BREAKING NEWS
Search

ស្គាល់ចរិតលក្ខណៈមនុស្សតាមរយៈសៀវភៅដែលគេចូលចិត្តអាន

ការស្គាល់ចិត្តថ្លើមនរណាម្នាក់វាពិបាកបន្តិច ប៉ុន្តែបើនិយាយពីចរិតឬកពារ មិនពិបាកសង្កេតពេកទេ។ អ្នកអាចសម្គាល់តាមរយៈសៀវភៅដែលពួកគេនិយមអាន អ្នកនឹងដឹងថាពួកគេជាមនុស្សបែបបណា។ តោះ! មកអានជាមួយ KPT Plus ទាំងអស់គ្នា!

សៀវភៅអក្សរសិល្ប៍

អ្នកដែលចូលចិត្តអានសៀវភៅអក្សរសិល្ប៍ មិនថាជាប្រភេទអក្សរសិល្ប៍បែបណានោះទេ ភាគច្រើនគឺជាមនុស្សស្រឡាញ់កិត្តិយស កេរ្តិ៍ឈ្មោះ តែប្រកាន់ឫក គំនិតខ្លួនឯង និងភាពជាម្ចាស់ការខ្ពស់។ មនុស្សប្រភេទនេះ គឺជាមនុស្សស្វែងរកចំណេះដឹង មានសតិបញ្ញា មានភាពហ្មត់ចត់ ចូលចិត្តហ៊ឺហារ និងចូលចិត្តធ្វើអ្វីដែលលេចធ្លោខុសប្លែកពីអ្នកដ៏ទៃ ។ ជាពិសេសមនុស្សប្រភេទនេះមិនសូវទុកចិត្តអ្នកដ៏ទៃ ពូកែសង្កេតមនុស្សមុននឹងសេពគប់ ហើយគេជាមនុស្សមានរបៀបរបបនិងមានវិន័យខ្ពស់។

សៀវភៅភ័យរន្ធត់

អ្នកណាក៏ដោយដែលចូលចិត្តក្នុងការអានសៀវភៅប្រភេទរឿងខ្មោចឬរឿងគួរឲ្យភ័យរន្ធត់ខ្លាំងនោះបញ្ជាក់ថា គឺជាមនុស្សឆាប់ធុញថប់ ​ច្រើនតែស្វែងរកសម្រស់ជីវិតនិងភាពរំភើបចិត្តសម្រាប់ជីវិតជានិច្ច។ អ្នកដែលចូលចិត្តអានរឿងខ្មោច អាចមើលទៅដូចជាមនុស្សសាមញ្ញ សប្បាយៗ តែធាតុពិតគឺជាមនុស្សដែលមានភាពហ្មត់ចត់ ហើយពូកែចងចាំនូវសេចក្តីលម្អិតផ្សេងៗដែលនាំមកនូវការគិតជានិច្ចកាល។ មនុស្សប្រភេទនេះ មិនខ្លាចការផ្សងព្រេង អាចប្រឈមមុខជាមួយនឹងបញ្ហានិងការផ្លាស់ប្តូរផ្សេងៗបាន ជាពិសេសតែងតែគិតសារចុះឡើងនូវទង្វើរបស់ខ្លួនឯងជានិច្ច។

សៀវភៅប្រលោមលោកស្នេហា

 

នណាដែលចូលចិត្តអានសៀវភៅប្រភេទនេះ គឺជាមនុស្សចូលចិត្តស្វែងរកភាពខ្វះខាត ដែលពុំដឹងការពិតពីចិត្ត ខាងក្នុងរបស់ខ្លួនដោយខ្លួនឯង និងជាមនុស្សតែងតែប្រាថ្នានូវក្តីស្នេហាបែបនោសញ្ចេតនាជានិច្ច។ ជាទូទៅមនុស្សដែលចូលចិត្តប្រលោមលោក គឺជាមនុស្សយកតែចិត្តខ្លួនឯង មិនចូលចិត្តស្តាប់អ្នកដ៏ទៃដែលនៅជំវិញខ្លួនទេ  ប្រៀបដូចជាមនុស្សមិនទាន់ធំ។ បើជាមនុស្សប្រុស ជាមនុស្សហាក់ដូចជាព្រានបន្តិចហើយ ដែលប្រកាន់ភ្ជាប់ថារឿងស្នេហា គឺជារឿងសំខាន់ត្រូវការឲ្យមនុស្សគ្រប់គ្នាចាំយកចិត្តគេ និងជាមនុស្សមិនអន្ទះសាក្នុងការស្វែងរកភាពជោគជ័យទុកសម្រាប់ជីវិតនោះទេ។

ប្រលោមលោកបែបវិទ្យាសាស្រ្ត

អ្នកដែលចូលចិត្តអានសៀវភៅប្រភេទនេះ គឺជាមនុស្សពូកែគិតមានភាពប៉ិនប្រសប់ក្នុងការរៀបចំផែនការប្រកបដោយភាពឆ្លាតវៃ។ ទោះបីជាមនុស្សពូកែគិត ពូកែស្រមៃក៏ដោយ ក៏មិនមែនជាមនុស្សស្រមៃបែបភ្លឹកៗនោះទេ គឺជាមនុស្សដែលមានគំនិតប្រកបដោយការគិតពិចារណាក្នុងការច្នៃប្រឌិតខ្ពស់។ ​អ្នកដែលចូលចិត្តអានសៀវភៅប្រលោមលោក បែបវិទ្យាសាស្រ្តគេមិនមែនជាមនុស្សស៊ាំញ៉ាំនោះទេ តែគេចូលចិត្តចែករំលែកបទពិសោធន៍ដល់អ្នកដ៏ទៃ និងមនុស្សជិតខាងគួរឲ្យកោតស្ញប់ស្ញែង។

