BREAKING NEWS
Search

ក្រុមហ៊ុនអ៊ី-ម៉ាន់នីប្រកាសចាប់ដៃគូជាមួយធនាគារស្ថាបនា ដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ដាក់ប្រាក់និងបង់ប្រាក់កម្ចី

ភ្នំពេញ៖ ក្រុមហ៊ុនអ៊ី-ម៉ាន់នី បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយធនាគារស្ថាបនាដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួលនិងសុវត្ថិភាពក្នុងការផ្ទេរប្រាក់រវាងគណនីធនាគារស្ថាបនានិងអ៊ី-ម៉ាន់នី Wallet តាមរយៈការប្រើប្រាស់ Sathapana Mobile និង eMoney App។

ភាពជាដៃគូនេះក៏បានអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារស្ថាបនាដាក់ប្រាក់ចូលគណនីបន្ថែមពីលើការបង់ប្រាក់កម្ចីនៅតាមភា្នក់ងារអ៊ី-ម៉ាន់នីជាង៨.០០០កន្លែងនៅទូទាំងប្រទេសកម្ពុជា។

លោកលឹមអូន ប្រធាននាយកប្រតិបត្តិនៃធនាគារស្ថាបនា បានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រុមហ៊ុនអ៊ី-ម៉ាន់នីគឺជាសក្ខីកម្ម សម្រាប់បង្ហាញនូវគោលបំណងដែលចង់ក្លាយជាអ្នកឈានមុខគេនៅប្រទេសកម្ពុជាដែលផ្តល់នូវបទពិសោធធនាគារឌីជីថលស្របពេលដែលកំពុងផ្តល់នូវបទពិសោធដ៏ល្អជូនអតិថិជន។’’

លោកលឹមអូនក៏បានសង្កត់ធ្ងន់ថាធនាគារស្ថាបនាកំពុងធ្វើការផ្លាស់ប្តូរប្រតិបត្តិការជាច្រើនបន្ថែមទៀតឲ្យទៅជាដំណើរការឌីជីថលដើម្បីបំពេញការសន្យារបស់យើងជូនអតិថិជនដែលប៉ងក្លាយជាធនាគារដែលផ្តល់ភាពងាយស្រួលនិងសុវត្ថិភាពបំផុតនៅគ្រប់ទីកន្លែងគ្រប់ពេលវេលា។លោកក៏បានបន្ថែមទៀតថាកិច្ចសហការជាមួយក្រុមហ៊ុនអ៊ី-ម៉ាន់នីនឹងធើ្វឲ្យប្រតិបត្តិការមិនប្រើប្រាស់ក្រដាសប្រាក់ (Cashless) កាន់តែមានភាពងាយស្រួលមួយកម្រិតទៀត។

លោក Pham Doan Cuongប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអ៊ី-ម៉ាន់នីបានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិភាពជាដៃគូនេះនឹងផ្តល់ភាពងាយស្រួលជូនទាំងអតិថិជនរបស់អ៊ី-ម៉ាន់នីនិងធនាគារស្ថាបនា។ភ្នាក់ងារអ៊ី-ម៉ាន់នីនឹងក្លាយជាបញ្ជរធនាគារដោយហេតុថាអតិថិជនរបស់ធនាគារស្ថាបនាអាចធ្វើការដាក់ប្រាក់ចូលទៅក្នុងគណនីតាមរយៈភា្នក់ងារអ៊ី-ម៉ាន់នីជាង៨.០០០កន្លែងនៅទូទាំងប្រទេស។”

ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះអតិថិជនអាចធ្វើការផ្ទេរប្រាក់ពី Sathapana Mobile ទៅ eMoney App និងពី eMoney App មក Sathapana Mobile ដោយឥតគិតថ្លៃ។លើសពីនេះអតិថិជនរបស់ធនាគារស្ថាបនាដែលធ្វើការបង់ប្រាក់កម្ចីនៅភ្នាក់ងារអ៊ី-ម៉ាន់នីនឹងទទួលបានការបញ្ចុះតម្លៃ 50% លើថ្លៃសេវា។ប្រូម៉ូសិននេះធ្វើការផ្តល់ជូនចាប់ពីថ្ងៃទី១១ខែឧសភាដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២០។

គួរបញ្ជាក់ថាធនាគារស្ថាបនាជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស១.៧ពាន់លានដុល្លារអាមេរិកនិងមានបុគ្គលិកច្រើនជាង៤.០០០នាក់។ធនាគារយើងខ្ញុំជាធនាគារដែលមានបណ្តាញសាខាច្រើនបំផុតទី២ជាមួយនឹងចំនួនសាខាច្រើនជាង១៧០ទីតាំងនិងអេធីអឹមជាង២២០កន្លែងដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។យើងខ្ញុំផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញរួមមានសេវាឥណទាន, សេវាបញ្ញើ,iBanking, ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ, ប័ណ្ណឥណពន្ធនិងឥណទាន, សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស, Western Union, ហិរញ្ញវត្ថុពាណិជ្ជកម្ម, និងសេវាផ្សេងៗទៀតជាច្រើន។

លើសពីនេះធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជាវីងផាយផេទ្រូម៉ាន់នីលីហួរវេលុយអ៊ី-ម៉ាន់នីនិងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន។

ចំពោះអ៊ី-ម៉ាន់នីជាក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់និងបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមិត្តហ្វូនដែលមានភាគហ៊ុនធំបំផុត៩៩%។ E-MONEY PAYMENT SOLUTIONS PLC.គឺជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុតាមរយៈទូរស័ព្ទឈានមុខគេក្នុងនោះរួមមានសេវាកម្មដូចជាវេរប្រាក់ទូទាត់វិក្កយបត្របញ្ចូលលុយទូរស័ព្ទនិងផ្សេងៗទៀតជាច្រើន។អតិថិជនអាចប្រើប្រាស់សេវាកម្មទាំងនោះបានតាមរយៈeMoney App ឬបណ្តាញភា្នក់ងាររបស់អ៊ី-ម៉ាន់នីជាង៨.០០០កន្លែងនៅទូទាំងប្រទេស៕ អត្ថបទ ក្រុមហ៊ុន