BREAKING NEWS
Search

លោក គឹមបញ្ញា៖ «គួរមានវិធានការបន្ថែមទៅលើមន្ត្រីណាដែលប្រើប្រាស់រថយន្តអង្គភាព ហើយល្មើសច្បាប់ចរាចរណ៍»

ជាមួយ​នឹងការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ទើប​ចាប់​អនុវត្ត​កាល​ពី​ដើម​ខែ​ឧសភា​កន្លងមក ក្នុង​នាម​ជា​ អង្គការ​សង្គម​ស៊ីវិល លោក គឹម បញ្ញា នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះការ​អនុវត្ត​នេះ។

លោកថ្លែងថា «យើង​ឃើញ​គ្រោះ​ថ្នាក់ តួ​លេខ​គ្រោះ​ថ្នាក់​ចរាចរណ៍ មាន​ការ​កើន​ឡើង​ចន្លោះពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ​២០១៩ ដូច្នេះ ការ​រឹត​បន្តឹង​នៃ​ច្បាប់​ចរាចរណ៍​ក៏​គួរ​តែ​ចាប់ផ្តើម មិនគួរពន្យាតទៅទៀតទេ។»

លោកបន្តថា «ការរឹតបន្តឹងនៃច្បាប់ចរាចរណ៍នេះ គឺផ្អែកលើច្បាប់ចរាចរណ៍​ដែលយើងមានតាំងពីឆ្នាំ ២០១៧មក តែអ្វីដែលជា​ការខុសប្លែកនោះ គឺតម្លៃតែប៉ុណ្ណោះ។»

ទោះបីជាយ៉ាងណា លោកយល់ថា «ការអនុវត្តច្បាប់គួរតែអនុវត្តជាជំហានៗ និងគួររឹតបន្តឹងទៅលើអ្វីដែលជាហានីភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍។ »

លោក គឹម បញ្ញា បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ និងផ្សព្វផ្សាយបន្តទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ ដូចជាការផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងវីរុសកូវីដ ១៩ យ៉ាងដូច្នេះដែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានលឿនដូចគ្នា។

បន្ថែមលើ​ការ​លើក​ទឹក​ចិត្ត​នេះ លោកថា «យើងឃើញថា បច្ចុប្បន្ន ការផ្សព្វផ្សាយច្បាប់ចរាចរណ៍កាន់តែមានភាពទូលំទូលាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយ ដូចជាទូរទស្សន៍ កាសែត និងប្រព័ន្ធបណ្តាញសង្គមជាដើម។ ដូច្នេះ ក្នុងនាមជាប្រជាពលរដ្ឋ យើងគួរតែបន្តស្វែងយល់ពីច្បាប់ឲ្យកាន់តែច្បាស់ឲ្យ ហើយបើមានចម្ងល់ ក៏អាចលើកជាសំណួរ នៅក្នុងការ live នៃសន្និសិទ្ធសារព័ត៌មាន ជាដើម។»

លោក គឹម បញ្ញា ក៏បានបន្ថែមថា «ក្នុងការអនុវត្តច្បាប់នេះ វាជាការល្អ ប្រសិនបើមន្ត្រីអនុវត្តច្បាប់របស់យើង មានវិធានការបន្ថែមទៅលើមន្ត្រីរាជការ ដែលប្រើប្រាស់យានយន្តផ្លាកលេខរបស់អង្គភាព ដូចជាផ្លាកលេខរដ្ឋ ឬនគរបាល ហើយប្រព្រឹត្តបទល្មើសច្បាប់ចរាចរណ៍ លើសពីពីរដង ក្រៅពីការពិន័យទៅតាមច្បាប់ គួរតែមានវិធានការក្នុងរូបភាពណាមួយ ដើម្បីឈប់ឲ្យពួកគាត់ប្រើប្រាស់រថយន្តរបស់អង្គភាពតែម្តង។ បើសិនជាអាចធ្វើដូច្នេះបាន ខ្ញុំជឿថា សាធារណជននឹងសាទរ ក្នុងការខិតខំប្រឹងប្រែង​ជម្រុញច្បាប់ចរាចរណ៍ឲ្យរឹតតែមានប្រសិទ្ធភាព។»

បើ​តាម​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី នៅ​ឆ្នាំ២០១៩ តួលេខ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ចន្លោះពី១៥០ ដល់២០០នាក់ ខណៈដែល​តួលេខ​អ្នក​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ចន្លោះពី ២៥០ ទៅ ៣០០នាក់ ក្នុងមួយខែៗ៕