BREAKING NEWS
Search

ត្រឹម២៤ម៉ោងចុងក្រោយ អាមេរិកមានអ្នកស្លាប់ ១៧៥៥នាក់ទៀតដោយសារកូវីដ១៩

មនុស្ស ១៧៥៤ នាក់ទៀតហើយបានស្លាប់ដោយសារជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅប្រទេសមហាអំណាចមួយនេះឡើងដល់ ៨៥៨១៣ នាក់។ នេះបើយោងតាមការសរុបទិន្ន័យពីសាកលវិទ្យាល័យ Johns Hopkins នៅព្រឹកថ្ងៃសុក្រនេះ។

មកទល់ពេលនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ថាមានករណីឆ្លងសរុបជាង ១ ៤១៧ ៧០០ ករណី ដែលជាតួលេខខ្ពស់ជាងប្រទេសណាៗទាំងអស់លើពិភពលោក។

សរុបអ្នកឆ្លងជំងឺកូវីដ១៩ទូទាំងពិភពលោកនៅពេលនេះមានចំនួន ៤,៥លាននាក់ ក្នុងនោះមានស្លាប់ ៣០ម៉ឺននាក់ និងជាសះស្បើយបានចំនួន ១,៧លាននាក់ ដោយ​ប្រទេស​ដែល​មាន​ករណី​ច្រើន​បំផុត​បន្ទាប់​ពី​អាមេរិករួម​មានរុស្ស៊ី ចក្រភពអង់គ្លេស អេស្ប៉ាញ និង​អ៊ីតាលី។

បច្ចុប្បន្ន រដ្ឋជិត ៥០ នៅអាមេរិកបានចាប់ផ្តើមអនុញ្ញាតឱ្យអាជីវកម្មមួយចំនួនបើកដំណើរការឡើងវិញហើយ ហើយប្រជាជនអាចធ្វើដំណើរដោយសេរី ប៉ុន្តែមានតែរដ្ឋចំនួន ១៤ ប៉ុណ្ណោះដែលបានបំពេញតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលសហព័ន្ធ សម្រាប់ការដកវិធានការណ៍សំដៅប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) បានណែនាំឱ្យរដ្ឋនានារង់ចាំរហូតដល់ចំនួនករណីប្រចាំថ្ងៃរបស់ពួកគេធ្លាក់ចុះអស់រយៈពេល ១៤ ថ្ងៃជាប់គ្នា មុនពេលបន្ធូរបន្ថយការរឹតត្បិតគម្លាតសង្គម។

រដ្ឋ Florida, Hawaii, Idaho, Louisiana, Michigan, Montana, Nevada, New York និងរដ្ឋ Pennsylvania បានរាយការណ៍ពីការធ្លាក់ចុះនូវករណីថ្មីៗចំនួន ៤ទៅ ៥សប្ដាហ៍ហើយ ស្របពេលរដ្ឋមួយចំនួនទៀតដូចជា Arkansas, Colorado, Massachusetts, New Jersey និង Rhode Island មានការថយចុះបន្តបន្ទាប់រយៈពេល២សប្ដាហ៍ចុងក្រោយល្មម ៕

ចុចអាន៖ ការធ្វើតេស្តរកវីរុសកូរ៉ូណាដែលអួតអាងដោយលោក Trump បញ្ចេញលទ្ធផលមិនត្រឹមត្រូវជាច្រើន

ចុចអាន៖ ចិនរកឃើញករណីឆ្លងក្នុងស្រុកកើន​ថែមទៀតថ្ងៃនេះ ខណៈក្រុង Wuhan ចាប់ផ្ដើមធ្វើតេស្តប្រជាជនទាំង ១១លាននាក់

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ AFP