BREAKING NEWS
Search

៥​ខែ​ ដើម​ឆ្នាំនេះ ​បាតុភូត​រន្ទះ​ ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ​និង​រង​របួស​ជាង​២០​នាក់​

ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​៥​ខែ​ ដើម​ឆ្នាំ​២០២០​នេះ​ មាន​បាតុភូត​រន្ទះ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ជាង​២០​នាក់​ ព្រមទាំង​ងាប់​សត្វ​ពាហនៈ​ជាង​២០​ក្បាល​ផង​ដែរ​។

លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ បាន​មានប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​មិថុនា ​ឆ្នាំ​២០២០​ ឲ្យ​ដឹងថា ​ចាប់​ពី​ខែ​មករា ​ដល់​ខែ​ឧសភា​ មាន​មនុស្ស​ចំនួន​១៥​នាក់​ បាន​ស្លាប់​ និង​១១​នាក់​ រងរបួស ​ព្រមទាំង​ងាប់​គោ​-​ក្របី​ចំនួន​២១​ក្បាល ដោយសារ​បាតុភូត​រន្ទះ​។​

លោក ឃុន សុខា បាន​បន្ត​ថា ​ក្នុង​រយៈពេល​៥​ខែ​នេះ​ដែរ គ្រោះធម្មជាតិ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បាន​កើត​ឡើង​ចំនួន​១១៥​លើក នៅ​ទូទាំង​២៥​រាជធានី​/ខេត្ត បណ្តាល​ឲ្យ​រលំ និង​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៣ ៦៩៤​ ខ្នង ស្លាប់​មនុស្ស​៣​នាក់​ និង​របួស​៣៦​នាក់​។​

បើ​តាម​អ្នកនាំពាក្យ​រូប​នោះ បាតុភូត​រន្ទះ​ និង​ខ្យល់​កន្ត្រាក់​នៅ​ដើម​ឆ្នាំនេះ​ មាន​ចំនួន​ប្រហាក់ប្រហែល​ទៅ​នឹង​ឆ្នាំមុន​ដែរ។

យ៉ាងណាក៏ដោយ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ខ្យល់​កន្ត្រាក់ ​និង​បាតុភូត​រន្ទះ​ទាំងអស់គ្នា​ នៅក្នុង​រដូវភ្លៀង​នេះ ​ដើម្បី​កាត់បន្ថយ​ការ​រង​គ្រោះ​ និង​ស្លាប់​ដោយសារ​បាតុភូត​ធម្មជាតិ​ទាំងនេះ​។​

ក្រសួងសុខាភិបាល ​ធ្លាប់​បាន​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​នូវ​វិធី​មួយ​ចំនួន​ ដើម្បី​ការពារ​ខ្លួន​ពី​បាតុ​ភូត​រន្ទះ​ដូចជា​ នៅពេល​មាន​ផ្លេកបន្ទោរ ​ឬ​ផ្គរ​រន្ទះ​ ត្រូវ​បន្ទន់ខ្លួន​ ដោយ​បញ្ឈរជង្គង់​ទាំងពីរ​ជិត​គ្នា ​និង​យកដៃ​ខ្ទប់​ត្រចៀក ត្រូវ​រត់ចេញ​ពី​ទឹក ​ឬ ស្រែ​នៅ​ខាងក្នុង​ ឬ​រត់​ចូល​ផ្ទះ​ជា​ប្រញាប់។ ត្រូវ​ដក​ឌុយ​ដោត​ភ្លើង​ ឬ​ឌុយ​ទូរសព្ទ ដោយ​ទុក​ចម្ងាយ​១​ម៉ែត្រ​ពី​ប្រភព​ចរន្តអគ្គិសនី និង​ត្រូវ​បន្ទន់ខ្លួន​អោប​ក្បាល​ជង្គង់ ​បិទ​ត្រចៀក​ទាំងសងខាង​នៅ​ក្រោម​បង្គោល​ភ្លើង។​

ជា​មួយ​គ្នា​នេះ​ដែរ​ មិន​ត្រូវ​និយាយ​ទូរសព្ទ​ពេល​ឮ​សំឡេង​ផ្គរ មិន​ត្រូវ​ជិះ​ម៉ូតូ​ ឬ​កង់​ខណៈ​មេឃ​ភ្លៀង​ ឬ​អង្គុយ​ក្នុង​តង់ ​និង​អង្គុយ​នៅ​ក្រោម​ដើមឈើ​ឡើយ ​ត្រូវ​អង្គុយ​បន្ទន់ខ្លួន​ដោយ​រក្សា​ចម្ងាយ​៤​ម៉ែត្រ ​ពី​មែក​ឈើ​។

ចំពោះ​វិធី​សង្គ្រោះ​បឋម​នៅ​ពេល​មាន​គ្រោះ​រន្ទះ​វិញ ក្រសួង​ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ​ត្រូវ​ផ្លុំ​ខ្យល់​ចូល​មាត់​ និង​មាត់​ជាមួយ​ជនរងគ្រោះ។ ករណី​ជនរងគ្រោះ​មិន​ដកដង្ហើម ត្រូវ​សង្កត់​ដៃ​ទាំងពីរ​លើ​សន្ទះ​ទ្រូង​ ហើយ​ករណី​ជនរងគ្រោះ​គ្មាន​ជីពចរ ត្រូវ​ក្រាលកន្ទេល​ ឬ​បាវ​ឆ្នូត​កុំ​ឲ្យ​ជនរងគ្រោះ​នៅ​ផ្ទាល់​ដី ​ឬ​ទឹក​ជ្រាំ។​ ការពារ​ដើម្បី​កុំ​ឲ្យ​ជនរងគ្រោះ​រង​ភាព​ត្រជាក់​ខ្លួន​ពេក​ និង​ចល័ត​ជនរងគ្រោះ​ដោយ​ប្រុងប្រយ័ត្ន​ ក្នុង​ករណី​មាន​បាក់ឆ្អឹង​ ឬ​ហូរ​ឈាម​៕​
អត្ថបទ ៖ សំអឿន​

សូមចុចអាន ៖ ស្ត្រី​​ម្នាក់ ត្រូវ​រន្ទះបាញ់ ខណៈ​ពេល​ទៅ​ដក​ផ្សិត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114