BREAKING NEWS
Search

អាមេរិកមានអ្នកស្លាប់ថ្មី ២៣៣៣នាក់ទៀតហើយ ខណៈលោក ត្រាំ លែងហ៊ានធានាថាវ៉ាក់សាំងអាចនឹងរួចរាល់នៅចុងឆ្នាំ

តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅអាមេរិកបានកើនឡើងចំនួន ២៣៣៣ នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលកើនឡើងទ្វេដងធៀបនឹងតួលេខមួយថ្ងៃមុន។ នេះបើយោងតាមការបូកសរុបរបស់សាកលវិទ្យាល័យ Johns Hopkins។

យោងតាមរបាយការណ៍សរុបរបស់សាកលវិទ្យាល័យដដែលនេះគិតត្រឹមព្រឹកថ្ងៃពុធ អាមេរិកមានករណីឆ្លងយ៉ាងហោច ១,២លានករណី និងមនុស្សយ៉ាងតិច ៧១០២២ នាក់បានស្លាប់ដោយសារជំងឺនេះ។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហាក់ដូចជាបានដកពាក្យសម្ដីរបស់ខ្លួនដែលបានអះអាង​ថាវ៉ាក់សាំងការពារមេរោគកូវីដ១៩នឹងត្រូវបានបង្កើតឡើងនៅចុងឆ្នាំនេះ។

កាលពីថ្ងៃអាទិត្យលោក ត្រាំ បាននិយាយថា “សហរដ្ឋអាមេរិកមានទំនុកចិត្តខ្លាំងណាស់ថាយើងនឹងមានវ៉ាក់សាំងនៅចុងឆ្នាំនេះ” ។

ប៉ុន្តែកាលពីអង្គារ នៅពេលត្រូវបានគេសួរថាតើលោកនៅតែជឿជាក់ថាវ៉ាក់សាំងមួយនឹងត្រូវបានបង្កើតរួចរាល់នៅចុងឆ្នាំនេះទេ ប្រធានាធិបតីរូបនេះបានឆ្លើយតបថា“ អ្នកមិនអាចជឿជាក់បានទេ”។

ទោះយ៉ាងណា លោកបានបន្ថែមទៀតថា “យើងកំពុងព្យាយាមដោះស្រាយឲ្យបានល្អបំផុតហើយ” ហើយលោកក៏ទទួលបានរបាយការណ៍ប្រចាំថ្ងៃពីក្រុមហ៊ុនជាច្រើនដែលធ្វើការដើម្បីបង្កើតវ៉ាក់សាំង ៕

ចុចអាន៖ ទីបំផុត ចក្រភពអង់គ្លេសវ៉ាដាច់អ៊ីតាលីក្លាយជាដែនដីមានអ្នកស្លាប់ដោយកូវីដច្រើនជាងគេនៅអឺរ៉ុប

ចុចអាន៖ WHO ថាអាមេរិកគ្មានភស្តុតាងលើការអះអាងដែលថា វីរុសកើតចេញពីមន្ទីរពិសោធន៍ទីក្រុង Wuhan ទេ

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ AFP