BREAKING NEWS
Search

បន្ថែមទម្លាប់អានសៀវភៅចូលក្នុងជីវិត អ្នកនឹងទទួលបានរឿងអស្ចារ្យទាំងនេះ

បុគ្គលល្បីៗ  ក្រុមបណ្ឌិតអ្នកប្រាជ្ញ និងមេដឹកនាំជោគជ័យជាច្រើនរូបសុទ្ធតែចូលចិត្តអានសៀវភៅ។  ហេតុផលពីក្រោយការអាននៃបុគ្គលទាំងនោះ  គឺដើម្បីជំនួយសុខភាពផ្លូវកាយនិង ផ្លូវចិត្តរបស់ពួកគេ។  ចុះសម្រាប់អ្នកមិនចូលចិត្តអានសៀវភៅ  ហេតុអ្វីបានជាមិនចូលចិត្តអាន? ហើយមានដឹងអត់ថា ការអានសៀវភៅមានគុណសម្បត្តិអ្វីខ្លះ?

ជំនួយសុខភាពខួរក្បាល

ខួរក្បាលមនុស្សក៏ត្រូវការធ្វើលំហាត់ប្រាណដើម្បីរក្សាសុខភាពឲ្យរឹងមាំដែរ។  ដូចនេះមានតែការអានសៀវភៅប៉ុណ្ណោះ ដែលអាចរំញោចផ្លូវចិត្តដោយ ធ្វើឲ្យខួរក្បាលមានសុខភាពល្អមិនស្ពឹកស្រពន់ និងគិតបានរហ័សរហួន។ តាមការសិក្សាបានឲ្យដឹងថា  អានសៀវភៅប្រហែល ១៥-២០ នាទី មុនចាប់ផ្តើមធ្វើការ  ពិសេសអានពេលព្រឹក អាច​បង្កើនសមត្ថភាពការងារបានល្អទ្វេរដង។

ពង្រឹងនិងពង្រីកចំណេះដឹង

ការអានមិនត្រឹមតែ ជំនួយសុខភាពខួរក្បាលល្អប៉ុណ្ណោះទេ  វាក៏អាចបំពេញនៅចន្លោះប្រហោងក្នុងខួរក្បាល ជាមួយព័ត៌មានថ្មីៗដែលយើងមិនធ្លាប់ដឹងពីមុន។  ចំណេះដឹងទាំងនោះ នឹងជួយយើងឲ្យកាន់តែមានគំនិតទូលំទូលាយ  និងធ្វើឲ្យយើងក្លាយជាមនុស្សពូកែ ក្នុងការដោះស្រាយគ្រប់បញ្ហាផងដែរ។  ក្រៅពីនេះទៀត  ការអានច្រើន នាំឲ្យចេះពាក្យថ្មីៗច្រើនដូចគ្នា  ដែលវាអាចជួយពង្រឹងវាក្យសព្ទរបស់យើងឲ្យកាន់តែត្រឹមត្រូវក្នុងការប្រើប្រាស់។

ជំនួយការចងចាំ

នៅពេលអានសៀវភៅ  ប្រាកដណាស់យើងត្រូវចងចាំតួអង្គ និងខ្លឹមសារដែលអ្នកនិពន្ធបានរៀបរាប់  ពិសេសគឺភាពប្រទាក់គ្នានៃសាច់រឿងពីមួយវគ្គទៅមួយវគ្គ។  ហេតុនេះ ការអាន អាចជួយឲ្យយើងមានការចងចាំបានល្អតាមរយៈដំណើរសាច់រឿង។

ពង្រឹងជំនាញគិត និងវិភាគ

ធ្លាប់បានចាប់អារម្មណ៍អត់? នៅពេលអានប្រលោមលោកបែបអាថ៌កំបាំង ឬស៊ើបអង្កេតណាមួយ  យើងតែងតែវិភាគឃើញភាពអាថ៌កំបាំងទាំងនោះ មុននឹងអានសៀវភៅចប់ទៅទៀត។  ធ្លាប់មែនទេ?  បើមែន  យើងច្បាស់ជាទទួលបានជំនាញកាន់តែខ្លាំងលើការវិភាគ  ការគិតពីផែនការការងារ និងអាចកត់ចំណាំ ព្រមទាំងបែងចែកបានល្អ។

កាត់បន្ថយស្ត្រេស

មិនថាមានបញ្ហាស្មុគស្មាញខ្លាំងប៉ុណ្ណា ទាំងរឿងការងារ  ស្នេហា  គ្រួសារ  ឬបញ្ហាប្រឈមក្នុងជីវិតប្រចាំថ្ងៃក៏ដោយ  វានឹងអាចរលុបបាត់ ឬរសាយបានមួយផ្នែកធំ នៅពេលយើងជក់ចិត្តទៅក្នុងការអានសៀវភៅ ។   នៅក្នុងសៀវភៅ មានរឿងទាក់ទាញអារម្មណ៍ និងគំនិតដាស់តឿនអប់រំជាច្រើន ដែលអ្នកនិពន្ធបានតាក់តែង ធ្វើយើងឲ្យចូលតួជាមួយសាច់រឿងយ៉ាងស្លុង  ហើយ ស្របពេលយើងកំពុងចូលតួ ទុក្ខព្រួយក៏រលាយទៅតាមនោះដែរ។

ជំនួយសម្រាប់ការនិពន្ធឬសរសេរកាន់តែល្អ

អានសៀវភៅ ជំនួយដល់ជំនាញតែងនិពន្ធកាន់តែប្រសើរ ទាំងការប្រើពាក្យពេចន៍ ឃ្លាប្រយោគ  និងខ្លឹមសារ ។ ការអាន អាចជួយបង្កើនគំនិតបង្កើតថ្មី សំបូរគំនិតប្លែកៗ  និងជំរុញការសសេរឲ្យកាន់តែមានភាពទាក់ទាញប្រកបដោយការច្នៃប្រឌិត៕

ប្រែសម្រួល៖  សន្យា

ចុចអាន៖ ប្រលោមលោកស្នេហារវាងភេទដូចគ្នាថ្មីសន្លាង ត្រៀមបង្ហាញខ្លួនស្វាគមន៍ខែឧសភា
ចុចអាន៖ ស្គាល់ចរិតលក្ខណៈមនុស្សតាមរយៈសៀវភៅដែលគេចូលចិត្តអាន