BREAKING NEWS
Search

រដ្ឋមន្ត្រី​សុខាភិបាល​ក្រើនរំលឹក​ដល់​ពលរដ្ឋ ​ត្រូវ​ចេះ​កែប្រែ​ទម្លាប់​និង​ឥរិយាបថ​ការរស់នៅ​តាម​បែប​គន្លង​ថ្មី

ភ្នំពេញ ​៖ ​លោក​សាស្ត្រាចារ្យ ម៉ម​ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​និង​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​ចេះ​កែប្រែ​ទម្លាប់​និង​ឥរិយាបថ​នៃ​ការរស់នៅ​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​តាម​សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី ​ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ ដើម្បី​បន្ត​រក្សា​ការពារ​កុំ​ឲ្យ​មាន​រលក​ទី​ពីរ​នៃ​ការ​ចម្លង​វីរុស​នេះ នៅក្នុង​ប្រទេស​កម្ពុជា​។

​នៅក្នុង​សេចក្តី​ជូន​ព័ត៌មាន​ របស់​ក្រសួងសុខាភិបាល ​ដែល​បាន​ចេញ​ផ្សាយ​ កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែឧសភា ​ឆ្នាំ​២០២០ លោក​សាស្ត្រាចារ្យ ម៉ម​ ប៊ុនហេង ​បាន​មានប្រសាសន៍ថា​ ទោះបីជា​ប្រទេស​កម្ពុជា​មិន​មាន​រក​ឃើញ​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩​ក្នុង​រយៈពេល​ជាង​១​ខែ​កន្លង​មក​នេះ​ក្តី ​ក៏ប៉ុន្តែ​បុគ្គល​គ្រប់រូប​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​និង​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​ឲ្យ​បាន​ជាប់​ជានិច្ច​ដោយ​ត្រូវ​ចេះ​កែប្រែ​ទម្លាប់​និង​ឥរិយាបថ​នៃ​ការរស់នៅ​របស់​ខ្លួន​ឲ្យ​ស្របទៅតាម​សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី​ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ជា​ចាំ បាច់​ដូចជា​ការ​ប្រកាន់យក​នូវ​ការ​អនាម័យ​ដៃ​ស្អាត ពាក់​ម៉ាស់ ប្រើ​ក្រមា កន្សែង​ ឬ​ ក្រដាស​ជូត​មាត់​ខ្ទប់មាត់​ពេល​មាន​ក្អក​កណ្ដាស់ បន្ត​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម​និង​គម្លាត​សុវត្ថិភាព​បុគ្គល​មិន​ត្រូវ​មានការ​ជួបជុំ ​ឬ ​រៀបចំ​ពិធី​ណាមួយ​ដែល​មាន​គ្នាច្រើន​កុះករ​ពេក​ដូចជា​ការ​ជួបជុំ​ផឹកស៊ី​ដែលមាន​គ្នាច្រើន ​ឬ ​ការជួបជុំ​តាមបែប​សាសនា​ជាដើម​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​ម្ចាស់ ភោ​ជនី​យដ្ឋា​ន​និង​អាហារដ្ឋាន​ព្រមទាំង​កន្លែង​លក់ដូរ​ផ្សេងៗ​ត្រូវតែ​បន្ត​អនុវត្ត​វិធានការ​ការពារ​ទៅតាម​បែប​នៃ​ការរស់នៅ​សភាព​ធម្មតា​តាមបែប​គន្លង​ថ្មី​ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​ដូច​បាន​រៀបរាប់​ខាងលើ​ស្រាប់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​និង​ត្រូវ​ធានាថា​ទីតាំង​ធុរកិច្ច​របស់ខ្លួន​មិនត្រូវ​ក្លាយជា​ទីកន្លែង​ចម្លងរោគ​កូ​វីដ​១៩​ដល់​អតិថិជន​ឬ​អ្នកបម្រើ​ការ​នៅ​ទីនោះ​ឡើយ​។

គួរ​បញ្ជាក់​ថា ​រហូតដល់​ម៉ោង ៧និង៣០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែឧសភា​ ឆ្នាំ​២០២០ ​ក្រសួង​ពុំ​រក​ឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ថ្មី ទេ ជា​សរុប​មាន​ករណី​ជំងឺ​កូ​វីដ​១៩​ចំនួន​១២២​ករណី​ដដែល​និង​មិនមាន​ករណី​ជាសះស្បើយ​ករណី​ថ្មី​ដែរ​គឺ​មាន​ចំនួន​១២១​នាក់ មិនមាន​អ្នកស្លាប់​និង​អ្នកជំងឺ​នៅសល់​សំរាក​ព្យាបាល នៅ​ពេទ្យ​ចំនួន តែម្នាក់ ប៉ុណ្ណោះ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114