BREAKING NEWS
Search

ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ នាំគ្នា​យក​រថយន្ត​តូច​ធំ​ជាច្រើន​រយ​គ្រឿង​ មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​(​ឆៀក​)

ស្វាយរៀង ៖ ក្រោយពី​សេចក្ដីជូនដំណឹង​របស់​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង​ ស្ដីពី​កាលបរិច្ឆេទ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ត្រួតពិនិត្យ​ចល័ត នឹង​ចាប់​ដំណើរការ​ត្រួតពិនិត្យ​លើ​ផ្លូវ​ក្រុង​លេខ​១១៩ (​រង្វង់​មូល​នាគ​បាញ់​ទឹកមាត់​ទន្លេ​) ស្ថិត​ក្នុង​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ចាប់ពី​ថ្ងៃទី​០៤​ឧសភា ដល់​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​។​

កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ​ខែ​ឧសភា ​ឆ្នាំ​២០២០​ បងប្អូន​ប្រជាពលរដ្ឋ​ បាន​នាំ​យក​រថយន្ត​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​(​ឆៀក​)​យ៉ាង​ច្រើន​កុះករ ​តាម​បណ្ដោយ​ផ្លូវ​លេខ​១១៩​ មានការ​កកស្ទះ​ទាំង​ស្រុង​តែម្ដង​។ ក្នុង​នោះ​ មាន​រថយន្ត​តូច​ធំ​ជាច្រើន​គ្រឿងក្នុង​មួយថ្ងៃ ចូល​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​គោលដៅ​ដែល​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង​បាន​កំណត់​ ខណៈ​ការអនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២០​។

បើ​តាម​មន្ត្រី​មន្ទីរ​សាធារណ ​និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹងថា ចាប់ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ​រហូតដល់​ថ្ងៃទី​ទី​១៥​ ខែ​ឧសភា ​ឆ្នាំ​២០២០ ​ត្រូវបាន​បញ្ចប់​។​

មន្ត្រី​រូបនោះ​បន្តថា ក្នុង​មួយថ្ងៃៗ មាន​រថយន្ត​ជាច្រើន​គ្រឿង ត្រូវ​បាន​យក​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ចល័ត​យានយន្ត​នៅ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​(​ឆៀក​)​រាប់​រយ​គ្រឿង​ទាំង​រថយន្ត​តូចធំ​។​

លោក​បាន​បន្ត​ថា ចំនួន​នេះ​​កើតមានឡើង​ចាប់ពី​ថ្ងៃទី​៤​ឧសភា រហូតដល់​ថ្ងៃទី​១៥​ ខែ​ឧសភា ឆ្នាំ​២០២០​នេះ និង​បាន​បង្ក​ឲ្យ​រថយន្ត​មានការ​កកស្ទះ​រង់ចាំ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ហើយ​ ក្រៅពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ស្វាយរៀង ​និង​ខេត្ត​ព្រៃវែង​ផងដែរ​។​

យោងតាម​ខ្លឹមសារ​ នៃ​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក ត្រង់​ជំពូក​ទី​៣ មាត្រា​៧​ថ្មី ចំណុច​ទី​៤​ បាន​បញ្ជាក់​ថា ត្រូវ​ពិន័យ​អ្នកបើកបរ​រថយន្ត​ធុន​ស្រាល​ទឹកប្រាក់​ចំនួន​ ១៨០ ០០០​ រៀល​ និង​អ្នកបើកបរ​រថយន្ត​ធ្ងន់ធ្ងរ​ទឹកប្រាក់​ចំនួន​ ៣៧៥ ០០០​ រៀល។ ចំពោះ​អំពើ​ល្មើស​ បើកបរ​ដោយ​គ្មាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ឬ​ប្រើ​វិញ្ញាបនបត្រ​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ហួស​សុពលភាព​។​

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ ដូច​ពាក្យស្លោក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​(​ថ្ងៃនេះ ​ថ្ងៃស្អែក ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​)៕​

សូមចុចអាន ៖ រោងចក្រ​ជិត​២០០​​ព្យួរ​ការងារ gmac ​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ ​ទូទាត់​ប្រាក់​ឲ្យ​បាន​លឿន​


អត្ថបទ ៖ គឹម​ សេង​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114