BREAKING NEWS
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អនុវត្ត​នូវ​វិធានការ​៣​ចំណុច ចំពោះ​អ្នក​មិន​បង់ថ្លៃ​សេវា​ប្រមូល​សំរាមក្នុង​ដំណាក់កាល​នេះ

ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អនុវត្ត​នូវ​វិធានការ​ចំនួន​៣​ចំណុច ចំពោះ​អ្នក​មិនបាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ ក្នុង​ដំណាក់កាល​អន្តរកាល​នេះ ដោយ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ នឹង ​បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ការ​កត់ត្រា​ជា​បំណុល​ឲ្យ​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​បិទ​អាជីវកម្ម ​ឬ ​សេវាកម្ម​ជា​បណ្ដោះអាសន្ន​និង ការអនុវត្ត​វិធានការ​ផ្សេងៗ​ទៀត​ទៅតាម​ការចាំបាច់​។

នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការជំរុញ​ការ បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ ក្នុង​ដំណាក់កាល​អន្តរកាល របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ដែល​អ្នក​ព័ត៌មាន​យើង​ទទួលបាន​នៅ​ល្ងាច​ថ្ងៃទី​២៥ ឧសភា​នេះ ដែល​ក្នុង​សេចក្តី​ជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​អាជីវកម្ម​សេវាកម្ម​និង​ស្ថាប័នឯកជន​ទាំងអស់​ដែល​ប្រើប្រាស់​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ជ្រាប​ថា ក្រោយពី​បាន​ចាប់​ផ្ដើម​អនុវត្ត​ទទួល​ការ​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ដំណាក់​កាល​អន្តរកាល តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​រហូត​មក​ដល់ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​រួចហើយ ប៉ុន្តែ​នៅ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​នេះ​នៅឡើយ​ទេ​។

អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពុំ​ទាន់​បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​សូម​រួសរាន់​មក​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​ឱ្យបាន​ទាន់ពេលវេលា។ បើ​ពុំ​ដូច្នេះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អនុវត្ត​នូវ​វិធានការ​មួយចំនួន​ដូចខាងក្រោម ៖
១ បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​និង​សំណល់​រឹង​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​។

២ កត់ត្រា​ជា​បំណុល​ឲ្យ​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​បិទ​អាជីវកម្ម​ឬ​សេវាកម្ម​ជា​បណ្ដោះអាសន្ន។
៣ អនុវត្ត​វិធានការ​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​។

ទទួល​បាន​សេចក្តីជូនដំណឹង​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​អាជីវកម្ម​សេវាកម្ម​និង​ស្ថាប័នឯកជន​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​មេត្តា​ជ្រាប​និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​៕
ស្រីរ័ត្ន

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114