបាន​គេ​ហៅ​ឈ្មោះ​ក្រៅ​ថា Messi បាន​ទទួល​ការវះកាត់​ដោយ​ជោគជ័យ​នៅ​រសៀល​នេះ ក្រោយ​ទទួលរង​របួស​ជាថ្មី​អំឡុងពេល​ប៉ះទង្គិច​ក្នុង​ការ​ប្រកួត ទល់នឹង​ណាហ្គា​វើ​លដ៍ កាលពី​ថ្ងៃទី​២៩​កុម្ភៈ​កន្លងទៅ។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ក្រុម​គ្រូពេទ្យ​ប្រចាំ​ក្រុម​បាន​បញ្ជាក់​ថា នូ​រុណ មិន​មាន​បញ្ហា​ដាច់​សរសៃ​ជង្គង់ (ACL) ដូចពេលមុន​ឡើយ ពោលគឺ​គ្រាន់តែ​បែក​ទ្រនាប់​ឆ្អឹង ដែល​បណ្ដាលមកពី​ការប៉ះទង្គិច​ខ្លាំង​ក្នុង​ការ​ប្រកួត ហើយ​របួស​នេះ ត្រូវ​តម្រូវ​ឲ្យ​រូបគេ សម្រាក​ព្យាបាល ចន្លោះ​ពី​១​ខែ​កន្លះ​ ទៅ​២​ខែ ទើប​អាច​វិល​ត្រឡប់​មក​ធ្វើការ​ហ្វឹកហាត់​បាន​វិញ​១០០%។

ចំពោះ​ស្ថានភាព​របួស​របស់ខ្លួន កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ធ្លាប់បាន​និយាយថា “ ខ្ញុំ​សោកស្ដាយ​ដែល​មិន​អាចជួយ​ក្រុម​ដណ្តើម​ជ័យជម្នះ​ក្នុង​ប្រកួត​ទល់នឹង​ណាហ្គា​វើ​លដ៍ ដោយសារ​របួស តែ​របួស​ខ្ញុំ​មិន​ធ្ងន់ធ្ងរ​ខ្លាំង​ទេ ឥលូវ​នេះ​ ខ្ញុំ​អាច​ចូល​ហាត់​តិចៗ​វិញ​បាន​ធម្មតា​ហើយ តាម​ការណែនាំ​ពី​ក្រុម​គ្រូពេទ្យ និង​ការប្រកួត​នៅសល់​វែងឆ្ងាយ​ទៀត ខ្ញុំ​នឹង​ព្យាយាម​ដើម្បី​ជួយ​ក្រុម​ក្នុង​ការ​ប្រជែង​ពានរង្វាន់​នានា ក្នុង​ឆ្នាំ​នេះ”។​

គួររំលឹកថា ចាប់តាំងពី​មក​ចូលរួម​ជាមួយ​ក្លិប​បឹងកេត កាលពី​ចុងឆ្នាំ​២០១៨​កន្លងទៅ មិន​ទទួល​បាន​ឱកាស​បង្ហាញខ្លួន​ក្នុង​រដូវ​កាល​២០១៩ ស្ទើរតែ​ពេញ​មួយ​រដូវ​កាល​តែម្ដង ដោយសារតែ​រូបគេ​ទទួល​រង​របួស​ដាច់​សរសៃ​ជង្គង់ អំឡុង​ការប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​ថ្មី​។ តែ​អតីត​កីឡាករ​អគ្គិសនី​កម្ពុជា​រូបនេះ បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ចុងក្រោយ ​នៃ​លី​គ​កំពូល​កម្ពុជា ទល់នឹង គិរីវង់​សុខ​សែន​ជ័យ និង​ថែមទាំង​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ ពានរង្វាន់ ​សម្ដេច ហ៊ុន សែន ដែល​ជួយ​ឲ្យ​បឹង​កេត ឈ្នះ​ពានរង្វាន់​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ទៀត​ផង។​

សម្រាប់​រដូវ​កាល​ថ្មី​នេះ នូ​រុណ បង្ហាញខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង បាន​៣​ប្រកួត និង​រក​គ្រាប់​បាល់ បាន​១​គ្រាប់​ឲ្យ​ក្រុម​ក្នុង​ជំនួប ១-១ ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ កាលពី​សប្ដាហ៍​ទី​១​កន្លងទៅ ហើយក៏​សូម​ជូនពរ​ឲ្យ នូ​រុណ ឆាប់​ជាសះស្បើយ​ដើម្បី​វិលត្រឡប់​មក​ជួយ​ក្រុម​វិញ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។ នេះ​ជា​ខ្លឹមសារ​ដែល​បាន​ផ្សាយ​លើ​គេហទំព័រ​របស់​ក្លិប​៕

សូមចុចអាន ៖ លោក​វ៉ា​ត់ ចំរើន និយាយ​ពី​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បម្រើ​ដល់​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114