BREAKING NEWS
Search

កងទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ម៉ាលី រក​ឃើញ​៤​ករណី​ថ្មី​ទៀត បាន​ឆ្លង​ជំងឺ​កូវីដ-១៩

​ភ្នំពេញ​ ៖ រក​ឃើញ​៤​ករណី​ថ្មី​ទៀតហើយ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សម្រាប់​កងទ័ព​មួក​ខៀវ​កម្ពុជា​ ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ម៉ាលី ធ្វើ​ឲ្យ​អ្នកជំងឺ​នេះ​កើន​ដល់​១០​រូប នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី ហើយ​អង្គការសហប្រជាជាតិ បាន​តម្រូវ​ឲ្យ​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​មាន​ទំនាក់ទំនង​ធ្វើការ និង​ស្នាក់នៅ​ជាមួយគ្នា និង​អ្នក​ផ្ទុក​មេរោគ COVID-19 នោះ ត្រូវ​ព្យាបាល ​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា នេះ​ថា នៅ​ពេល​ថ្មីៗ​នេះ កងទ័ព​មួក​ខៀវ​កម្ពុជា​នៅ​ប្រទេស​ម៉ាលី​ចំនួន​៤​នាក់​ទៀត បាន​ឆ្លង​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​ចំនួន​កងទ័ព​មួក​ខៀវ​កម្ពុជា​ឆ្លង​ជំងឺ​នេះ ​ឡើង​ដល់​១០​នាក់​ហើយ ក្នុង​នោះ​មាន​ឧ​ត្ត​ម​សេនីយ៍​ទោ​ម្នាក់​បាន​ស្លាប់ (​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស សា​វី​)​។ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បន្តថា បច្ចុប្បន្ន​សម្រាប់​កងកម្លាំង ដែល​បំពេញបេសកកម្ម​នៅ​តំបន់​គី​ដាល់ គឺ​មាន​កង​កម្លាំង​ចំនួន​៣​នាក់ ផ្ទុក​មេរោគ COVID និង​ព្យាបាល​បាន​សះស្បើយ​បាន​២​នាក់ ដោយ​សល់​ម្នាក់​កំពុង​បន្ត​ព្យាបាល​។ ចំណែក​កងកម្លាំង​កំពុង​បំពេញបេសកកម្ម​នៅ​តំបន់​ហ្គា​វ មាន​ផ្ទុក​មេរោគ​កូ​វីដ​-១៩ ចំនួន​៣​នាក់ ក្នុង​នោះ​២​នាក់​កំពុង​សម្រាក​ព្យាបាល និង​ម្នាក់​បាន​ស្លាប់ ហើយ​សម្រាប់​កម្លាំង​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​តំបន់​ជូ​វិនទុ​ស ដែល​ផ្ទុក​មេរោគ​កូ​វីដ​-១៩ ចំនួន​៣​នាក់ គឺ​បាន​ព្យាបាល​ជាសះស្បើយ​៩៨​ភាគរយ ពោល​គឺ​សល់​តែ​ការ​យក​សំណាក​ទៅ​ពិនិត្យ​ចុងក្រោយ​ប៉ុណ្ណោះ​។

​សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា​ចំនួន​៥ កងកម្លាំង​ធំៗ សរុប​ជិត​៨០០​នាក់ ក្នុង​នោះ​នារី​ជិត​៨០​នាក់ បាន​នឹង​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ នៅ​តាម​បណ្តា​ប្រទេស​ចំនួន​៤​រួមមាន លី​បង់​, ស៊ូដង់​ខាងត្បូង​, ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ ចំណែក​នៅ​សាធារណរដ្ឋ​ម៉ាលី ជា​ប្រទេស​ដែល​កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ចូលរួម​បំពេញបេសកកម្ម ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​ដែរ​នោះ មាន​អ្នក​ឆ្លង​មេរោគ COVID-19 កើន​ឡើង​ចំនួន​១២២៦​នាក់ (​មន្ត្រី អ​.​ស​.​ប ចំនួន​៧៣​នាក់​) និង​ស្លាប់​ចំនួន​៧៣​នាក់​៕
អត្ថបទ៖ កោះ​កែវ
សូមចុចអាន៖ ​ជប៉ុនចាប់ផ្តើមតេស្តរកមើលប្រូតេអ៊ីប្រព័ន្ធភាពស៊ាំប្រឆាំងកូវីដលើខ្លួនមនុស្ស ១០ ០០០នាក់