BREAKING NEWS
Search

ធនាគារជាតិ​នៃ​ក​ម្ពុជា​ក៏​ទទួលផល​ប៉ះពាល់​សេដ្ឋកិច្ច ធនាគារ​និង​ហិរញ្ញវត្ថុ​ដូច​បរទេស​ដែរ ​ពី​ការ​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីត​១៩

បន្ទាយមានជ័យ ៖ ធនាគារជាតិ​នៃ​ក​ម្ពុជា​ និង ​សមាគម​ធនាគារ​ថា កម្ពុជា​ក៏​ទទួលផល​ប៉ះពាល់​សេដ្ឋកិច្ច ធនាគារ​និង​ហិរញ្ញវត្ថុ​ដូច​បរទេស​ដែរ ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ ព្រោះ​វិស័យ​ទាំងនេះ​របស់​កម្ពុជា ​និង ប្រទេស​នានា វា​មាន​ទំនាក់ទំនង​គ្នា​នេះ​ជា​ការ​លើកឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្រោម​ប្រធានបទ ’’​កិច្ច​គាំពារ​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ក្នុង​ស្ថានភាព​នៃ​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩’’ ក្រោម​អធិបតីភាព លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​មានការ​ចូលរួម​ពី​អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា អភិបាលខេត្ត​បន្ទាយមានជ័យ ប្រធាន អនុ​សមាគម​ធនាគារ​នៅ​កម្ពុជា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​និង​មន្ត្រី​ថ្នាក់ដឹកនាំ​អាជ្ញាធរ សមត្ថកិច្ច កងកម្លាំង និង​តំណាង​ស្ថាប័នឯកជន​ខាង​ធនាគារ មីក្រូហិរញ្ញវត្ថុ​ដែល​ធ្វើ​លើកដំបូង​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០។

លោក​ជា ចាន់តូ ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុ​ជា​មាន​ប្រវត្តិ​ជូរចត់ តែ​ជោគជ័យ​និង​រុងរឿង​ខ្លាំង​មកទល់​បច្ចុប្បន្ន ប៉ុន្តែ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​សំខាន់​មួយចំនួន​ដូចជា​បញ្ហា​អត្រា​ការប្រាក់​នៅ​មាន​កម្រិត​ខ្ពស់ បំណុល​លើសលប់ ការ​ផ្តល់ប្រាក់​កម្ចី​ដោយ​គ្មាន​ការ​អនុញ្ញាត ​និង ​ការ​ផ្សព្វផ្សាយ​ព័​ត៌មាន​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​តថភាព​បច្ចុប្បន្ន​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​និង​មាន​ចេតនា​បំពុលសង្គម ហើយ​មាន​ចេតនា​កេងចំណេញ​ប្រយោជន៍​ផ្ទាល់ខ្លួន​ទាំង​ផលប្រយោជន៍​ហិរញ្ញវត្ថុ​និង​ទាំង​នយោបាយ។

លោក​ជា ចាន់តូ បាន​បន្ត​ថា ជន​មាន​ឱកាសនិយម​មួយចំនួន​បាន​យក​វិស័យនេះ​ជា​ឧបករណ៍​ដើម្បី​កេងចំណេញ ហើយ​បន្ត​រិះគន់​ថា ​វិស័យនេះ​ជា​អន្ទាក់​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​កាន់តែ​ជំពាក់​បំណុល​លើសលប់​បន្ថែម​ទៀត ដោយ​ម្ចាស់បំណុល​កំពុង​កេងប្រវ័ញ្ច​កូនបំណុល ប៉ុន្តែ​ជាក់ស្តែង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក៏ដូចជា​សម្រាល​បន្ទុក​អតិថិជន​ខ្ចីប្រាក់ ជាពិសេស​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ចំពោះ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែល​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​ខ្លួន​រួមមាន​ការកំណត់​អត្រា​ការប្រាក់​ឥណទាន​និង​វិធីសាស្ត្រ​គណនា​អត្រា​ការប្រាក់ ការរៀបចំ​ឥណទាន​ឡើងវិញ​ក្នុងអំឡុងពេល​នៃ​ការប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីត​១៩ ការស្នើសុំ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​អនុគ្រោះ​ការបន្ធូរបន្ថយ​កម្រៃ​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ធនាគារ​និង​ឬ​លើកលែង​ការផាកពិន័យ​ផ្សេងៗ​ចំពោះ​អតិថិជន​ការបង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​សម្រាប់​សាធារណជន ជាដើម។

លោក​រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា ជា​កិច្ច​ដោះស្រាយ​និង​លើកកម្ពស់​បរិយបន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​បាន​រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​២០២០​និង​២០២៥ ក្នុង​គោលបំណង​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែល​មាន​គុណភាព​និង​មានការ​គ្រប់គ្រង​ពី​ច្បាប់​និង​បទដ្ឋាន​ច្បាស់លាស់​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ​ងាក​មកប្រើប្រាស​សេវា​ផ្លូវការ ដែលមាន​ការត្រួតពិនិត្យ​ពី​ធនាគារជាតិ​នៃ​កម្ពុជា។

ចំណែក​លោក​គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុ​ជាមាន​ប្រសាសន៍​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​ពិតជា​បាន​រួម​ ចំណែក​ក្នុងការ​បង្កើត​ការងារ​និង​ផលរបរ​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន ពិសេស​ស្ត្រី។

លោក​ថា របាយការណ៍​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​ថា ៨០%​ជា​ស្ត្រី ជា​អ្នក​ខ្ចីប្រាក់​សម្រាប់​អាជីវកម្ម​ធុន​តូច​និង​មធ្យម។

ហើយ​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​វិញ​ថា អាជីវកម្ម​ធុន​តូច​និង​មធ្យម​បាន​រួម​ចំណែក​ដល់​ផលិតផល​ជាតិ​ក្នុងស្រុក​(GDP) សរុប​៥៨%។ ​ចំណែក​របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF) នៅ​ចុងឆ្នាំ​២០១៩ បាន​រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​ប្រមាណ​២​លាន​នាក់​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ហើយ​ពួកគេ​អាច​សន្សំ​ប្រាក់​និង​ប្រកបរបរ​ផ្សេងៗ​នាពេល​អនាគត។

លោក​បាន​បន្ត​ថា ​ដូច​ការវាយតម្លៃ​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ដែរ សមាគម​ក៏​ទទួល​ស្គាល់​ថា ចំពោះ​កម្ពុជា ក៏​ទទួលផល​ប៉ះពាល់​សេដ្ឋកិច្ច​ធនាគារ​និង​ហិរញ្ញវត្ថុ​ដូច​បរទេស៕
គង្គា

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114