BREAKING NEWS
Search

ឃាតក​ដៃ​ឆៅ​ចូលប្លន់​​រឹត​.ក ​សម្លាប់​ស្ត្រី​អ្នក​លក់​ចាប់ហួយ​​ដល់ក្នុង​បន្ទប់ជួល

ស្ត្រី​ជា​អាជីវករ​លក់​ចាប់ហួយ​ម្នាក់ ត្រូវ​បាន​ឃាតក​ដៃ​ឆៅ​មិន​ស្គាល់​មុខ ធ្វើ​សកម្មភាព​រឹត.ក សម្លាប់​យ៉ាង​ព្រៃផ្សៃ​ក្នុង​បន្ទប់​ជួល រួច​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង រួម​នឹង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត ​ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព។

ជា​មួយ​គ្នា​នោះ ទម្រាំ​ប្អូនស្រី​បង្កើត​របស់​សព​ចេញពី​ធ្វើការ​រោងចក្រ​វិញ ​ទើប​ដឹង​ និង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ព្រលប់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ ចំណុច​បន្ទប់​ជួល​លេខ​១ ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សព​ស្ត្រី​រងគ្រោះ​មាន ឈ្មោះ អ៊ុច យ៉េន អាយុ​៤៦​ឆ្នាំ មុខរបរ​លក់​ចាប់ហួយ ស្នាក់នៅ​បន្ទប់​កើតហេតុ មាន​ស្រុកកំណើត ភូមិ​ថ្មី ឃុំ​កំពែង ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ។

ចំណែក​សម្ភារៈ​បាត់បង់​រួមមាន ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សង់​C125​ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DC-7457 កាត​គ្រី​ម៉ូតូ ប្រាក់​មួយ​ចំនួន និង​សៀវភៅ​ដាក់​ប្រាក់​សន្សំ​នៅ​ធនាគារ​ផង​ដែរ​។

ចំណែក​ជនសង្ស័យ​ជា​ឃាតក មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយក៏​មិនដឹងថា​ធ្វើ​សកម្មភាព​រឹត.​ក​ សម្លាប់​ជនរងគ្រោះ​តាំងពី​ពេលណា​ដែរ​។​

យោងតាម​ការបំភ្លឺ​រប​ស់ ​ឈ្មោះ អ៊ុច សារ៉ន ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ ជា​កម្មការិនី​រោង​ចក្រ​ដែល​ត្រូវជា​ប្អូន​បង្កើត​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​មានការ​ភ្ញាក់ផ្អើល​នេះ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ រូបគាត់​បាន​ចេញ​ពី​បន្ទប់​ទៅ​ធ្វើការ​រោងចក្រ​ដូច​រាល់ដង ដោយ​ជនរងគ្រោះ​នៅ​ក្នុង​បន្ទប់​ជួល​តែម្នាក់ឯង។ លុះដល់​ម៉ោង​៦​ព្រលប់​ៗ រូបគាត់​បានចេញ​ពី​ធ្វើការ​នៅ​រោងចក្រ ពេលមកដល់​បន្ទប់​វិញ ក៏​ឃើញ​បន្ទប់​ចាក់សោ​ពី​ខាងក្រៅ។ នៅពេលនោះ​ គាត់​ក៏​មិនបាន​ចាប់អារម្មណ៍​អ្វី​ដែរ ដោយ​នឹកស្មាន​ថា ជនរងគ្រោះ​ដែល​ជា​បងស្រី​បាន​ចេញ​ទៅ​ទិញ​ឥវ៉ាន់។ លុះ​ពេល​គាត់​មើលឃើញ ធុង​ទឹកកក​នៅមុខ​បន្ទប់​អត់​ចាក់សោ ក៏​មាន​ការសង្ស័យ ពេលនោះ​គាត់​ក៏បាន​ហៅ​ប្អូនជីដូនមួយ របស់​គាត់​មក​វាយ​បំបែក​សោ​បន្ទប់ ក៏​ស្រាប់តែ​ឃើញ​បងស្រី​ដេកស្លាប់​នៅក្នុង​បន្ទប់​បាត់​ទៅ​ហើយ ភ្លាមៗ​ ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្ដង​។​
​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ខាង​លើ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​ចំណុច​កើតហេតុ​ពិនិត្យមើល​ និង​បាន​ទាក់ទង​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យវិច័យ​ឃើញ​មាន​ស្នាម​ជាំ​នៅត្រង់​ថ្គាម​ផ្នែក​ខាងស្តាំ រួច​សន្និដ្ឋាន​ថា ជនរងគ្រោះ ​ត្រូវបាន​ជនសង្ស័យ​ជា​ឃាតក​សម្លាប់​ដោយ​រឹត​.ក ប្លន់​យក​ទ្រព្យសម្បត្តិ។​

ក្រោយ​ពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​រួចរាល់ សមត្ថកិច្ច​ បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ស្ត្រី​រងគ្រោះ​ជូន​ទៅ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ ចំណែក​ជនសង្ស័យ សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​ចាប់​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​៕
អត្ថបទ ៖ វិទូ

សូមចុចអាន ៖ ឃាត់ខ្លួន​មនុស្ស​០៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ​នៅ​ផ្ទះ​ជួល​មួយ​កន្លែង ​ក្នុង​ក្រុង​សៀមរាប​


ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114