BREAKING NEWS
Search

លោក Trump ប្រឈមនឹងគ្រោះថ្នាក់ចំពេលរងការស្តីបន្ទោសពីបណ្តាមេដឹកនាំយោធាអាមេរិក

ការស្តីបន្ទោសរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper ចំពោះលោកប្រធានាធិបតី Donald Trump ជុំវិញការដាក់ពង្រាយកងទ័ពដើម្បីបង្ក្រាបការតវ៉ានិងការរិះគន់យ៉ាងខ្លាំងពីសំ​ណាក់មេដឹកនាំមន្ទីរបញ្ចកោណមុនៗរួមទាំងលោក Jim Mattis ផងដែរនោះបានធ្វើឲ្យទំនាក់ទំ​នងរបស់លោក Trump ជាមួយយោធាអាមេរិកមានការប្រេះឆាពោរពេញដោយគ្រោះថ្នាក់។

សេចក្តីប្រកាសរបស់លោក Esper កាលពីថ្ងៃពុធដែលថាលោកបានជំទាស់ទៅនឹងការដាក់​ពង្រាយយោធាសកម្មដើម្បីបង្ក្រាបការតវ៉ាទូទាំងប្រទេសជុំវិញភាពសាហាវឃោរឃៅរបស់ប៉ូលិសគឺជាការឆ្លើយតបអវិជ្ជមានដ៏មិនធម្មតាមួយទៅកាន់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ។

ដោយសំដៅទៅលើច្បាប់ឆ្នាំ១៨០៧ដែលលោក Trump ចង់ប្រើដើម្បីអនុញ្ញាតឲ្យយោធាប្រដា​ប់អាវុធធ្វើការបង្ក្រាបនៅតាមទីក្រុងនានាដែលរងការវាយប្រហារដោយកុបកម្ម លោក Esper បាននិយាយថា “ខ្ញុំមិនគាំទ្រការយកច្បាប់ប្រឆាំងការបះបោរ Insurrection Act មកប្រើទេ”។

ប៉ុន្មានម៉ោងក្រោយមក អ្នកកាន់តំណែងមុនលោក Esper គឺលោក Jim Mattis បានធ្វើការវាយ​ប្រហារយ៉ាងខ្លាំងប្រឆាំងនឹងលោក Trump។

លោកបានសរសេរថា “នៅពេលខ្ញុំចូលយោធាប្រហែលជា៥០ឆ្នាំមុន ខ្ញុំបានស្បថថាគាំទ្រនិងការពាររដ្ឋធម្មនុញ្ញ”។

ដោយសំដៅទៅលើសិទ្ធិធ្វើបាតុកម្ម លោក Mattis បាននិយាយថា “ខ្ញុំមិនដែលសុបិនថា កងទ័​ពដែលស្បថដូចគ្នានេះនឹងត្រូវបានគេបញ្ជាឲ្យរំលោភសិទ្ធិរដ្ឋធម្មនុញ្ញរបស់ពលរដ្ឋរបស់ពួកគេក្រោមកាលៈទេសៈណាមួយឡើយ”។

លោក Mattis បាននិយាយថា “លោក Donald Trump គឺជាប្រធានាធិបតីដំបូងគេក្នុងឆាកជីវិត​របស់ខ្ញុំដែលមិនបានព្យាយាមបង្រួបបង្រួមប្រជាជនអាមេរិកហើយសូម្បីតែធ្វើពុតជាមានចិត្តចង់បង្រួបបង្រួម។ ផ្ទុយទៅវិញ គាត់ព្យាយាមបំបែកបំ​បាក់ពួកយើង”។

ទន្ទឹមនោះ អតីតនាយ​សេនា​ធិការ​កង​ទ័ពចម្រុះពីររូបក៏ចូលរួមរិះគន់ផងដែរ។​

លោក Martin Dempsey ដែលជាឧត្តមសេនីយ៍កំពូលនៃមន្ទីរបញ្ចកោណចាប់ពីឆ្នាំ២០១១ដល់​២០១៥បាននិយាយថា “អាមេរិកមិនមែនជាសមរភូមិទេ។ ពលរដ្ឋរបស់យើងមិនមែនជាសត្រូវឡើយ”។

ចំណែកអ្នកកាន់តំណែងមុនរបស់លោក Dempsey គឺឧត្តមនាវីចូលនិវត្តន៍លោក Mike Mullen បានសរសេរថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងថា នៅពេលដែលពួកគេអនុវត្តបទបញ្ជារបស់ពួកគេ សមាជិកយោធារបស់យើងនឹងត្រូវបានជ្រើសរើសសម្រាប់គោលបំណងនយោបាយ”។

គួរបញ្ជាក់ថា ការប្រឆាំងដោយត្រង់ៗចំពោះប្រធានាធិបតីពីសំណាក់ឥស្សរជនក្រៅនយោបាយបានបង្កឲ្យមានការសន្និដ្ឋានអំពីការបែកបាក់នៃទំនាក់ទំនងស៊ីវិលនិងយោធា។

វាក៏អាចមានន័យថា ការងាររបស់លោក Esper កំពុងស្ថិតក្នុងគ្រោះថ្នាក់ផងដែរ៕ AFP

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