BREAKING NEWS
Search

ម៉ន ព្រហ្ម​ម៉ាញ អាច​ស៊ូ​ជាមួយ ឆៃ សា​រ៉ា បាន​ឬ​អត់? ចំណែក ​លី​ត កែវ​ឡុង ជួប លន់ សៀកឡេង​

​ម៉ន ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​ក្លឹប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ត្រូវ​បាន​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ឆៃ សា​រ៉ា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​កងយោធពល​ខេមរភូមិន្ទ នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​០៧​មិថុនា​២០២០​នេះ នៅ​លើ​សង្វៀន​បិទទ្វារ​ខាំ​បូ​ឌា​បៀរ​បាយ័ន​ស្ទឹងមានជ័យ។

​ម៉ន ព្រហ្ម​ម៉ាញ មិន​ដឹង​ថា​ទប់​ជាមួយ​ឆៃ សា​រ៉ា បាន​ឬ​អត់​នោះ​ទេ ព្រោះថា​លើក​មុនគេ​ផ្គូ​អោយ​ជួប​ជាមួយ​ចាន់ ប៊ុន​លាភ ក្លឹប​និរោធ​មានជ័យ ព្រហ្ម​ម៉ាញ​វាយ​បានតែ​៤​ទឹក​ប៉ុណ្ណោះ ក៏​បោះបង់ចោល​ការប្រកួត​ទៅ​ហើយ​ លើក​នេះ ត្រូវ​មក​ប៉ះ​ជាមួយ​ឆៃ សា​រ៉ា​ដែល​ខ្លាំង​ជាង​ប៊ុន​លាភ​ទៀត​នោះ ពុំ​ដឹង​ថា​ព្រហ្ម​ម៉ាញ​ទប់ទល់​បាន​ប៉ុន្មាន​ទឹក​នោះ​ឡើយ ត្បិត​សា​រ៉ា​ខ្លាំង​ជាង​ប៊ុន​ លាភ​ទៅទៀត។​
​ឆៃ សា​រ៉ា គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កណ្តាប់ដៃ ទាត់ និង​ជង្គង់ ។​ហេតុនេះ​ម៉ន ព្រហ្ម​ម៉ាញ​មានតែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត សម្រាប់​ការ​ជួប​ឆៃ សា​រ៉ា​នេះ។ គួរ​បញ្ជាក់​ថា​ពីរ​នាក់​នេះ ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។

​អេ​លី​ត កែវ​ឡុង អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លឹប​ប៉ែន​កាក់​គុន​ខ្មែរ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​លន់ សៀកឡេង ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា មកពី​ក្លឹប​ថ្នល់ទទឹង​គុន​ខ្មែរ ដោយ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ អេ​លី​ត កែវ​ឡុង ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដែល​មាន​ថ្វីដៃ​ល្អ​និង​ខ្លាំង។ ជា​លើក​ទី​១​ប៉ុណ្ណោះ សម្រាប់​ការ​ជួប​ប្រកួត​ជាមួយ​លន់ សៀកឡេង នេះ។
​លន់ សៀក​ឡេង និង អេ​លី​ត កែវ​ឡុង ជួប​គ្នា​ជា​លើកដំបូង​ប៉ុណ្ណោះ ។​រវាង​ជើង​ខ្លាំង​ស្រករ​ក្រោយ​កែវ​ឡុង និង សៀកឡេង​នេះ មិន​ដឹង​ថា មិន​អាច​ទស្សន៍ទាយ​មុន​បាន​ថា នរណា​ឈ្នះ នរណា​ចាញ់​នោះ​ឡើយ។

​ចំពោះ អ្នក​ប្រដាល់​ជើង​ថ្មី រិ​ទ្ធ ភារ​ម្យ ក្លឹប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ឡាញ់ ផល្លា ក្លឹប​អេ​ភូ​ថង​កីឡា ដោយ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ពីរ​នាក់​នេះ មិន​ធ្លាប់​ជួប​គ្នា​ទេ​កន្លងមក។ ទោះជា​យ៉ាងណា រវាង​រិ​ទ្ធ ភារ​ម្យ និង​ឡាញ់​ផល្លា នេះ​មិន​ដឹង​ថា​នរណា​ជា​អ្នកឈ្នះ​នោះ​ទេ​? ។ ចំណែក ធន វីរៈ​ពណ៌ សមាគម​កីឡាប្រដាល់​កងយោធពល​ខេមរភូមិន្ទ នឹង​ជួប​ប្រកួត​ជាមួយ​ចាន់ សុខ​ហឿន ក្លឹប​នាគរាជ​មានជ័យ​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម។ ពួកគេ​ទាំងពីរ​នាក់​នេះ​ល្អ​និង​ខ្លាំង​ប្រហាក់​ប្រហែល​គ្នា តែ​ក៏​មិន​ធ្លាប់​ជួប​គ្នា​ដែរ​កន្លងមក។ យ៉ាងណា រវាង​ពីរ​នាក់​នេះ ទោះបី​ឈ្នះ​ចាញ់​គឺ​សុទ្ធតែ​ទ្រោម​រៀងៗ​ខ្លួន​ហើយ៕​
អត្ថបទ៖ វិ​សិទ្ធ
សូមចុចអាន៖ឯម សុធី ជួប អេ សា​រ័ត្ន ឯ រិ​ទ្ធ ប៊ុន​ម៉ៅ​ ជួប​សៅ វណ្ណា នៅ​សង្វៀន​បិទទ្វារ​វ៉ើក​បាយ័ន​ស្ទឹងមានជ័យ​