BREAKING NEWS
Search

អ្នក​ភូមិ​ស្វាយផ្អែម ចិញ្ចឹម​គោ១ក្បាល អាចចំណេញបានប្រមាណ១លានរៀល

ខេត្តកំពង់ឆ្នាំង៖ ម្ចាស់កសិដ្ឋានចិញ្ចឹមបំប៉នគោយកសាច់ នៅភូមិស្វាយផ្អែម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នេះបានអះអាងថា មុខរបរជាង៤ឆ្នាំរបស់​លោក បានរីកចម្រើន​គួរជាទីពេញចិត្ត ដែលក្នុង១ខែ អាចប្រមូលទិញគោស្គមៗចូលប្រមាណ៣០ក្បាលមកបំប៉នរយះពេល៣ខែ និងបានលក់ចេញវិញក្នុង១ខែប្រមាណ ៣០ក្បាល អាចចំណេញបានក្នុង១ក្បាល ១លានរៀល ដោយមិនទាន់គិត​ថ្លៃចំណី។

លោក រស់ វិសិដ្ឋ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមគោ បញ្ជាក់ថា លោក​បានបើកកសិដ្ឋានចិញ្ចឹមគោយកសាច់ និងមេគោពូជនៅភូមិស្វាយផ្អែម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ អស់រយៈពេលជាង៥ឆ្នាំមកហើយ ចិញ្ចឹមគោយកសាច់ និងចិញ្ចឹម​គោ​ពូជ​យក​មកពីក្រៅប្រទេស សម្រាប់​លក់ចេញផងដែរ។

លោក រស់ វិសុទ្ធ បានបញ្ជាក់ថា ការគោចិញ្ចឹមយកសាច់ គឺកសិដ្ឋានរបស់លោកបានទិញគោស្គមៗ ពីប្រជាពលរដ្ឋយកមកបំប៉នថែទាំឲ្យចំណីគោ ដែលលោក​ផលិតខ្លួនឯង និងស្មៅផ្អែមជាចំណីជាគោដើម ដែលការចិញ្ចឹមថែបំប៉នគឺមានរយះពេល ពី២ទៅ៣ខែ គឺអាចធំធាត់លក់ចេញបានហើយ។ ជាមធ្យមក្នុងមួយខែ​លោក​ទិញគោចូលប្រមាណ៣០ក្បាល និងលក់ចេញវិញក៍ប្រមាណ៣០ក្បាលផងដែរ ។

ចំណែកគោទិញចូលមកគឺម៉ៅ ទៅតាមតម្លៃគោតូចធំ ពី២លានទៅ៣លានរៀល តែពេលយកបំប៉ន ក្នុងរយៈពេល ពី២ទៅ៣ ខែ គឺពេលលក់ចេញវិញ គឺគោរស់លក់ ក្នុង១គីឡូបាន១២ ៨០០ រៀល សម្រាប់គោញី។ ចំណែកគោឈ្មោលមួយគីឡូលក់បាន ថ្លៃ១៣ ៨០០ រៀល ។ សរុបមកគឺការចិញ្ចឹមថែបំប៉នរយះពេលពី២ទៅ៣ខែ ក្នុងគោ១ក្បាលអាចចំណេញបានប្រមាណ១លានរៀល ដោយមិនទាន់ដកថ្លៃចំណីគោ។

ចំពោះការចិញ្ចឹមគោពូជវិញ គឺកសិដ្ឋានលោកបាននាំគោមេនិងបាពូជមកពីប្រទេសក្រៅមាន២ប្រភេទគឺ ពូជឥណ្ឌូប្រេស៊ីល និងពូជប្រាម៉ាន់ ដែលថែបំប៉នអោយចំណីផលិតដោយខ្លួនឯងនិងដាំស្មៅផ្អែម អ៊ីស្រាអែល និងស្មៅស៊ុបពែនេតទា អោយគោស៊ីទើបវាឆាប់ធំធាត់ល្អ។ ចំពោះគោពូជទាំង២នេះ ពេលចិញ្ចឹមបានធំក្នុង១ក្បាល លក់ចេញពី ៣៥០០ ទៅ៤០០០ដុល្លារ ដោយឡែកកូនរបស់វា ពេលកើតមកអាយុ១ខែ ក្នុងក្បាលអាចលក់បានថ្លៃ ១០០០ដុល្លារផងដែរ និងបច្ចុប្បន្នក្នុងកសិដ្ឋានរបស់លោក​មានគោមេពូជចំនួន៧ក្បាល គោយកសាច់ជាង ៦០ក្បាល និងកម្មករ ចំនួន៣នាក់ផងដែរ។

លោក រស់ វិសុទ្ធបានបញ្ជាក់ដែរថា ចំពោះសត្វគោ ដែលទិញយកមកបំប៉នឱ្យចំណីដែលកសិដ្ឋានលោក​ផលិតឡើង គឺសាច់វាក្រហមល្អ មានប្រូតេអ៊ីនច្រើននិងមានរសជាតិឆ្ងាញ់ ជាងសាច់គោដែលចិញ្ចឹមស្មៅស៊ីធម្មតា គឺសាច់គោដែលកសិដ្ឋានរបស់លោកលក់ចេញបច្ចុប្បន្ន គឺត្រូវបានអតិថិជននៅក្នុងទីផ្សារគាំទ្រច្រើន។ ដោយឡែកចំពោះភាពជោគជ័យនេះ ក៏ដោយសារកសិដ្ឋានលោកមានការសិក្សាព្យាយាមរៀនសូត្រពីបទពិសោធន៍ពីកសិដ្ឋានចិញ្ចឹមគោនៅក្រៅប្រទេសមួយចំនួន និងក៏មានការណែនាំរបស់មន្ត្រីពេទ្យសត្វ​នៃមន្ទីរកសិកម្មខេត្ត អំពីបច្ចេកទេសនៃការចិញ្ចឹម ការអោយចំណី និងការធ្ចើអនាម័យសត្វផងដែរ ទើបធ្វើឲ្យលោក​ទទួលបានជោគជ័យក្នុងពេលនេះ ៕

ឈៀង ថារិទ្ធ