BREAKING NEWS
Search

យុវជន​ម្នាក់​មាន​ស្នេហា​តាម​ហ្វេ​ស​ប៊ុ​ក និង​ឈាន​ដល់​ការ​រួម​ភេទ បាន​បញ្ជូន​ដល់​តុលាការ​ហើយ​

បាត់ដំបង ៖ យុវជន​ម្នាក់ ដែល​កំពុង​រង​ការចោទប្រកាន់​ពីបទ « ការ​នាំយក​អនីតិជន​ជាអាទិ៍ ​ចេញ​ដោយ​មិន​ស្របច្បាប់ » ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ បាន​បញ្ជូន​ទៅ​តុលាការ​ហើយ បន្ទាប់ពី​សមត្ថកិច្ច​រក​ឃើញ​ពួកគេ​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ចំ​កណ្តាល​ក្រុង​បាត់ដំបង ដើម្បី​រួមរ័ក​ស្នេហា​ជាមួយគ្នា ដោយ​ការ​ស្ម័គ្រស្មោះ​ទាំងសងខាង។

គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង២និង២០​នាទី​រសៀល ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បាន​ទទួល​ធ្វើ​កំណត់ហេតុ​បណ្តឹង​ផ្ទាល់​មាត់​របស់ ​ឈ្មោះ អា៑ន ហោ ភេទ​ស្រី អាយុ​៨០​ឆ្នាំ មាន​ទីលំនៅ​ក្រុម​៣៦ ភូមិ​វត្ត​តា​មិ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែល​បាន​ចូលខ្លួន​មក​ប្តឹង​ដល់​អធិការដ្ឋាន​ជុំវិញ​ករណី​បាត់​ចៅស្រី។

​ពាក្យបណ្ដឹង​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលា​ម៉ោង៧ព្រឹក គឺ​ក្រោយពេល​គាត់​មកពីផ្សារ​ទិញ​ម្ហូប​វិញ ក៏​បាត់​ចៅ​របស់គាត់​ឈ្មោះ ស ស ល ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ផ្ទះ​ជា​មួយ​គាត់ ដោយ​មិនដឹង​ជា​ទៅ​ទីណា ទើប​មានការ​ព្រួយបារម្ភ ក៏​បាន​មក​ដាក់ពាក្យ​ប្តឹង​តែម្ដង ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍។

ក្រោយពេល​ទទួល​បណ្ដឹង​រួច សមត្ថកិច្ច​ក៏បាន​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ រហូតដល់​ថ្ងៃ​ទី​២៣ ខែ ឆ្នាំដដែល វេលាម៉ោង២និង៣០​នាទីរសៀល កម្លាំង​ជំនាញ​បាន​រក​ឃើញ ឈ្មោះ ស ស ល នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​មួយកន្លែង ជិត​ផ្សា​រលើ កណ្តាល​ក្រុង​បាត់ដំបង ពុង​នៅ​ជាមួយ​ឈ្មោះ សន ជីវ័ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្រុម​១៦ ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្ត​បាត់​ដំបង។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​ដែល​ជា​អ្នកទោស​ស្នេហា​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ចាប់​តាំង​ពី​អំឡុង​ខែ​មេសា ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ថ្មីៗ​នេះ ខ្លួន​បាន​ស្គាល់​នារី​នេះ​តាមរយៈ​លេង​ហ្វេ​ស​ប៊ុ​ក ហើយ​ក៏​បាន​ឆាត​រកគ្នា​ជា​ញឹកញាប់​ដើម្បី​បង្កាត់ភ្លើង​ស្នេហា។ លុះ​នៅ​ល្ងាច​ថ្ងៃមួយ នា​ដើមខែ​ឧសភា ខ្លួន​ក៏បាន​ណាត់​នាង​ដើម្បី​ដឹក​ដើរលេង​នៅ​តាម​កំណាត់​ផ្លូវ​ហាយ​វេ ហើយក៏​ដឹក​ត្រឡប់​ទៅ​ផ្ទះ​ជាធម្មតា។ លុះ​នៅ​ថ្ងៃទី១៩​ឧសភា កន្លងទៅ​ថ្មីៗ​នេះ ទើប​ពួកខ្លួន​ទាំង២នាក់ សម្រេចចិត្ត​រក​ជួល​បន្ទប់​មួយ​នៅ​ក្បែរ​ផ្សារ​លើ ក្នុងភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដើម្បី​ងាយស្រួល​ក្នុងការ​ជួប​គ្នា។
​នៅ​ថ្ងៃ​ដំបូង​នោះ ពួកគេ​បាន​រួមភេទ​ជាមួយគ្នា​ចំនួន៣​ដង បន្ទាប់មក​ក៏បាន​ស្នាក់នៅ​បន្ត​ទៀត ដោយ​ម្នាក់ៗ​មិនទាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ។ ព្រមទាំង​បាន​បន្ត​ការ​រួម​ភេទ​នេះ​បន្ថែម​ទៀត តែ​ក៏​ត្រូវ​ប៉ូលិស​ចុះ​មក​ចាប់ខ្លួន​ដល់​បន្ទប់​តែម្តង។​

