BREAKING NEWS
Search

ក្រុមប្រឹក្សាភិបាល​ នៃ​មូលនិធិ​ជនពិការ ​បាន​យក​ថវិកា​សប្បុរសធម៌​មក​សង់ផ្ទះ​ជូន​ជន​ពិការ​ដែល​ក្រីក្រ​បំផុត​

ស្វាយរៀង ៖ ដោយ​ពិនិត្យ​ឃើញ​ថា លោក ខ្វាន់ សារឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជន​ពិការ​ជើង​ទាំងពីរ កំពុងតែ​ជួប​ទុរភិក្ស​ទីទាល់​ក្រីក្រ​លំបាក​បំផុត ​រួម​នឹង​ការ​អះអាង​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​រួចមក​ មូលនិធិ​ជនពិការ​បានធ្វើ​ពិធី​ប្រគល់​ផ្ទះ​ថ្មី​១​ខ្នង ទំហំ​៤x៦​ម៉ែត្រ ធ្វើ​អំពី​ថ្ម​ប្រក់​ស័ង្កសី ជូន​លោក ខ្វាន់ សារឿន កាលពី​ព្រឹក​ថ្ងៃទី​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០​។​

ពិធី​ផ្ទះ​ជូន ​លោក​ខ្វាន់ សារឿន​ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជនពិការ​ជើង​ទាំងពីរ ធ្វើ​នៅ​មូលដ្ឋាន​ផ្ទាល់​តែម្ដង​ ដែល​បច្ចុប្បន្ន​រស់នៅ​ភូមិ​សង្គ្រោះ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ក្រោម​វត្តមាន​លោក​សៅ ឡែ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល​ នៃ​មូលនិធិ​ជន​ពិការ ដោយមាន​ការចូលរួម​ពី​នាយក​មូលនិធិ​ជន​ពិការ ថ្នាក់ដឹកនាំ​មូលនិធិ​ជន​ពិការ លោកស្រី​អភិបាលរង​ខេត្ត​ស្វាយរៀង ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​ខេត្ត ក្រុមប្រឹក្សា​ស្រុក​ស្វាយទាប លោក​អភិបាល​រង​ស្រុក​ស្វាយទាប ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​សំបួរ ក្រុម​ប្រឹក្សា​ឃុំ​សំបួរ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង​។​

លោក​ សៅ ឡែ​ន​ បាន​បញ្ជាក់​ថា ការ​ផ្ដល់​ជូន​ផ្ទះ​ថ្មី​មួយ​ខ្នង​ជូន​ជន​ពិការ​ខាងលើ គឺ​បន្ទាប់ពី​មានការ​ពិនិត្យ និង​វាយតម្លៃ​របស់​គណៈកម្មកា​រ​ត្រួតពិនិត្យ និង​វាយតម្លៃ​ការសាងសង់​ផ្ទះ​ជូន​ជន​ពិការ​ក្រីក្រ​តាម​សហគមន៍​របស់​មូលនិធិ​ជនពិការ។ ដែល​ក្នុងនោះ​លោក ហ៊ុត ពន្លឺ ប្រធាន​គណៈកម្មការ​បា​ន​ចុះ​ពិនិត្យ និង​វាយតម្លៃ​ផ្ទាល់ បន្ទាប់ពី​មានការ​ស្នើសុំ​ពី​សាខា​មូលនិធិ​ជន​ពិការ​ខេត្ត មានការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​តាម​ការវាយតម្លៃ​ ជនពិការ​រូបនេះ ពិតជា​ជនពិការ​ក្រីក្រ​មានផ្ទះ​ខ្ទម​ចាស់​ទ្រុឌ​ទ្រោម ពុំមាន​មុខរបរ​ច្បាស់លាស់ ​ពឹង​ផ្អែក​ទៅ​លើ​ចំណូល​របស់​ប្រពន្ធ និង​កូន​មែន។​

