BREAKING NEWS
Search

អគ្គស្នងការរង ទាត់ចោល​របាយការណ៍​អង្គការ​លើកលែងទោស​អន្តរជាតិ​ដែល​ថា​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ជា​សង្គ្រាម

ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​នគរបាលជាតិ ទទួលបន្ទុក​ការងារ​បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ថ្លែង​នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​នេះ សម្តែង​ការ​សោកស្តាយ ចំពោះ​របាយការណ៍​ថ្មី​មួយ របស់​អង្គការ​លក​លែង​ទោស​អន្តរជាតិ (Amnesty International) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ១៣​ឧសភា ឆ្នាំ​២០២០ លើកឡើង​ថា យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់​រដ្ឋាភិបាល​កម្ពុជា បាន​កើតមានឡើង​នូវ​ការរំលោភ​សិទ្ធិមនុស្ស កា​សូកប៉ាន់ ពុករលួយ និង​ការ​គាបសង្កត់​ជាដើម ។

នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​បញ្ជាក់​ថា ក្នុងនាម​ជាម​ន្ត្រី​អនុវត្តន៍​ច្បាប់ បាន​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​នេះ​ថា ជា​របាយការណ៍​គ្មាន​ការពិត មួលបង្កាច់​មិន និង​ភូតកុហក អមិត្ត ដើម្បី​បម្រើ​ឲ្យ​នយោបាយ​ប្រឆាំង​ផ្កាប់មុខ ផ្ទុយ​ពី​ការពិត​នៅ​កម្ពុជា។ ពោល គឺជា​របាយការណ៍​ធ្វើឡើង​ដើម្បី​វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល បង្ហាញ​ចេតនា​ទុច្ចរិត​មកលើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់​កម្ពុជា។

​ថ្លែងប្រាប់​អ្នកកាសែត​នា​ព្រឹក​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ​២០២០​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បញ្ជាក់​ថា របាយការណ៍​របស់​អង្គការ​លើកលែងទោស អន្តរជាតិ​នេះ ផ្ទុយ​ពី​ការពិត​ទាំងស្រុង ផ្ទុយ​ពី​ឆ​ន្ទៈ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ​គ្រប់​ស្ថាប័ន ទាំង​ជាតិ និង​អន្តរជាតិ ដែល​បាន​អបអរសាទរ​រីករាយ គាំទ្រ និង​ចូលរួម​សហការ ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​នាពេល​កន្លងមកនេះ។

លោក​ឧ​ត្ត​ម​សេនីយ៍​បាន​ថ្លែង​យ៉ាង​មុតមាំ​ថា ការ​លើក​ឡើង​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ ដែល​និយាយថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន គឺជា​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន​នៅ​កម្ពុជា គឺជា​ពាក្យ​មូល​បង្កាច់ គ្មាន​ការពិត ដោយសារ​នៅ​កម្ពុជា​គ្មានទេ សង្គ្រាម​បង្ក្រាប​គ្រឿងញៀន ។ នៅ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មិនមាន​ការចាត់តាំង​សោះឡើយ នូវ​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន ដែល​នាំ​ឲ្យ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ប្រជាពលរដ្ឋ។

ជាក់ស្តែង​ចាប់តាំងពី​មាន​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ឆ្នាំ​២០១៧ មកដល់​បច្ចុប្បន្ន​នេះ មិនទាន់​មាន​ពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយសារ​យុទ្ធនាការ​នេះ​ឡើយ​ទេ ។​ផ្ទុយទៅវិញ យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន ដែល​ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​គ្រឿងញៀន ទទួល​បាន​លទ្ធផល​ល្អប្រសើរ ដែល​ជះឥទ្ធិពល​ធ្វើ​ឲ្យ​បទល្មើស​ព្រហ្មទណ្ឌ​មានការ​ធ្លាក់ចុះ នាំ​ឲ្យ​សន្តិសុខ សុវត្ថិភាព​សង្គម មាន​ភាពល្អ​ប្រសើរឡើង។

ជា​មួយ​គ្នា​នេះ ពាក់ព័ន្ធ​មន្ត្រី​អនុវត្តន៍​ច្បាប់ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​គូសបញ្ជាក់ថា អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួងមហាផ្ទៃ នឹង​ពិនិត្យ​ដោះស្រាយ​តាម​វិន័យ និង​តាមច្បាប់ ចំពោះ​បុគ្គល ឬ​នគរបាល​ណា​ម្នាក់ ដែល​អសកម្ម និង​ប្រព្រឹត្ដ​បទ​ល្មើស ដែល​មានការ​អនុវត្ដ​ជា​បន្ដបន្ទាប់ ហើយ​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល​ក៏បាន​លើក​ទឹក​ចិ​ត្ដ និង​កោតសរសើរ ចេញ​លិខិត​សរសើរ​ដល់​មន្ដ្រី ឬ នគរបាល​អនុវត្ដ​ច្បាប់ និង​អង្គភាព​ណា​ដែលមាន​ស្នាដៃ ចំពោះ​ការ​អនុវត្ដ​ករណីយកិច្ច​ប​ង្ក្រា​ប​គ្រឿងញៀន។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បានលើកឡើង​ទៀត​ថា រាល់​មន្ដ្រី​នគរបាល​ណា ដែល​បាន​ប្រព្រឹត្ដ​ល្មើសច្បាប់ និង​អសកម្ម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព ឬក៏​កេងប្រវ័ញ្ច​លុយកាក របស់​ប្រជាពលរដ្ឋ ក្នុង​យុទ្ធនាការ​រឹត​បន្ដឹង​ច្បាប់ ក៏​មិនត្រូវ​លើកលែង​ដាច់ខាត ត្រូវ​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​កំណត់។

ចំពោះ​អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​អះអាងថា រាជរដ្ឋាភិបាល​បានចាត់ទុក​អ្នក​ទាំងនោះ ជា​ជនរងគ្រោះ ដោយ​ជំរុញ​ឲ្យ​ប្រឹងប្រែង​លើក​ទឹក​ចិ​ត្ដ ឲ្យ​ជន​ទាំងនោះ មក​ទទួល​សេវា​បន្សាប​គ្រឿងញៀន តាម​ក្បួន​វេជ្ជសាស្ដ្រ នៅតាម​មណ្ឌល​សុខភាព​នានា​ដែលមាន​ស្តង់ដារ និង​ការទទួលខុសត្រូវ​ខ្ពស់។

ក្នុងនាម​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ ក៏បាន​អំពាវនាវ​ឲ្យ​មាន​ការចូល​រួមសហកា​រ​ផ្ដល់​ព័ត៌មាន ការរិះគន់​ស្ថាបនា ពី​គ្រប់​មជ្ឈដ្ឋា​ន​ទាំងអស់ ដើម្បី​ឲ្យ​ធ្វើការ​ពិនិត្យ​ពិចារណា ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ដើម្បី​លុបបំបាត់​គ្រឿងញៀន។ ក្នុង​នោះ​កម្ពុជា​ក៏បាន​សហការ​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន ទាំង​ក្នុង​តំបន់ និង​សហគម​អន្តរជាតិ​ដើម្បី​ឈានទៅ​លុបបំបាត់​គ្រឿងញៀន៕
មករា

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114