BREAKING NEWS
Search

កាំកុងត្រូល​ រក​ឃើញ​ទំនិញ​ខូចគុណភាព​ និង​​ផ្ទុក​សារធាតុ​គីមី​បូរាក់​ ក្នុង​ផ្សារ​ជី​ភូ ក្រុង​បាវិត​

ស្វាយរៀង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​មិថុនា​ ឆ្នាំ​២០២០​នេះ បាន​ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ផ្សារ​ជី​ភូ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ខេត្ត​ស្វាយរៀង ក្នុង​គោលបំណង​ស្វែងរក​សារធាតុ​គីមី ដែល​តាំង​លក់​លើ​បន្លែ​ ត្រី​ សាច់ គ្រឿង​ឧបភោគ ​បរិភោគ ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់។

លោក ផឹង និល ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ថ្លែង​ថា សកម្ម​ភាព​ចុះ​ត្រួតពិនិត្យ​នៅ​ផ្សារ​ជី​ភូ កាលពី​ព្រឹក​មិញ មន្ត្រី​ជំនាញ​យើង​​ពិនិត្យ​គ្រឿង​ឧបភោគ បរិភោគ​ នៅ​តាម​ស្តង់ ​ក្នុង​ផ្សារ​តាំង​លក់ទំនិញ​ និង​បាន​ប្រើប្រាស់​ឧបករណ៍​ធ្វើ​Test Kits ​បឋម​លើ​ម្ហូបអាហារ​ចំនួន​៣៣​គំរូ​ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

លោក ​ផឹង និល​ បាន​បញ្ជាក់​ថា​ ជា​លទ្ធផល ​ក្រោយពី​ការអនុវត្ត​ការងារ​ មន្ត្រី​ជំនាញ​ បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​៦​មុខ មាន​ដូចជា ​ទឹកដោះគោ​១៦​កំប៉ុង តែ​២៣​កញ្ចប់ ថ្នាំដុសធ្មេញ​​៧​ប្រអប់ ទឹកក្រូច​ម៉ាក​7up​ ចំនួន​១២​កំប៉ុង និង ​ខ្ទឹមស​១​កញ្ចប់ ​ស្មើនឹង​៥kg(​ខូចគុណភាព​)​ ងៀត​បបែល​ចំនួន​២kg(​មាន​សារធាតុ​គីមី​borax)។​ ក្នុងនោះ ​មន្ត្រី​ជំនាញ​ ក៏​បាន​ធ្វើ​កំណត់​ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​យក​មក​រក្សាទុក​ ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​ផង​ដែរ​។​

លោក ផឹង និល បាន​បញ្ជាក់​ទៀត​ថា មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នឹង​ចុះ​ពិនិត្យ​មុខទំនិញ​ឲ្យ​បាន​ដូច​ភ្លៀងរលឹម ​ដើម្បី​ស្វែង​រក​សារធាតុ​ដែល​ហាមឃាត់ (​សារធាតុ​គីមី​) ​ធ្វើ​ឲ្យ​អ្នក​បរិភោគ​អាច​ប៉ះពាល់​ដល់​សុខភាព​។ ព្រមទាំង បាន​ស្នើ​ឲ្យ​អាជីវករ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​ផ្សេង​ៗ​គ្រប់​ភេទ​នៅ​តាម​ទីផ្សារ​ ក្នុង​ខេត្ត​បន្ត​ទៀត​ផង​ដែរ​៕
អត្ថបទ ៖ ​គឹម​សេង

សូមចុចអាន ៖ មន្ត្រីកាំកុងត្រូល​ចុះ​ពិនិត្យ​ចំណីអាហារ​ ដើម្បី​លើកកម្ពស់​ផ្នែក​សុខភាព អ្នក​បរិ​ភោគ




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114