BREAKING NEWS
Search

Facebook ស្ថិតក្នុង​ភាពច្របូកច្របល់​ជុំវិញ​ការបដិសេធ​មិន​ប្រើ​វិធានការ​លើ​ការ​បង្ហោះ​របស់ Trump

​ការប៉ះទង្គិច​គ្នា​រវាង​Twitter និង​លោក​ដូ​ណា​ល់ ត្រាំ​បាន​រុញច្រាន​ឱ្យ​គូប្រជែង​គឺ Facebook ធ្លាក់​ក្នុង​សភាព​ច្របូកច្របល់ ដោយ​បុគ្គលិក​ជាច្រើន​បាន​បះបោរ​ប្រឆាំង​ការ​បដិសេធ​របស់​នាយ​ក​ប្រតិបត្តិ​ក្រុមហ៊ុន​គឺ​លោក Mark Zuckerberg ដែល​មិន​ព្រម​ដាក់ទណ្ឌកម្ម​លើ​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត ឬ​ការ​បង្ហោះ​ដែលមាន​លក្ខណៈ​បញ្ឆេះ​ដោយ​ប្រធានាធិបតី​អាមេរិក​។

បុគ្គលិក​ក្រុមហ៊ុន Facebook ម្នាក់​ឈ្មោះថា Sara Zhang បាន​បង្ហោះ​សារ​នៅលើ Twitter ថា “​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត យើង​ត្រូវតែ​ឈរ​ក្នុងស្ថានភាព​គ្រោះថ្នាក់​មិនមែន​នៅ​ពីក្រោយ​ឡើយ​។ ខ្ញុំ​នឹងចូលរួម​ក្នុង​កូដកម្ម​និម្មិត​ថ្ងៃនេះ​ដោយ​សាមគ្គី​ជាមួយ​សហគមន៍​ស្បែក​ខ្មៅ​”។

Facebook បាន​ឆ្លើយតប​នឹង​ការស្នើសុំ​របស់ AFP ថា​“ យើង​ទទួលស្គាល់​ពី​អារម្មណ៍​ឈឺចាប់​ដែល​មនុស្ស​របស់​យើង​ភាគច្រើន​កំពុង​មាន​នៅពេល​បច្ចុប្បន្ន​នេះ ​ជាពិសេស​គឺ​សហគមន៍​ស្បែក​ខ្មៅ​របស់​យើង​។ យើង​លើកទឹកចិត្ត​និយោជិត​របស់​យើង​ឱ្យ​និយាយ​ដោយ​បើកចំហ នៅពេលដែល​ពួកគេ​មិន​យល់ស្រប​នឹង​ភាពជា​អ្នកដឹកនាំ​។​”

Facebook បានដឹងថា បុគ្គលិក​មួយចំនួន​បានរៀបចំ​ផែនការ​កូដកម្ម​និម្មិត ហើយ​មិនមាន​គម្រោង​កាត់​ប្រាក់ខែ​របស់​ពួកគេ​ឡើយ​។

ដើមចម​នៃ​ការមិនចុះសម្រុង​គ្នា​នេះ​ គឺ​អន្តរាគមន៍​ដែល​មិន​ធ្លាប់មាន​ពីមុនមក​របស់ Twitter កាលពី​សប្តាហ៍​មុន នៅពេលដែល​បណ្ដាញ​សង្គម​មួយ​នេះ​ដាក់​សញ្ញា​សម្គាល់​លើ​ការ​បង្ហោះ​ចំនួន​ពីរ​របស់លោក​ត្រាំ​ទាក់ទង​នឹង​សន្លឹកឆ្នោត​ផ្ញើ​តាម​អ៊ី​ម៉ែ​ល​ដោយមាន​សារ​ជំរុញ​ឱ្យ​ប្រជាជន​ទទួលយក​ការពិត​៕
AFP
ដោយ តរុណី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114