​លោក សៅ ឡែ​ន បាន​បញ្ជាក់​បន្ថែម​ថា​ ផ្ទះមួយ​ខ្នង​នេះ​ចំណាយ​អស់​ថវិកា ១៦ ០០៨ ០០០ ​រៀល ដែល​ជា​ថវិកា​បាន​មកពី​អំណោយ​សប្បុរសធម៌​ដែល​សប្បុរសជន​បាន​បរិច្ចាគ​ចូល​ហិប​ប្រាក់​វិភាគ​ទាន​សប្បុរសធម៌​មូលនិធិ​ជនពិការ។ ដែល​ហិប​នេះ​បាន​ដាក់​នៅ​តាម​វត្ត​អារាម កន្លែង​ទេសចរណ៍ ក្រុម​ហ៊ុន រោងចក្រ ធនាគារ សណ្ឋាគារ ជាដើម​។

កន្លងមក​ មូលនិធិ​ជនពិការ​ បាន​ប្រគល់​ផ្ទះ​ជូន​ទៅ​ជន​ពិការ​ក្រីក្រ​នៅ​ខេត្ត​បាត់ដំបង ខេត្ត​តាកែវ និង​ខេត្ត​សៀមរាប។ នេះ​ជា​ផ្ទះ​ទី​៤ ហើយ​មូលនិធិ​ជនពិការ​ នឹង​ផ្ដល់ជូន​បន្ដ​នៅ​ខេត្ត​ផ្សេងៗ​ទៀត ដែល​ខេត្ត​ខ្លះ​សាងសង់​រួច​៩០% និង​ខេត្ត​ខ្លះ ​បាន​សាងសង់​រួច​ជា​ស្ថាពរ​។​

លោក​ប្រធាន​មូលនិធិ​ជន​ពិការ​បាន​គូសបញ្ជាក់ថា ការ​ផ្ដល់​ផ្ទះ​នេះ​ មូលនិធិ​ជនពិការ​ បាន​ប្រជុំ​ជា​ច្រើនលើកច្រើនសា លើ​ការកំណត់​លក្ខណៈសម្បត្តិ​របស់​ជនពិការ​ក្រីក្រ​ដែល​ត្រូវ​បាន​សាងសង់​ផ្ទះ​ជូន ក្នុង​ការចុះពិនិត្យ និង​វាយតម្លៃ​ជនពិការ​ក្រីក្រ​តាម​សហគមន៍​។ កន្លងមកនេះ ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ភារកិច្ច​ជាច្រើន​ សំដៅ​លើ​ការ​លើក​កម្ពស់​សុខុមាល​ភាព​របស់​ជនពិការ តាមរយៈ​ការ​ផ្តល់សេវា​ស្តារ​លទ្ធភាព​ពលកម្ម​ដោយ​ឥតគិតថ្លៃ ការ​ផ្តល់​របប​គោលនយោបាយ​ពិនិត្យ​ថែទាំ​សុខភាព​ជូន​ជន​ពិការ​ក្រីក្រ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការ​ជំរុញ​ឲ្យ​ទទួល​បានការ​ងារ​ធ្វើ ការ​សម្របសម្រួល​សម​ស្រប​សម្រាប់​ជន​ពិការ និង​ការ​ដាក់បញ្ចូល​ជនពិការ​ទៅក្នុង​សកម្មភាព​សង្គម​។ ថ្មីៗ​នេះ ក្រសួង ក៏បាន​នាំ​យក​សម្ភារៈ​អនាម័យ​សម្រាប់​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​អង្គភាព​ដែល​ពាក់ព័ន្ធ និង​អង្គភាព​ដែល​បម្រើ​សេវាកម្ម​ដល់​ជន​ពិការ​។

ឯកឧត្ដម​ បាន​កោតសរសើរ​ដល់​មូលនិធិ​ជនពិការ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​នូវ​វិធានការណ៍​ជា​ច្រើន​ដូចជា វិធានការណ៍​រក្សា​គំលាត ការ​ថែរក្សា​អនាម័យ ការប្រើប្រាស់​ឧបករណ៍​ការពារ​សុវត្ថិភាព និង​ផ្ទាំង​អប់រំ​នានា សំដៅ​ឲ្យ​ជនពិការ​ទទួល​បាន​នូវ​ការ​ស្តារ​លទ្ធភាព​ពលកម្ម​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​៕
អត្ថបទ ៖ វិមាន​

សូមចុចអាន ៖ លោកយាយ​ពិការ​អាយុ​៩៦​ឆ្នាំ ​ទទួល​អំណោយ​ពី​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ជា​លើក​ទី​៣




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114