BREAKING NEWS
Search

ប្រជាពលរដ្ឋ​១៧៨​គ្រួសារ​ ទទួល​អំណោយ​ពី សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប

​កែប ៖ ដោយសារតែ​វិបត្តិ​ជំងឺឆ្លង​សាកល​កូ​វីដ​១៩ បាន​បង្ក​ផល​ប៉ះ​យ៉ាងច្រើន​ដល់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​ប្រជាជន​កម្ពុជា​មួយចំនួន​ក៏​កំពុង​ជួប​ការ​លំបាក​ដោយសារ​វិបត្តិ​នៃ​ជំងឺឆ្លង​ដ៏​សាហាវ​នេះ​ផងដែរ​។

​ជាមួយនេះ ក្រោម​ការ​យកចិត្តទុកដាក់​របស់​កាកបាទក្រហម​កម្ពុជា ដែល​បាន​កំណត់​ឲ្យ​គ្រប់​សាខា អនុសាខា​កាកបាទក្រហម​នៅ​ទូទាំង​ប្រទេស​ផ្តោត​ការ​គិតគូរ​ជានិច្ច​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ទាំងនោះ និង​អន្តរាគមន៍​ជួយ​សម្រួល​ការ​លំបាក​ឲ្យ​បាន​ទាន់​ពេល​វេលា សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ក្រោម​ការដឹកនាំ​របស់​លោក កែន ស​ត្ថា ប្រធាន​សាខា​កាកបាទក្រហម​ខេត្ត ជា​បន្តបន្ទាប់​តែងតែ​នាំ​យក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេស​នៅ​រសៀល​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​នេះ លោក​បាន​ដឹកនាំ​មន្ត្រី​ប្រតិបត្តិ​សាខា អនុសាខា​ស្រុក​ដំណាក់​ចង្អើរ ក្រុមយុវជន និង​អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទក្រហម នាំ​យក​អំណោយ​សង្គ្រោះ ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​១៧៨​គ្រួសារ​បន្ថែមទៀត នៅក្នុង​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ហើយ​អំណោយ​ដែល​ត្រូវ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ទាំង​១៧៨​គ្រួសារ ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម សាប៊ូ ឃី​ត​មួយកញ្ចប់​(​មាន​ខោអាវ​)​និង​ថវិកា​មួយចំនួន​ផងដែរ​។

មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងឱកាស​នោះ លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្តេច​តែង​យកចិត្តទុកដាក់ និង​គិតគូរ​ចំពោះ​សុខទុក្ខ និង​ការលំបាក​របស់​បងប្អូន​នៅ​គ្រប់​ទីកន្លែង ដោយ​គ្មាន​រើសអើង ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ​។

ជា​មួយ​គ្នា​នេះ លោក​អភិបាលខេត្ត​ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​បង្កបង្កើនផល ដាំ​ដំណាំ​រួមផ្សំ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។ ក្រៅពីនោះ លោក​ក៏បាន​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បើ​ទោះ​ជា​ក្នុង​ប្រទេស​របស់​យើង​បាន​ព្យាបាល​ជាសះស្បើយ​អស់​ទៅ​ហើយ​ក្តី តែ​ជំងឺ​នេះ​អាច​នឹង​ឆ្លង​ចូល​សហគមន៍​យើង​វិញ​គ្រប់ពេលវេលា បើសិនជា​យើង​ខ្វះ​ការប្រុងប្រយ័ត្ន​។ ដូច្នេះ​បងប្អូន​ត្រូវតែ​ចេះ​រក្សា​អនាម័យ រស់នៅ​ស្អាត បរិភោគ​ស្អាត និង​បន្ត​ចូលរួម​បង្ការ ទប់ស្កាត់ កុំ​ឲ្យ​មានការ​ចម្លងជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិ​បាល​៕
សេង ណា​រិ​ទ្ធ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114