BREAKING NEWS
Search

ប្រឡូកក្នុងអាជីវកម្មអនឡាញបានមួយឆ្នាំ សន ច័ន្ទសិរីរ័ត្ន ហ៊ានបង្កើនប្រេនផលិតផលដោយខ្លួនឯង

នៅពេលនិយាយពីអាជីវកម្មអនឡាញ មនុស្សភាគច្រើនតែងយល់ថា វាគឺជាអាជីវកម្មបន្ទាប់បន្សំ ឬមិនឋិតថេរ តែចំពោះ អ្នកនាង សន ច័ន្ទសិរីរ័ត្ន បានចំណាយពេលវេលា និងកម្លាំងកាយចិត្ត បង្កើតប្រេនផលិតផលដោយខ្លួនឯងក្នុងរយៈពេលដ៏ខ្លី ក្រោយពេលប្រឡូកក្នុងវិស័យអាជីវកម្ម អនឡាញទើបតែបានមួយឆ្នាំ។

ក្នុងវ័យ២៣ឆ្នាំ អ្នកនាងសន ច័ន្ទសិរីរ័ត្ន បានឲ្យដឹងថា នាងបានសម្រេចចិត្តលក់អនឡាញ ក្រោយ ពីទទួលបានបទពិសោធការងារជាអ្នកលក់ក្នុងរយៈពេលមិនដល់មួយឆ្នាំ ក្នុងក្រុមហ៊ុនមួយ ពេលរៀនចប់ភ្លាម។

សហគ្រិនវ័យក្មេងរូបនេះ និងបងថ្លៃបានបង្កើតប្រេនផលិតផលថែរក្សាស្បែកមុខដោយខ្លួនឯង ដោយមានឈ្មោះថា ខេរីណា (Kerina)  ដើម្បីនាំចូលមកលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ មុនពេលបង្កើតប្រេនដោយខ្លួនឯង សិរីរ័ត្ន មានកូនក្រុមជាច្រើននាក់ក្នុងដៃ និងបានសិក្សាទីផ្សារ តាមរយៈបទ ពិសោធនៃការលក់ផលិតផលតាមអនឡាញកន្លងមក។

ជាមួយបទពិសោធន៍លក់ផលិតផលច្រើនមុខក្នុងពេលតែមួយ សិរីរ័ត្នថ្លែងថា «អ្វីដែលអាចធ្វើឲ្យ​យើងជោគជ័យបាន ទីមួយគឺការស្គាល់ផលិតផលឲ្យបានច្បាស់ និងស្រឡាញ់ផលិតផល មុននឹងយកផលិតផលនោះមកលក់។ ដូចគ្នានេះដែរ គឺយើងត្រូវស្គាល់ ពីប្រភពដើមនៃផលិតផល និងម្ចាស់ប្រេនឲ្យបានច្បាស់ថាគួរឲ្យទុកចិត្តឬទេ? »

សិរីរ័ត្នបានឲ្យដឹងថា «អ្វីដែលជាចំណុចបរាជ័យរបស់អ្នកលក់អនឡាញភាគច្រើន គឺដោយសារការខ្វះការអត់ធ្មត់ ហើយផ្អើលលក់តែមួយឆាវ។»

នាងបានបន្តថា «ការpostលក់លើអនឡាញ ប្រៀបដូចជាការបើកតូបលក់ដូច្នេះដែរ។ បើសិនជាយើង អត់ post ស្មើនឹងការបិទតូប ដូច្នេះ អ្នកខ្លះឃើញគេលក់ដាច់ សូមកុំគិតថា វាងាយស្រួល  ដូចជាខ្ញុំក៏ធ្លាប់មានបទពិសោធបរាជ័យច្រើនដងដែរ  តែយើងអាចរៀនសូត្រពីវា ហើយកែប្រែវាឲ្យរឹតតែល្អឡើងៗ។»

ក្នុងការបង្កើតប្រេនខ្លួនឯង សិរីរ័ត្នបានឲ្យដឹងថា នាងសិក្សាទៅលើផលិតផលដែលមានលក់នៅលើទីផ្សារ ហើយព្យាយាមស្វែងរកលក្ខណៈពិសេសនៃផលិតផលរបស់ខ្លួន ដែលគិតថាអាចនឹងស្រូបទីផ្សារបានច្រើនជាងគេ។

សិរីរ័ត្នបន្ថែមថា «ភាពជោគជ័យ រឺបរាជ័យ គឺកើតចេញពីខ្លួនយើង បើយើងតាំងចិត្តថាធ្វើវាបានយើងនឹងធ្វើវាឲ្យទាល់តែបាន គេកាន់តែមើលងាយ គឹយើងកាន់តែធ្វើ ។ ដួលប៉ុន្មានដងមិនសំខាន់ សំខាន់យើងចេះងើបវិញ ហើយធ្វើទាល់តែជោគជ័យ។»

ជាមួយនឹងការតាំងចិត្តមុះមុតក្នុងវិស័យជំនួញ សហគ្រិនវ័យក្មេងរូបនេះ មិនទាន់ហ៊ានអះអាងចំពោះជោគជ័យខ្ពស់ ចំពោះប្រេនផ្ទាល់ខ្លួននៅឡើយទេ។ តែក្នុងនាមជាម្ចាស់ប្រេនមួយរូប នាងនៅតែប្រឹងប្រែងឲ្យអស់លទ្ធភាព តាមបទពិសោធន៍ ព្រមទាំងចំណេះដឹងនានាដែលនាងទទួលបានកន្លងមក។

ពាក្យដែលសិរីរ័ត្នតែងរំលឹកខ្លួនឯងជានិច្ច ក្នុងវិស័យជំនួញនោះគឺ «បរាជ័យជាមេរៀន នាំទៅផ្លូវជោគជ័យ។ កុំខ្លាចបរាជ័យ បើយើងមិនទាន់បានចាប់ផ្តើម។ កុំខ្លាចការចាប់ផ្តើម ដរាបណា យើងនៅមានគោលដៅ។ ការដាក់គោលដៅជាកម្លាំងចិត្ត មួយដែលធ្វើឲ្យយើងដើរទៅកាន់ភាពជោគជ័យ ម្តងមួយជំហានៗ។

នាងបន្ថែមថា «បរាជ័យជាមួយអាជីវកម្ម មិនមែនមានន័យថា ជីវិតយើងបរាជ័យនោះទេ តែបើមិនហ៊ានដើរចេញពីភាពបរាជ័យដែលខ្លួនកំពុងជួប នោះទើបជីវិតយើងបរាជ័យដោយពិតប្រាកដ»៕