BREAKING NEWS
Search

ក្រសួង​អប់រំ​សហការ​ជាមួយ​អង្គការ​ដៃគូ​ ផលិត​ខ្សែ​វីដេអូ​ជីវចល​ បញ្ជ្រាប​យល់ដឹង​វិធី​ការពារ​ខ្លួន​ពី​វីរុស​កូ​វីដ​១៩​ដល់​កុមារ

ភ្នំពេញ​ ៖​ ក្រសួង​អប់រំ យុវជន​និង​កីឡា សហការ​ជាមួយ​អង្គការ​យូ​នី​សេ​ហ្វ​និង​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID) តាមរយៈ អង្គការ Save the Children បានរួម​គ្នា​ផលិត​ខ្សែ​វីដេអូ​ជីវចល​មួយ ក្នុង​គោល​បំ​ណង​ដើម្បី​ផ្តល់​ជំនាញ​ពេញ​មួយ​ជីវិត​ដល់​កុមារ និង​អ្នក​ថែទាំ អំពី​វិធី​ការពារ​ខ្លួន​ពី​វីរុស​កូ​វីដ​១៩ ក៏ដូចជា​វិធី​ទប់ទល់​ជាមួយ​រោគរាតត្បាត និង​បញ្ឈប់​ការ​រាតត្បាត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

វីដេអូ​ជី​វច​ល​ភាគ​ថ្មី ឈ្មោះថា “​គ្រួសារ​រីករាយ​” ជា​ខ្សែ​វីដេអូ​ជី​វច​ល​ភាគ នឹង​ចាក់ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍​មួយចំនួន​រយៈពេល​មួយខែ​ពេញ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ចាប់ពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០​នេះ​ទៅ​។

ខ្សែ​វីដេអូ​ភាគ​ដែលមាន​លក្ខណៈ​សប្បាយ​ក្នុងន័យ​អប់រំ​នេះ ផលិតឡើង​សម្រាប់​កុមារ​ដែលមាន​អាយុ​ចាប់ពី​៥ ដល់​១០​ឆ្នាំ ហើយ​មានគ្រួសារ​ទន្សាយ​ជា​តួអង្គ។

ដំណើររឿង និង​សារ មានដូចជា​ការលាង​ដៃ ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម ស្វ័យ​សិក្សា​នៅផ្ទះ សុខមាលភាព​ផ្លូវចិត្ត​និង​ផ្លូវកាយ និង​ការរើសអើង​។ វគ្គ​នីមួយៗ គឺមាន​លក្ខណៈ​ប្លែកៗ​ពីគ្នា និង​ទាក់ទាញ​សម្រាប់​ឪពុកម្តាយ និ​អ្នក​ថែទាំ​កុមារ​ផ្សេងទៀត ដែល​នឹង​រៀន​ជាមួយ​កូនៗ​ផងដែរ ពី​វិធី​អនុវត្ត​វិធានការណ៍​ការពារ​ពី​ជំងឺ​កូ​វីដ​១៩​។

លោកស្រី គ្រី​ស្ទៀ​ន ម៉ុ​ន​ឌ័​រ​តេ (Cristian Munduate) នាយិការ​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា​« យើង​ដឹងថា​នៅពេល​មាន​វិបត្តិ​កុមារ​ទទួលរង​គ្រោះ​ខ្លាំង​បំផុត​បាននឹងកំពុង​ធ្វើការ​​ជាមួយ​ដៃគូ​ដើម្បី​ធានា​ថា ​កុមារ​អាច​ទទួលបាន​ព័ត៌មាន​ដែល​មាន​លក្ខណៈ​កុមារ​មេត្រី​និង​បញ្ចូល​គ្នា​ពី​វិធី​ការពារ​ខ្លួន​ពី​ការដឹង​ពី​របៀប​លាងដៃ​ដែល​ត្រឹមត្រូវ​ឬ​រក្សា​ចម្ងាយ​ពីគ្នា​អាច​ជួយ​ជីវិត​ពួកគេ​បាន​នៅពេល​សាលា​នឹង​ព្រឹត្តិការណ៍​សាធារណៈ​មិន​ដំណើរការ​យើង​សង្ឃឹមថា​តាមរយៈ​ទូរទស្សន៍​និង​បុត្រ​បណ្ដាញ​ព័ត៌មាន​សង្គម​យើង​អាច​ផ្ដល់​ដល់​គ្រួសារ​នៅក្នុង​ប្រទេស​នូវ​ចំណេះដឹង​ដែល​ជួយ​ឲ្យ​ពួកគេ​មាន​សុខភាព​ល្អ​និង​សុវត្ថិភាព​»​។

បើ​តាម​ការ​ពន្យល់​របស់​លោក​ស្រី អេ​លីហ្សា​ប៊ែ​ត ភៀស (Elizabeth Pearce) នាយិកា​អង្គការ Save the Children ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា ​«​ភាពស៊ាំ​របស់​កុមារ​ទៅនឹង​ជំងឺ​កូ​វីដ​១៩ មិនទាន់​រឹងមាំ​ទេ​ហើយ​កុមារ​អាច​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការ​ជួយ​កាត់បន្ថយ​ការឆ្លង​រាលដាល​មិន​ត្រឹមតែ​ក្នុងចំណោម​ពួកវា​ទេ​ប៉ុន្តែ​ផ្ដល់ព័ត៌មាន​ដល់​ពួកគេ​ឪពុកម្ដាយ​និង​កុមារ​តូច​ផងដែរ​ជាទូទៅ​ការឆ្លង​ជំងឺ​នេះ​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​ក្នុងចំណោម​កុមារ​ដែល​មិនបាន​យល់ដឹង​ពី​ការ​អនាម័យ​ខ្លួនប្រាណ​យើង​មិនសូវមាន​ព័ត៌មាន​ដែល​អាច​ជឿជាក់​និង​ដែលមាន​លក្ខណៈ​កុមារ​មេត្រី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ សម្រាប់​កុមារ​អាយុ​ពី​៥ ទៅ​១០​ឆ្នាំ​និង​មិនសូវមាន​លំហូរ​ព័ត៌មាន​ពី​ការ​ការពារ​ពី​ជំងឺ​កូ​វីដ​១៩​ដល់​ក្រុម​ដែល​ងាយ​រងគ្រោះ​ដូចជា​លោកតា​លោកយាយ​ពិសេស​លោកយាយ​និង​មីង​ដែលជា​អ្នកមើល​ថែទាំ​កុមារ​ផ្ទាល់​ដោយសារ​សាលា​ត្រូវ​ផ្អាក​ការ​សិក្សាការ​។

វិធាន​ការដែល​សាមញ្ញ​និង​ព័ត៌មាន​ដែល​សមស្រប​នឹង​អាយុ​កុមារ​អាចជួយ​ការពារ​កុមារ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ បាន​»៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114