​សមត្ថកិច្ច​ស្រុក​សង្កែ​មួយ​រូប​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ឃាត់ខ្លួន​នោះ ក៏មាន​ការសម្រុះសម្រួល​គ្នា​មួយ​ប្រាវ​ដែរ​រវាង​អាណាព្យាបាល​របស់​ក្មេង​ទាំងពីរ ដោយ​ក្មេងស្រី​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា នៅ​វិទ្យាល័យ មួយ។ ឯខាង​ប្រុស​ជា​កម្មករ​ក្នុង​ក្រុមហ៊ុន​ស្រា​បៀ​មួយ​កន្លែង ហើយ​មាន​ជីវភាព​ក្រីក្រ​លំបាក​ខ្លាំង​បំផុត ដោយ​ឪពុក​មាន​នាទី​ជា​ប្រជា​ការពារ​ឃុំ​វត្ត​តា​មិ​ម។​

​ពេល​នោះដែរ ភាគី​ខាង​ស្រី​បាន​ស្នើសុំ​នូវ​ទឹកប្រាក់​ចំនួន ២ ០០០ ដុល្លារ ប៉ុន្តែ​ដោយសារ​ឪពុក​ខាង​ប្រុស​គ្មាន​លុយ និង​មាន​ការ​សុំ​អង្វរ​ចុះឡើង ក៏​ធ្លាក់​មក​នៅត្រឹម៤​លាន​រៀល​វិញ។ បើទោះបីជា​
​តម្លៃ​ប៉ុណ្ណឹង​វា​សមរម្យ​ក៏ដោយ ក៏​លោក ពេន នុត អាយុ៥០ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឆ្លង​បាន​រៀបរាប់ថា ប្លង់ដី​ ត្រូវបាន​ដាក់​នៅ​អង្គការ​អស់ហើយ ​បច្ចុប្បន្ននេះ​កុំថាឡើយ​លុយ៤​លាន បើទោះបីជា២លាន ក៏​លោក​មិនដឹង​ជា​ទៅ​រក​ខ្ចីបុល​អ្នកណា​បាន​ដែរ ដោយសារ​ជីវភាព​លោក​រាល់ថ្ងៃ​វា​លំបាក​ខ្លាំង​ណាស់ ដូច្នេះ​លោក​ក៏បាន​សម្រេចចិត្ត​មួយ​ម៉ាត់​ចុងក្រោយ​ថា « លោក​ប៉ូលិស សុំ​ធ្វើតាម​ច្បាប់​ទៅ​ចុះ »។ តែបើ​តាម​ការ​បង្ហើប​ពី​ទឹកចិត្ត​របស់​លោក គឺ​លោក​ចង់​ដោះស្រាយ​បញ្ចប់​រឿង ហើយក៏​ចង់​ឲ្យ​ពួកវា​ទាំង២​នាក់ បាន​គ្នា​ណាស់​ ព្រោះ​វា​ស្រលាញ់​គ្នា​ដោយ​គ្មាន​អ្នកណា​បង្ខំ​នោះ​ឡើយ ប៉ុន្តែ​ធ្វើ​យ៉ាង​ម៉េច​បើ​ខាង​ស្រី​គេ​ទាមទារ​លុយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួកវា​ទាំង២​នាក់​បាន​គ្នា​ដែរ ដោយ​សារ​តែ​គាត់​ក្រ​ខ្លាំងពេក។

កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ឧសភា​នេះ លោក ប៊​ន វណ្ណា​រ៉ា នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​ផ្លូវ​ភេទ និង​ការពារ​អនីតិជន​បាន​បង្ហើប​ថា ជាក់ស្ដែង​ភាគី​ខាង​ប្រុស​មិនបាន​នាំយក​នារី​ទៅ​ជួញដូរ​អ្វី​ដែរ គឺ​ពួកគេ​ស្រលាញ់គ្នា គ្មាន​ការបង្ខំ ប៉ុន្តែ​សម្រាប់​ផ្លូវច្បាប់ ​គឺ​ខាង​ប្រុស​ត្រូវតែ​មានទោស ដូច្នេះ​រឿង​នេះ ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច​ទៅ​ចុះ ប្រសិនបើ​មានការ​ប្រែប្រួល​ពី​ភាគី​ទាំងសងខាង​យ៉ាង​ណា​នោះ។ ព្រោះ​កាលពី​ម្សិលមិញ​នេះ ​លោក​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​រួចហើយ៕
អត្ថបទ ៖ សោ និយម​រ័ត្ន​

សូមចុចអាន ៖ ស្រលាញ់​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក រហូត​ឈាន​ដល់​ការ​រួម​ភេទ ទីបំផុត​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114