BREAKING NEWS
Search

ក្រសួងរៀបចំដែនដីទទួលបានសម្ភារពេទ្យសម្រាប់ការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ទទួលបានសម្ភារពេទ្យមួយចំនួនដូចជាម៉ាស់មុខ ១០.០០០បន្ទះ ជែលលាងដៃ ១.០០០ ដបនិងទឹកអាល់កុលលាងដៃ១៨០លីត្រសម្រាប់ការពារជំងឺកូវីដ-១៩ ពីណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ។

លោក សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលដែលបានទទួលសម្ភារការពារមេរោគកូវីដ-១៩ ពីណាហ្គាវើលដ៍បេះដូងសប្បុរសតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់បានឲ្យដឹងថា«ណាហ្គាវើលដ៍បានបង្ហាញនូវគំនិតផ្តួចផ្តើម និងទំនួលខុសត្រូវដ៏មានសារសំខាន់ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបមេរោគកូវីដ-១៩ ហើយយើងសូមប្រគល់លិខិតថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ចំពោះការឧបត្ថម្ភដ៏មានអត្ថន័យនេះ។ សម្ភារទាំងនេះ នឹងជួយការពារសុខភាព និងសុវត្ថិភាពដល់មន្ត្រី និងប្រជាជននៅក្នុងសហគមន៍ជាច្រើននៅក្នុងគ្រាដ៏លំបាកនេះ»។

ចំណែកលោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បាននិយាយថា«ក្នុងពេលមានវិបត្តិសុខភាពសកល ដូចជា មេរោគកូវីដ-១៩ នេះ វិស័យឯកជន និងវិស័យសាធារណៈត្រូវចូលរួមឲ្យបានលឿន និងជួយគ្នាទៅវិញទៅមកតាមដែលអាចធ្វើទៅបាន។ យើងជឿថា ក្រុមហ៊ុនត្រូវតែក្រោកឈរឡើង និងឆ្លើយតបទៅតាមការអំពាវនាវឲ្យបានទាន់ពេលវេលា។ ការឧបត្ថម្ភរបស់យើងដល់ក្រសួង គឺជាការឧបត្ថម្ភមួយក្នុងចំណោមការឧបត្ថម្ភជាច្រើនដែលណាហ្គាវើលដ៍បេះដូងសប្បុរសបានធ្វើក្នុងពេលថ្មីៗនេះ ហើយយើងនឹងឧបត្ថម្ភដល់សហគមន៍ដែលយើងកំពុងបម្រើជាបន្តទៀត»។

លោក Chen បានបន្ថែមថា «យើងមានសេចក្តីសោមនស្សរីករាយដែលសម្ភារការពារទាំងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីរក្សាសុវត្ថិភាពប្រជាជនពីមេរោគកូវីដ-១៩ ជាពិសេសអ្នកដែលប្រឈមនឹងហានិភ័យបំផុត និងជួយទប់ស្កាត់ការរាលដាលដល់សហគមន៍របស់យើង»។

សូមបញ្ជាក់ផងដែរថា មុនពេលឧបត្ថម្ភសម្ភារការពារមេរោគកូវីដ-១៩ ដល់ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ណាហ្គាវើលដ៍បេះដូងសប្បុរសក៏បានឧបត្ថម្ភដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សាលារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរដែលសរុបមាន ម៉ាស់មុខ ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុលលាងដៃ ៧២០ លីត្រដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថាចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ណាហ្គាវើលដ៍ បាន និងកំពុងធ្វើសកម្មភាពសង្គមប្រកបដោយទឹកចិត្តសប្បុរស និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ក្នុងខែមីនា ឆ្នាំ ២០១៤ ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិ កណា ហ្គាវើលដ៍ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាទាំងមូលដោយផ្តោតទៅលើសសរស្តម្ភ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ២៣០.០០០ នាក់បានទទួលផលប្រយោជន៍ពីកម្មវិធីទាំងនេះ៕

អត្ថបទ៖ សំអឿន

ចុចអាន៖ ក្រសួងសុខាភិបាល​ព្រមាន​​គណនី​ហ្វេ​ស​ប៊ុ​កដែលផ្សាយ​លក់​ឱសថ​ជំនួយ​ផ្លូវ​ភេទ