BREAKING NEWS
Search

រដ្ឋមន្ត្រី ក្រសួងកសិកម្ម៖ កម្ពុជា​មាន​តម្រូវការ​បន្លែ ប្រមាណ​៥៧៣​តោន​ក្នុង​១​ថ្ងៃ ខណៈ​កសិករ​ខ្មែរ​ផលិត ​បាន​ប្រមាណ​៤០០​តោន​

​ភ្នំពេញ​ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​២១​ឧសភា នេះ​បាន​បង្ហាញ​ពី​តួលេខ នៃ​ការផលិត​និង​នាំចូល​បន្លែ សម្រាប់​ផ្គត់ផ្គង់​នៅ​កម្ពុជា ក្នុង​មួយថ្ងៃប្រមាណ ៥៧៣​តោន ក្នុងកសិករ​កម្ពុជា​អាច​ផលិត​បាន ​ប្រមាណ​៤០០​តោន ខ្វះ​ប៉ុន្មាន​ គឺនាំចូល​ពី​ក្រៅ​មក​ទាំងអស់។​

លោក​រដ្ឋមន្ត្រី​កសិកម្ម​ បាន​ឲ្យ​ដឹង តាម​រយៈ​តួលេខ របស់ អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​បញ្ជាក់​ថា ជា​រៀងរាល់​ថ្ងៃនេះ កម្ពុជា​មាន​តម្រូវការ​បន្ថែម ចំនួន​ប្រមាណ​៥៧៣​តោន​ក្នុង​១​ថ្ងៃ ដែល​ចំនួន​នេះ កសិករ​កម្ពុជា​អាច​ផលិត​បាន​ប្រមាណ​៤០០​តោន និង​សល់​ពី​នេះ​នាំចូល​១៧០​តោន ពី​ប្រទេស​វៀតណាម ថៃ និង​ចិន​។

ជុំវិញ​បញ្ហា ខាងលើ ដើម្បី ជៀសវាង​ការ​ភ័ន្តច្រឡំ នឹង​ឈាន​ទៅ​ដល់​ការសម្រេចចិត្ត ឬ​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ណាមួយ​មក​លើ ​ក្រសួងកសិកម្ម នៅ​ថ្ងៃ​ទី​២១​ ឧសភា ​រដ្ឋមន្ត្រី​កសិកម្ម បាន​រំលឹក​ជូន​សាធារណជន​ឲ្យ​បាន​ជ្រាប​ឡើងវិញ នូវ​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លងមក ដូច​ខាង​ក្រោម​៖

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បាន​ជំរុញ​ដល់​កសិករ​កម្ពុជា បង្កើន​ការផលិត​បន្លែ​គ្មាន​ជាតិគីមី ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក កាត់បន្ថយ​ការ​នាំចូល​បន្លែ​គីមី​នាំចូល​ពី​បរទេស និង​ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​ ដែល​មក​ស្នាក់នៅ និង​កម្សាន្ត​នៅ​កម្ពុជា​។​

​ការ​ថ្លែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន យ៉ាង​ដូច្នេះ​ធ្វើឡើង ក្នុង​ឱកាស​សម្តេច​អញ្ជើញ​ប្រគល់​សញ្ញាប័ត្រ​ដល់​គរុសិស្ស គរុ​និស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ​២០១៨-២០១៩ សរុបចំនួន ១ ៩៧៧​នាក់ នារីចំនួន ៨១៥​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ត្រូវ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង ដាំ​ដុះ​នូវ​បន្លែបង្ការ​ដែល​គ្មាន​ប្រើប្រាស់​សារធាតុ​គីមី ហើយ​កាត់បន្ថយ​ការ​នាំ​ចូលពី​ប្រទេសក្រៅ​ ដែល​មាន​ការប្រើប្រាស់​ជាតិគីមី ជា​វិធាន​ការដែល​យើង​ត្រូវ​ប្រកាន់​យក ជំរុញ​ការ​ដាំ​ដុះ​ក្នុងស្រុក ហើយ​ជំរុញ​ចូល​ទីផ្សារ ដែល​ទីផ្សារ​របស់​យើង​មិន​សំដៅ​តែ​នាំ​ចេញទៅ​ក្រៅ​ទេ សព្វ​ថ្ងៃ​នេះ​ទេសចរ​របស់​យើង​ប្រើប្រាស់ ផ្គត់ផ្គង់​មកពី​ខាងក្រៅ រាប់ទាំង​បន្លែបង្ការ​។ យើង​ត្រូវ​ពង្រឹង​សមត្ថភាព​ដាំ​ដុះ​របស់​កសិករ​យើង ទាំង​ការ​ចិញ្ចឹម​សត្វ ចិញ្ចឹម​ត្រី ដើម្បី​ផ្គត់ផ្គង់​តាម​សណ្ឋាគារ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ការនាំចេញ​នៅ​កន្លែង ដោយ​មិន​ចំណុះ​ទៅលើ​ទីផ្សារ​ខាងក្រៅ​ទេ​។​»​

​ពាក់ព័ន្ធ​វិស័យ​កសិកម្ម​បម្រើ​ដល់​វិស័យ​ទេសចរណ៍ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​ទទួល​បានតែ​សំបក​ទេសចរណ៍ ដោយសារតែ​ផលិតផល​ដែល​សម្រាប់​ផ្គត់ផ្គង់​ជូន​ភ្ញៀវ​ទេសចរ កម្ពុជា​ ត្រូវ​នាំចូល​ពី​បរទេស ដូច្នេះ​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​តម្លៃ​យ៉ាង​ច្រើន៕​
​អត្ថបទ៖ ឌួង​វិ​រះ​ជ័យ
សូមចុចអាន៖ ម៉ូតូ​២គ្រឿង​ព្រលះ​គ្នា​ទាំង​ព្រឹក រង​របួស​ធ្ងន់ ​ស្រាល​ទាំងសងខាង