BREAKING NEWS
Search

សម្ដេច​ក្រឡាហោម ណែនាំ​ដល់​គណៈ​អភិបាលខេត្ត​កែប​ឱ្យ​ខិតខំ​កៀរគរ​ការចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​មូលដ្ឋាន ​ដែល​មាន​ស្នាដៃ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ណែនាំ​ដល់​គណៈ​អភិបាលខេត្ត​កែប​ថ្មី​ឲ្យ​ខិតខំ​កៀរគរ ការចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​មូលដ្ឋាន ​ដែល​មាន​ស្នាដៃ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ហើយ​ចំពោះ​បញ្ហា​គ្រឿងញៀន សម្ដេច​ណែនាំ​ឲ្យ​ខេត្ត​កែប​យក​ខេត្ត​ព្រះសីហនុ​ជា​បទពិសោធន៍ ពោល​គឺ​ប្រសិនបើ​សកម្មភាព​ទេសចរណ៍ និង​វិនិយោគ​មាន​ភាព​ផុលផុស ឧក្រិដ្ឋជន​គ្រឿងញៀន​អាច​នឹង​យក​ខេត្ត​កែប​ជា​គោល។​

សម្តេច​បាន​មានប្រសាសន៍​ដូចនេះ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​ខណៈ​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កែប​។ ជាមួយគ្នានេះដែរ សម្ដេច​ក្រឡាហោម​បាន​ផ្ដល់​ការពន្យល់​បំភ្លឺ ចំពោះ​មតិ​មួយ​ចំនួន ​ដែល​សម្លឹង​ឃើញ​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ក្នុង​ន័យ​អវិជ្ជមាន​ជ្រុល​។ សម្ដេច​បាន​អះអាង​ថា​ បំណង​របស់​រាជរដ្ឋាភិបាល​ គឺ​ដើម្បី​ការពារ​អាយុជីវិត និង​សុវត្ថិភាព​ប្រជាពលរដ្ឋ។ ជាក់ស្ដែង​ក្នុង​រយៈពេល​អនុវត្ត​នៃ​ខែ​ឧសភា​នេះ ធៀប​នឹង​ខែ​មេសា​កន្លងទៅ ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​១៥​នាក់ និង​អ្នករបួស​ថយ​ជាង​៨០​នាក់​។​

សម្ដេច​បាន​មានប្រសាសន៍​ទៀត​ថា ​យើង​មិន​ត្រូវ​ខ្វល់ខ្វាយ​ពេក ចំពោះ​ការ​ទិតៀន​ទាំង​ឡាយ​ណា​មក​លើ​ភារកិច្ច​ ដែល​យើង​កំពុង​ធ្វើ​ដើម្បី​ការពារ​អាយុជីវិត និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ ពោល​គឺ​ឲ្យ​តែ​យើង​មាន​ឧត្ដមគតិ​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ សូម​កុំ​ខ្លាច​នឹង​ធ្វើ និង​សូមកុំ​ដកថយ​ឲ្យ​សោះ​។ សម្ដេច​បាន​ក្រើនរំលឹក​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​គោរព​វិជ្ជាជីវៈ ចៀសវាង​អនុវត្ត​ខុស​គោលការណ៍​។ ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺឆ្លង​កូ​វីដ​-១៩​វិញ សម្ដេច​បាន​បង្ហាញ​ការ​កត់សំគាល់​ថា​ ប្រជាពលរដ្ឋ​ពិសេស​អ្នក​រាជធានី​ភ្នំពេញ ហាក់​ដូច​ជា​បន្ធូរដៃ​ច្រើនពេក​ ហើយ​ចំពោះ​ភាព​តានតឹង​នឹង​ជំងឺ​ដែល​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ការពារ​មួយ​នេះ​។ សម្ដេច​បាន​ស្នើ​សុំ​ពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ហើយ​រដ្ឋបាល​ខេត្ត​កែប​ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​បន្ថែម​ទៀត​។​

សម្ដេច​ក៏បាន​មានប្រសាសន៍​ណែនាំ​បន្ថែម អំពី​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះ​សេដ្ឋកិច្ច និង​សង្គម​ពី​វិបត្តិ​កើត​ចេញពី​ជំងឺ​កូ​វីដ-​១៩ និង​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ ដើម្បី​ផ្ដល់​ជំនួយ​ជួយ​ពលរដ្ឋ​ដោយ​គ្មាន​ការបែងចែក​និន្នាការ ការអភិវឌ្ឍន៍​វិស័យ​នានា​ក្នុង​ខេត្ត​កែប​ពិសេស​វិស័យ​ទេសចរណ៍​កំណែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ ការ​ពង្រឹង​សមត្ថភាព​មន្ត្រី ការ​ផ្ដល់​សេវា​សាធារណៈ​តាម​យន្តការ​ច្រក​ចេញ​ចូល​តែមួយ​។ មុននឹង​បញ្ចប់​សម្ដេច​បាន​ណែ​នាំ​ឲ្យ​រដ្ឋបាល​ខេត្ត​ពង្រឹង​សាមគ្គីភាព ពិសេស​រវាង​គណៈ​អភិបាល​និង​ក្រុមប្រឹក្សា​ ដែល​ជា​បង្គោល​ធំ​នៃ​រដ្ឋបាល​ខេត្ត ក្រុង និង​ស្រុក និង​បាន​មានប្រសាសន៍​ផ្ញើ​ក្ដី​សង្ឃឹមថា​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​គ្រប់​អង្គភាព​ទាំងអស់​ នឹង​រួមគ្នា​អនុវត្ត​ឲ្យ​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ដើម្បី​ភាព​រីកចម្រើន​រុងរឿង​នៃ​ប្រទេសជាតិ និង​សេចក្ដី​សុខ​សុភមង្គល​របស់​ប្រជាពលរដ្ឋ​៕
អត្ថបទ៖ ឌី​រៀ