BREAKING NEWS
Search

ឃុំខ្លួន​មន្ត្រី​យោធា​ពាក់​សក្ដិ​៤ ដែល​បាញ់សម្លាប់​ប្រពន្ធ​នៅ​ក្នុង​រថយន្ត​

ភ្នំពេញ ៖ លោក កី ម៉ា​នេ​រា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២០ នេះ បានចេញ​ដីកា​ឃុំខ្លួន​មន្ត្រី​យោធា​ពាក់​សក្ដិ​៤​ម្នាក់ ពាក់​ព័ន្ធ​ករណី​បាញ់​​ប្រពន្ធ​ស្លាប់​​ក្នុង​រថយន្ត ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ​.​មនុស្សឃាត​ដោយ​អ​ចេតនា និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់។​

នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់ លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។​

ជនជាប់ចោទ​ដែល​តុលាការ​ឃុំខ្លួន ឈ្មោះ គឹម សារី អាយុ​៥៨​ឆ្នាំ ជា​ជំនួយការ ​លោក មុំ លី​មឿ​ន អគ្គលេខាធិការ ក្រសួងការពារជាតិ រស់នៅ​ខេត្ត​បាត់ដំបង។​

កាលពី​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ មាន​ករណី​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២ ក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ករណី​ផ្ទុះអាវុធ​នោះ​ត្រូវបាន​គេ​ដឹងថា មាន​ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​រថយន្ត ហើយ​ត្រូវបាន​ជនដៃដល់​ដឹក​សាកសព​ចេញទៅ​បាត់។ ប៉ុន្តែ​មិនបាន​ប៉ុន្មាន រថយន្ត​នោះ​បើក​ទៅដល់​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្តាល ស្រាប់តែ​ខ្មាន់កាំភ្លើង​បាន​ទូរសព្ទ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ទៅ​ចាប់ខ្លួន ដោយ​អះអាងថា​គេ​សូម​ប្រគល់​ខ្លួន​ដើម្បី​ទទួល​កំហុស​មិន​រត់​ទៅ​ណា​ទេ។ ពេលនោះ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​ស្អាង ខេត្ត​កណ្តាល ក៏​ចេញទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នាំមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ នៃ​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់។

នៅ​ចំពោះមុខ​សមត្ថកិច្ច​អាវុធហត្ថ ជន​សង​ជនសង្ស័យ​បាន​សារភាពថា មុនពេល​កើតហេតុ ​គឺ​រូបគេ មាន​ទាស់ទែង​គ្នា​ជាមួយ​ប្រពន្ធ​នៅក្នុង​រថយន្ត រឿង​អន់ចិត្ត​ប្រចណ្ឌ​ដាក់គ្នា​ទៅវិញទៅមក។ ពេល​នោះ​ប្រពន្ធ​ក៏បាន​ចាប់ខ្លួន វាយ​ប្រតាយប្រតប់​ពេញ​ក្នុង​រថយន្ត ខណៈ​ខ្លួន​កំពុង​បើកបរ ទើប​បណ្តាល​ឲ្យ​ប៉ះ​កាំភ្លើង​ដែល​ខ្លួន​បញ្ចូល​គ្រាប់​រួច ធ្វើ​ឲ្យ​ផ្ទុះ​ត្រូវស្លាប់​តែម្តងទៅ។ ជនរងគ្រោះ​ជា​ប្រពន្ធ​ដែល​ស្លាប់​នោះ​មានឈ្មោះ សោម សា​រៀប អាយុ​៥០​ឆ្នាំ មាន​ស្រុកកំណើត​ខេត្ត​បន្ទាយមានជ័យ។​

យោងតាម​ចម្លើយសារភាពរ​បស់​ជនសង្ស័យ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២០ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​មន្ត្រី​យោធា​ម្នាក់​រូប​នោះ ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ តាម​នីតិវិធី។​

ជនសង្ស័យ​ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ធ្វើការ​ចោទប្រកាន់​កាន់​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ រួច​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​តែម្តង​ទៅ៕

សូមចុចអាន ៖ តារា​សិល្បៈ​ ចូលរួម​រំលែកទុក្ខ ពីង រ៉ូ​ស្សា ដែល​ទទួលមរណភាព​ទាំង​វ័យក្មេង​


អត្ថបទ ៖ មករា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114