BREAKING NEWS
Search

ជនជាតិ​ម៉ាឡេស៊ី​៣​នាក់ ​និង ​ខ្មែរ​ម្នាក់​ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ជំរិត​ទារប្រាក់​៦០០០​ដុល្លារ

សៀមរាប ​៖​ សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​៣​នាក់​ និង​ខ្មែរ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស ជំរិត​ទារប្រាក់​ចំនួន ៦០០០ដុល្លារ។

ប្រតិបត្តិ​ការ​បង្ក្រាប​នេះ ​ធ្វើឡើង​នៅ​វេលា​ម៉ោង ១៦​និង​១៥​នាទី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ភូមិ​កំពង់ក្តី​២ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា គឹម​សាន ស្នងការ​រង​ទទួល​ផែន​អន្តោរ​ប្រវេសន៍​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ បញ្ជូនមក​សាកសួរ​ពា​ក់​ព័ន្ធ​នឹង​ករណី ចាប់​ឃុំឃាំង​និង​បង្ខាំង​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្តិ​កាលពី​អំឡុង ​ខែមីនា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​២៥ ខែ ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​វីឡា​ជួល ភូមិ គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។

លោក​បន្ត​ថា ជនសង្ស័យ​ទាំង​០៤​នាក់​នេះ ​មានឈ្មោះ​ដូចជា ១-ឈ្មោះTAN CHOUN CHEAT ភេទប្រុស ​អាយុ​២២​ឆ្នាំ ជនជាតិ​ម៉ា​ឡេ​ស៊ី មិនមាន​លិខិត​ឆ្លងដែន​ជាប់​ខ្លួន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ចងការ​ប្រាក់ ហ្វូ​ឡុង​វ័ង ស្នាក់នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ​២-ឈ្មោះLING WEIKIAN ភេទ​ប្រុស អាយុ​៣២ឆ្នាំ ជនជាតិ​ម៉ា​ឡេ​ស៊ី មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ចងការ​ប្រាក់ ហ្វូ​ឡុង​វ័ង ស្នាក់នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

៣-ឈ្មោះ​TAN KAS CHIM ភេទ ប្រុស អាយុ​២២ឆ្នាំ ជនជាតិ​ម៉ា​ឡេ​ស៊ី មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ចងការ​ប្រាក់​ហ្វូ​ឡុង​វ័ង ស្នាក់នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ៤-​ឈ្មោះ អេ​ល ពូ​ស​ស្តា​ន ភេទ ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកបកប្រែ ស្នាក់នៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ឈ្មោះ NG TECK WEE ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ម៉ា​ឡេ​ស៊ី។ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ​នេះ​ ត្រូវ​បាន​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​បន្ត​ការសាកសួរ​និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​៕
កុសល

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114