សៀវភៅប្រវត្តិសាស្រ្ត

អ្នកដែលចូលចិត្តអានសៀវភោប្រវត្តិសាស្រ្ត នោះគឺជាមនុស្សដែលមានភាពហ្មត់ចត់ ចូលចិត្តពិចារណាវែងឆ្ងាយ លើរឿងផ្សេងៗយ៉ាងស៊ីជម្រៅ ។ ទោះបីជាមនុស្សឈ្លក់វង្វេងលើខ្លួនឯងខ្លះក៏ដោយ ក៏គេជាមនុស្សចូលចិត្តស្រាវជ្រាវរុករក និងដើរកម្សាន្ត ។ បុគ្កលនេះមោះមុតនឹងការងារ ចូលចិត្តសិក្សារៀនសូត្រ តែច្រើនជាមនុស្សមិនចូលចិត្តលេងសើចច្រើន។

សៀវភៅបែបស៊ើបអង្កេត

អ្នកដែលចូលចិត្តអានសៀវភៅប្រភេទនេះ បញ្ជាក់ថាគេគឺជាមនុស្សឈ្លាសវៃ ហ៊ានស៊ី ហ៊ានសង ចូលចិត្តផ្សងព្រេង មិនខ្លាចការផ្លាស់ប្តូរ អាចប្រឈមមុខនឹងបញ្ហាបានប្រកបដោយសតិបញ្ញា។ អ្នកដែលចូលចិត្តអានសៀវភៅប្រភេទស៊ើបអង្កេត ដូចជារឿង ឃាតកម្ម​ ឬឧក្រិដ្ឋកម្ម ច្រើនតែចាប់អារម្មណ៍ទៅលើរឿងអាថ៌កំបាំង និងភាគច្រើន គឺជាមនុស្សឆាប់ធុញថប់ ចូលចិត្តរឿងរំភើបញាប់ញ័រ  ពូកែគិត ពូកែស្រមៃ និងចង់ដឹងចង់លឺគ្រប់រឿង។

សៀវភៅសម្រាប់ស្រ្តី

មិនថាតែជាទស្សនាវដ្តីឬជាសៀវភៅនោះទេ ប្រសិនបើជាប្រភេទដែលជាប់ទាក់ទងជាមួយនឹងម៉ូដសម្លៀកបំពាក់ស្រ្តីឬសម្រស់ ប្រសិនជានរណាចូលចិត្តវា នោះបញ្ជាក់ថា ម្នាក់នោះគឺជាមនុស្សចាប់អារម្មណ៍លើខ្លួនឯង ចង់កែប្រែបុគ្គលិកលក្ខណៈ មានមន្តស្នេហ៍ ជាពិសេសបង្កើតសេចក្តីសុខដល់ខ្លួនឯង។ មនុស្សប្រភេទនេះ ក្រៅពីស្រឡាញ់សម្រស់ហើយថែមទាំងជាមនុស្សស្រឡាញ់ភាពរីកចម្រើននិងភាពទាន់សម័យទៀតផង

សៀវភៅរឿងដែលចម្លែកៗ

អ្នកដែលចាប់អារម្មណ៍ខ្លាំងលើសៀវភៅបែបចម្លែកៗ មិនថានៅក្នុងសៀវភៅ ឬទស្សនាវដ្តីដែលមានរឿងចម្លែកៗ និងភាពអស្ចារ្យនៅទូទាំងពិភពលោក នោះគឺជាមនុស្សពូកែសិក្សារៀនសូត្រ មានគំនិតសុទិដ្ឋិនិយម គិតគូរវែងឆ្ងាយ មានចិត្តសុភាពរាបសា និងមិនចាប់អារម្មណ៍លើជីវិតរបស់ខ្លួនឯងពេកនោះទេ។ មនុស្សប្រភេទនេះ ច្រើនតែមិនសូវខ្លាចរអានឹងនរណាឡើយ តែមានអារម្មណ៍សប្បាយរីករាយ និងចូលចិត្តនិយាយផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងមនុស្សជុំវិញខ្លួន។

សៀវភៅទស្សនវិជ្ជានិងសាសនា

ប្រសិនបើបុគ្គលណាមួយចូលចិត្តអានសៀវភៅទស្សនវិជ្ជាឬសាសនា នោះយើងអាចទាយបានថា គេគឺជាមនុស្សមាននិស្ស័យសុភាពរាបសា ទោះបីជាចចេសបន្តិចក៏ដោយ ក៏ជឿជាក់លើខ្លួនឯង តែក៏មិនមែនជាប្រភេទមនុស្សដែលឆេវឆាវនោះដែរ។ មនុស្សដែលចូលចិត្តអានសៀវភៅប្រភេទទាំងពីរ ខាងលើនេះគឺជាមនុស្សឆាប់យល់ពីអារម្មណ៍អ្នកដ៏ទៃ តែងតែអភ័យទោសឲ្យគេជានិច្ច ជាពិសេសយល់ព្រមធ្វើជាទីប្រឹក្សាផ្តល់គំនិតល្អៗ ដល់មនុស្សដែលនៅជុំវិញខ្លួន ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ចង់ធ្វើជាមនុស្សដែលអ្នកដ៏ទៃគោរពរាប់អាន៕

ប្រែសម្រួល៖ សន្យា                      

ចុចអាន៖ ៥ ​យ៉ាងនេះប្រុសៗទុកថាសំខាន់ខ្លំាងពីមនុស្ស​ស្រីដែលគេចាប់អារម្មណ៍

ចុចអាន៖ ក្នុងនាមមិត្តភក្ដិគ្នា អាច​ជួយមិត្តដែលមានជំងឺធ្លាក់ទឹកចិត្តយ៉ាងដូចម្ដេចបាន?