BREAKING NEWS
Search

តើ​អ្វី​ទៅជា​ជំងឺ​មហារីក​មាត់ស្បូន​?

ជំងឺ​មហារីក​មាត់ស្បូន គឺជា​ការ​វិវត្ត​មិន​ប្រក្រតី និង​លឿន​ខុសធម្មតា នៃ​កោសិកា​របស់​មាត់ស្បូន​ស្ត្រី បង្កើត​បាន​ជា​ដុំ​សាច់ ដែល​យើង​តែងតែ​ហៅថា​ជា​ជំងឺ​ដុំ​សាច់​មហារីក​។ វា​មាន​និន្នាការ​រាលដាល​សរីរាង្គ​ជុំវិញ (Invasion) និង​សរីរាង្គ​នៅ​ឆ្ងាយ (Metastasis)​។ ជំងឺ​នេះ​ឈរ​លំដាប់​ទី​១​នៃ​ជំងឺ​មហារីក​របស់​ស្ត្រី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

១. ការ​ព្យាបាល​ជំងឺ​មហារីក​មាត់ស្បូន​មាន​អ្វីខ្លះ​?
ការ​ព្យាបាល​ជំងឺ​មហារីក​មាត់ស្បូន ធ្វើតាម​ដំណាក់កាល​របស់​ជំងឺ (FIGO classification) ប៉ុន្តែ​ជាទូទៅ​ការ​ព្យាបាល​រួមមាន
– ការ​ព្យាបាល​ដោយ​កាំរស្មី (​ការ​បញ្ចាំង និង​ស្អំ​)
– ការ​ចាក់​ថ្នាំ​គីមី
– ការវះកាត់​

២. ហេតុអ្វី​ត្រូវការ​កាំរស្មី​ក្នុង​ការ​ព្យាបាល ?
– ជា​វិធីសាស្ត្រ​ដើរតួ​យ៉ាង​សំខាន់ ​ដែល​ជា​លក្ខណៈ​ស្តង់ដារ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​មាត់ស្បូន​ចាប់ពី​ដំណាក់​ការ IB3-IVA (​ទំហំ​ដុំ​សាច់​ធំ​ជាង ៤​ស​.​ម ឫ​ដុំ​សាច់​រាលដាល​ដល់​សរីរាង្គ​ជាប់មាត់​ស្បូន​)​។
– ការ​ព្យាបាល​ដោយ​កាំរស្មី គឺ​មាន​គោលដៅ​សម្លាប់ ឬ​បំផ្លាញ​កោសិកា​មហារីក ដោយ​រក្សា​នូវ​ការ​ប៉ះពាល់​ទៅលើ​សរីរាង្គ​ជិតខាង​ ឲ្យ​បាន​តិចតួច​បំផុត​។​
– ព្យាបាល​ក្នុង​គោលបំណង​ឲ្យ​ជាសះស្បើយ (Curative radiotherapy) ការ​ព្យាបាល​ ដោយ​កាំរស្មី បូករួម​ជាមួយនឹង​ការ​ព្យាបាល​ ដោយ​ការ​ចាក់​ថ្នាំ​គីមី និង​ការ​ស្អំ​ដោយ​កាំរស្មី​។​
– ព្យាបាល​ក្នុង​គោលបំណង​ពន្យារ ឬ​សម្រន់ (Palliative radiotherapy) ការ​ព្យាបាល​ ដើម្បី​កាត់បន្ថយ​នូវ​ការឈឺចាប់ ឬ ទប់​មិន​ឲ្យ​មានការ​ហូរ​ឈាម​ភ្លាមៗ ដើម្បី​ពន្យារ​ជីវិត និង​គុណភាព​ជីវិត​ចុង​ក្រោយ​របស់​អ្នកជំងឺ​។​

៣. ប្រភេទ​នៃ​ការ​ព្យាបាល​ ដោយ​កាំរស្មី​ក្នុង​ជំងឺ​មហារីក​មាត់ស្បូន​មាន​
– ការ​បញ្ចាំង​កាំរស្មី (External Beam Radiotherapy): កាំរស្មី​ត្រូវ​បាន​បញ្ចេញ​ពី​ម៉ាស៊ីន​ ដោយមាន​ការ​ឆ្លង​កាត់​ស្បែក និង​សរីរាង្គ​ដទៃ​ទៀត​រហូត​ទៅដល់​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​។​
– ការ​ស្អំ​ដោយ​កាំរស្មី (Brachytherapy) ជា​ការ​ដាក់បញ្ចូល​ប្រភព​កាំរស្មី​ឲ្យ​ជិត ឬ ក្នុង​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​តែ​ម្តង ដោយ​កាំរស្មី​មិន​ឆ្លងកាត់​ស្បែក និង​សរីរាង្គ​ផ្សេងៗ​។
សូម​មេត្តា​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​យល់ដឹង​បន្ថែម​ពី​ការព្យាបាល​ ជំងឺ​មហារីក​មាត់ស្បូន​ ដោយ​កាំរស្មី​៕​
អត្ថបទ៖ រស្មី
សូមចុចអាន៖ ​ ថ្ងៃមករដូវអាចចាក់វ៉ាក់សាំង មហារីកមាត់ស្បូនបានអត់?