BREAKING NEWS
Search

រដ្ឋមន្ត្រី​សុខាភិបាល​លើកទឹកចិត្ត​ដល់​ម្ចាស់​រថយន្តឈ្នួល​អនុវត្ត​រក្សា​គម្លាត​បុគ្គល​ជាប្រចាំ​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩

ភ្នំពេញ​ ៖ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​ដល់​ម្ចាស់​រថយន្តឈ្នួល​ត្រូវ​អនុវត្ត​រក្សា​គម្លាត​បុគ្គល​ជាប្រចាំ ត្រូវ​បើក​បង្អួច​ឲ្យ​មាន​ខ្យល់​ចេញចូល​ដើម្បី​បង្ការ​ការទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។

ការ​លើក​ទឹកចិត្ត​រប​ស់​លោក រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​មាន​សភាព​កកស្ទះ​រាល់ថ្ងៃ​បន្ទាប់ពី​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​ជាសះស្បើយ​និង​មិនមាន​ករណី​ឆ្លង​ជំងឺ​នេះ​ថ្មី​រួចមក​។

ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ជួរមុខ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​កាលពី​ព្រឹក​ថ្ងៃទី​២០​ ខែឧសភា ​ឆ្នាំ​២០២០ លោក​សាស្ត្រាចារ្យ​ម៉ម​ ប៊ុនហេង ​បាន​មានប្រសាសន៍ថា «ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​រថយន្ត​ឈ្នួល​បើកទ្វារ​កញ្ចក់​ឲ្យ​មាន​ខ្យល់​ចេញចូល​ត្រូវ​ពាក់​ម៉ាស់​និង​រក្សា​គម្លាត​អង្គុយ​ដើម្បី​ការពារ​ជំងឺ​ផ្តាសាយ​ ឬ​ ជំងឺ​កូ​វីដ​១៩​ ដោយសារ​ឡាន​ឈ្នួល​មាន​មនុស្ស​ជិះ​ច្រើន​»​។

លោក រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ចំពោះ​ឡាន​ជិះ​លក្ខណៈ​ក្រុមគ្រួសារ​វិញ​មិនសូវ​ជា​ចោទ​បញ្ហា​នោះ​ទេ​ដោយសារ​ពួកគាត់​រស់នៅ​ជុំគ្នា​រាល់ថ្ងៃ​ហើយ​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​បើ​ទោះបី​ជា​កម្ពុជា​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ជាសះស្បើយ​១០០​ភាគរយ​និង​មិន​មាន​ឆ្លង​ករណី​ថ្មី​ជាង​១​ខែ​ក៏ដោយ​ ក៏​មិន​មានន័យថា​ កម្ពុជា​បាន​រួច​ផុតពី​ជំងឺ​កូ​វីដ​១៩​នោះទេ​ ពោល​គឺ​កម្ពុជា​នៅតែ​ប្រឈម​គ្រប់ពេលវេលា​ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស​ព្រោះថា​ប្រទេស​នៅក្បែរ​ខាង​និង​សាកលលោក​នៅតែ​បន្ត​ការ​រាតត្បាត​ជំងឺ​នេះ​នៅឡើយ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​ក្រសួង​ធ្លាប់​បានចេញ​សេចក្តី​ណែនាំ​ដល់​ម្ចាស់​រថយន្តឈ្នួល​រួចហើយ​ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

​គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​០៥ ​ខែមេសា​ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល បានចេញ​សេចក្តី​ណែនាំ​មួយ​ស្តីពី​វិធានការ​ការពារ​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩​ ដល់​ម្ចាស់​រថយន្ត​ដោយបាន​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ត្រូវ​លាង​សម្អាត​រថយន្ត​ឲ្យ​ស្អាត​ដោយ​ទឹកសាប៊ូ ឬ​អាល់កុល តាម​ធ្នាក់​កៅអី ត្រូវមាន​ទឹក​អាល់កុល​សម្រាប់​អ្នកដំណើរ មុន​ពេល​ឡើង​ជិះ​រថយន្ត ត្រូវ​បើក​បង្អួច​រថយន្ត ជំនួស​ឲ្យ​ការបើក​ម៉ាស៊ីនត្រជាក់​។ ទាំង​អ្នកបើកបរ និង​អ្នកដំណើរ​ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​អនាម័យ​ជានិច្ច។

ជា​មួយ​គ្នា​នេះ​ដែរ ​ម្ចាស់​រថយន្ត និង​អ្នក​ធ្វើដំណើរ​តាម​មធ្យោបាយ​រួម​លើស​ពី​១០​នាក់ ត្រូវ​លើកទឹកចិត្ត​ឲ្យ​ពាក់​ម៉ាស់ ឬ​ក្រមា​ខ្ទប់មាត់ ច្រមុះ ជៀសវាង​ការ​ចម្លង​ជាយថាហេតុ​នៃ​វីរុស​ផ្ដាសាយ​ផ្សេងៗ ពិសេស​ជំងឺ​កូ​វីដ​១៩៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114