BREAKING NEWS
Search

ចង់ឆាប់មានលុយទិញផ្ទះបាននៅ អនុវត្តតាមគន្លឹះ ៥ យ៉ាងនេះ

គោលដៅ​សំខាន់​បំផុតមួយ​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ គឺធ្វើយ៉ាងណាមាន​ផ្ទះ​រស់នៅសមរម្យ​​ផ្ទាល់ជារបស់​ខ្លួន ​។ ហេតុនេះ​​បើ​អ្នកកំពុង​នៅ​ផ្ទះ​ជួល​នៅ​ឡើយ តើ​គួរ​ធ្វើ​ដូច​ម្ដេច​ទើប​ឆាប់​មាន​លទ្ធភាពទិញ​ផ្ទះ​បាន? KPT Plus សូមលើកយកគន្លឹះ ៥ យ៉ាងដែលអាចជួយអ្នកឲ្យទិញផ្ទះបាននៅឆាប់ៗ៖

១. ​ចំណាយតែតាម​តម្រូវការ

​កុំ​ចំណាយ​ទៅ​តាម​អារម្មណ៍​ចង់​បាន គឺ​ត្រូវ​មើល​ទៅ​លើ​តម្រូវ​ការ​ជាក់​ស្ដែង។ ​បើសិនអ្នក​ចាយ​លុយ​ទៅ​តាម​អារម្មណ៍ គឺ​គ្មាន​ថ្ងៃ​សល់​នោះ​ទេ ទោះ​រក​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ។ ទៀតសោត បើ​នៅ​បន្ទប់​ជួល​​ផងនោះ អ្នកកាន់​តែត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចំណាយ ដោយត្រូវ​ចំណាយ​ដោយ​ការ​វិភាគហ្មត់ចត់ និង​គិត​ឱ្យ​បាន​ល្អិត​ល្អន់។

២. កត់ត្រាការ​ចំណាយនិង​កំហិត​ខ្លួន​ឯង

កំណត់​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​ច្បាស់​លាស់ និង​រៀន​ដាក់​កំហិត​ខ្លួន​ឯង​ខ្លះ តែកុំដល់ថ្នាក់រិះថាំបង្អត់បាយខ្លួនឯង។ អ្នកត្រូវ​កត់ត្រា​ការ​ចំណាយ​គ្រប់​ពេល​ថា ថ្ងៃ​នេះ​ទិញ​អ្វី​ខ្លះ​ អស់​ប៉ុន្មាន? តើ​ការ​ចំណាយ​នោះ​អាច​លើស​ពី​ការ​កំណត់​ឫ​ទេ? ប្រសិន​បើ​លើស​មក​ពី​មូល​ហេតុ​អ្វី​? រីឯការ​ដាក់​កំហិត​ខ្លួន​ឯង គឺដើម្បី​សល់​លុយ រស់​នៅ​ស្រួល​ទៅ​ថ្ងៃ​ក្រោយ មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ តែ​ក៏​មិន​ត្រូវ​ឱ្យ​ខ្លួន​ឯង​អត់​ឃ្លាន​ដែរ។

៣. កុំ​ចំណាយ​មិន​បាន​ប្រយោជន៍​

អ្នកមិន​គួរ​ចំណាយទៅលើអ្វីដែល​​មិន​សូវ​មាន​ប្រយោជន៍​ដូច​ជា ដាក់​ម៉ាស៊ីន​ត្រជាក់ ទិញទូទឹកកក ឬទិញ​របស់​ទ្រព្យច្រើន​ដាក់​ផ្ទះ​។ល។ ការ​ចំណាយ​ទាំង​នេះ​គ្រាន់​តែ​ល្អ​ភ្នែក​ តែ​មិន​ចំណេញ​អ្វី​ទេ គ្រាន់​តែ​រៀប​ចំ​ឱ្យ​មាន​របៀប​រៀបរយ​ទៅ​បាន​ហើយ ត្រូវ​ទុក​លុយពី​ការ​ចំណាយ​ទាំង​នោះ ទៅ​បើក​កុង​ធនាគារសន្សំវិញទើបបានកើនប្រាក់។

៤. សន្សំ​លុយ​តាម​ប្រាក់​ខែ​ពី​តិច​ទៅ​ច្រើន

ការ​សន្សំ​ក្លាយជាច្រើនបាន ផ្ដើមចេញពី​ប្រាក់​ខែ​តិច​ស្ដួចស្ដើងនេះឯង​។ គន្លឹះទី៤នេះ គឺត្រូវ​ដក​លុយ​ប្រាក់​ខែ​ទុក​សន្សំ​រៀង​រាល់​ខែ បើ​ប្រាក់​ខែ​តិច ត្រូវ​សន្សំ​ច្រើន​ជាង​ចំណាយ បើប្រាក់​ខែ​កាន់​តែ​ច្រើន អាច​សន្សំ​កាន់​តែ​ច្រើន ចំណែក​ឯ​ការ​ចំណាយ​នៅ​ដដែល​មិន​មែន លុយ​តិច​ចាយ​តិច ហើយ​នៅ​ពេល​មាន​លុយ​ច្រើន​ចាយ​ច្រើន​នោះ​ទេ។

៥. កុំជួលផ្ទះស្នាក់នៅធំនិងមាន​តម្លៃ​ខ្ពស់​ពេក​ទេ

ប្រសិន​បើ​ត្រឹម​ជួល​ផ្ទះ​ស្នាក់​នៅ មិន​ចាំបាច់​សង្វាត​ផ្ទះ​ធំ និង​តម្លៃ​ថ្លៃ​ពេក​នោះ​ទេ។ ជួលបន្ទប់ថោកសមល្មមបាន​ហើយ​ ទោះ​អាច​នៅ​ឆ្ងាយ​បន្តិច ប៉ុន្តែ​អាច​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ស្នាក់​នៅ​ច្រើន។ វិធីល្អមួយទៀត អ្នក​អាច​ស្នាក់​នៅ​ជាមួយ​មិត្ត​ភក្តិដើម្បី​រំលែក​ការ​ចំណាយ។ ហេតុនេះលុយ​នៅ​សល់​ពី​ការ​បង់​ថ្លៃ​ស្នាក់​នៅ អ្នក​អាច​ទុក​សន្សំ​បាន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ចេះគិត ចេះចាយ ចេះសន្សំ ដូច​ខាង​ក្រោមនេះ​ អ្នកនឹងក្លាយជាអ្នកមាន

ចុចអាន៖ ចង់លក់អនឡាញ? ៥ចំណុចខ្លឹមនេះ​កសាងប្រេនបានរាប់សិបឆ្នាំ