BREAKING NEWS
Search

និស្សិតពិការភ្នែកទាំងសងខាង ដែលជាប់អាហារូបករណ៍ បង្ហើបគន្លឹះរៀនសូត្រ និងរស់នៅប្រចាំថ្ងៃ

ក្នុងនាមជាបេក្ខជនប្រលងយកអាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកពិការភាពទៅប្រទេសអូស្ត្រាលី មិន ចិន្តា បានឲ្យដឹងថា នាងត្រូវប្រលងយកពិន្ទុភាសាអង់គ្លេស (IELTS) យ៉ាងតិច ៦.៥ ដូច្នេះ ចិន្តាត្រូវត្រៀមប្រហែលជាងមួយឆ្នាំ ទំរាំប្រលងជាប់។

និយាយពីការ​សិក្សារបស់នាង ចិន្តា​បាន​រំលឹក​ថា កាល​រៀន​ថ្នាក់​វិទ្យាល័យ ជាមួយអង្គការ​គ្រួសារ​ថ្មី នាងមានភាពងាយស្រួលបន្តិច ដោយបានសិក្សាអក្សរស្ទាប (Braille) ព្រមទាំងមានការសម្រួលជាច្រើនពីលោកគ្រូអ្នកគ្រូ ។ តែបន្ទាប់ពីប្រលងចូលមហាវិទ្យាល័យ នាងត្រូវ​ទៅសិក្សា​ជាមួយ​និស្សិតធម្មតា ហើយ​ត្រូវ​ជួបប្រទះការលំបាក​យ៉ាង​ច្រើន។

«នៅឆ្នាំដំបូង ខ្ញុំត្រូវប្រឹងប្រែង​សម្របខ្លួនខ្លាំង ជាមួយនឹងសិស្ស​ធម្មតា ដែលភាគច្រើន ពួកគាត់ មិនសូវ​យល់​ពី​តម្រូវ​ការ​ជន​ពិការភ្នែកដូចជាខ្ញុំឡើយ តែក៏មានមិត្តរួមថ្នាក់មួយចំនួនបានជួយដែរ ដូចជាប្រាប់ពី​អ្វី​ដែលគ្រូ​កត់លើក្តារខៀន និងជួយថតជាសម្លេងនូវ​ឯកសារ​ដែល​គ្រូ​ចែកឲ្យជាដើម។»

ចិន្តា អាចប្រើកំព្យូទ័រ និងស្មាតហ្វូន បានដោយប្រើកម្មវិធីអានជាសម្លេង (voice command) នូវអ្វីៗដែលបង្ហាញនៅលើអេក្រង់ ដូច្នេះនាងប្រាប់ថា បច្ចេកវិទ្យាពិតជាអាចជួយនាងបានច្រើនក្នុងការ​ស្វែងរកព័ត៌មានផ្សេងៗនៅលើអ៉ីនធឺណែត ក៏ដូចជាហៅរឺម៉ក់ ឬទិញឥវ៉ាន់ជាដើម។

ចំពោះការ​រស់នៅ​ប្រចាំថ្ងៃ ចិន្តាអាចចងចាំ និងដឹងពីអ្វីៗ​ជុំវិញ​ខ្លួននាងតាមរយៈការចំណាំ និងជំហានដើរ ជាពិសេស គឺត្រូវសួរនាំពីអ្នកជុំវិញខ្លួននាង ដែលមិនពិការភ្នែក។

នាងបានបង្ហើបថា «នៅពេលទៅកន្លែងថ្មីៗមិនថាផ្ទះ ឬថ្នាក់រៀនទេ អ្វីដែល​ខ្ញុំ​គួរ​ធ្វើ​មុនគេ គឺសួរ​ពីទីតាំង​នីមួយៗមានអីខ្លះ? បន្ទប់ទឹកនៅឯណា?​ ហើយចំណាំអ្វីគ្រប់យ៉ាងដែលអាចចំណាំបាន។ ឧទាហរណ៍ដូចជាបន្ទប់ជួលក្នុងអីចឹង ខ្ញុំចាំថា នៅច្រកចូលមាន​ដើម​ឈើ ហើយនៅមុខហ្នឹងមានសសរមួយ ដូច្នេះ ខ្ញុំអាចដើរទៅមកដោយ ខ្លួនឯងដោយមិនចាំបាច់​មានអ្នកនាំផ្លូវ។»

សម្រាប់បំណងទៅថ្ងៃអនាគត ក្រោយពេលរៀនចប់ពីប្រទេសអូស្ត្រាលី ចិន្តា មានបំណង​ចង់​ជម្រុញ​ឲ្យ​វិស័យ​ពិការភាពនៅប្រទេសកម្ពុជាកាន់តែទទួលបានការអភិវឌ្ឍន៍​ ជាពិសេសអាច​ជួយ​ដល់​ជនពិការភ្នែកឲ្យ​​ទទួលបាន​ការ​អប់រំ និងឱកាសការងារ​ ដែល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ ប្រទេសផងដែរ៕

អានអត្ថបទ៖ និស្សិត​ពិការ​ភ្នែក​ទាំង​សង​ខាង ប្រលងជាប់អាហារូបករណ៍​ទៅប្រទេស​អូស្ត្រាលី បែរជាត្រូវ​ពន្យា​ពេល​ដោយសារ​កូវីដ ១៩

អានអត្ថបទ៖ គន្លឹះ​ទាំង ៦ ​ក្លាយ​អ្នក​និពន្ធ​ឆ្នើម​​លក់​សៀវភៅ​ដាច់ ​គេ​ស្គាល់​ច្រើន