BREAKING NEWS
Search

ផ្ដន្ទាទោស​បុរស​កូឡុំប៊ី​២​នាក់​ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ករណី​នាំចូល​កា​កូ​អ៊ីន​ មក​កម្ពុជា​

ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០៥ ខែ​មិថុនា ឆ្នាំ​២០២០​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​បុរស​ជនជាតិ​កូឡុំប៊ី​២​នាក់​ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទ​ប្រកាន់​ ពីបទ​ដឹកជញ្ជូន​សារធាតុ​ញៀន​ចូល​មក​កម្ពុជា។

ជនជាប់ចោទ​ទាំង​២​នាក់​រួមមាន ៖
ទី​១/ឈ្មោះ giverndo pinto felixrorigo ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​អ្នកជំនួញ​នៅ​ក្នុង​ប្រទេស​ចិន។​
ទី​២/​ឈ្មោះ Gilraldo Maryland gungaros ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​អ្នកជំនួញ​ត្បូងថ្ម​ពី​កូឡុំប៊ី ទៅ​ប្រទេស​ចិន។​

តុលាការ​កម្ពុជា ​បើកផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើ​មិន​សុខ​ចិត្តនឹង​សេចក្ដី​សម្រេច​នេះ។

កាលពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នគរបាល​កម្ពុជា បាន​ទទួល​ព័ត៌មាន​ពី​ប្រទេស​ប្រេស៊ីល​ម​កថា មាន​ការ​ដឹកជញ្ជូន​ថ្នាំញៀន​ជា​អន្តរជាតិ​ចូល​មក​ប្រទេស​កម្ពុជា​តាមរយៈ​ក្រុមហ៊ុន DHL។​

បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​នេះ សមត្ថកិច្ច​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន DHL ពិនិត្យ​លើ​កញ្ចប់​បញ្ញើ​មួយ​មកពី​ប្រទេស​ប្រេស៊ីល ដោយមាន​អ្នកទទួល​បញ្ញើ​នៅ​ប្រទេស​កម្ពុជា ឈ្មោះ សោម វុទ្ធី ជា​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត ម៉ាក​សឺដេស ទីលំនៅ​លេខ​១៨១ ផ្លូវ​ទេពផន សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួល​គោក។ ក្នុង​កញ្ចប់​បញ្ញើ​នោះ មា​នរូ​ស៊័​រ​មួយ​ដើម និង​គ្រឿងញៀន​កា​កូ​អ៊ីន ទម្ងន់​២០​គីឡូ​ក្រាម។ ពិនិត្យ​ឃើញ​ដូច្នេះ សមត្ថកិច្ច​ ក៏បាន​ទាក់ទង​ឲ្យ​អ្នកទទួល​បញ្ញើ​មក​យក ហើយ​​ឃាត់​ខ្លួន ​ឈ្មោះ សោម វុទ្ធី ក្នុងពេលនោះ។​

ក្រោយ​សួរចម្លើយ សោម វ​ទ្ធី ក៏​លេចចេញ​នូវ​បុរស​ជនជាតិ​កូឡុំប៊ី​២​នាក់​ទៀត​ ជា​ម្ចាស់​កញ្ចប់​បញ្ញើ​មកពី​ប្រទេស​ប្រេស៊ីល​នោះ គឺ ​ទី​១/​ឈ្មោះ Guvendo pinto felixrorigo ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​អ្នក​ជំនួញ​នៅ​ក្នុង​ប្រទេស​ចិន។ ទី​២/​ឈ្មោះ Gilraldo Maryland gungaros ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​អ្នក​ជំនួញ​ត្បូងថ្ម​ពី​កូឡុំប៊ី ទៅ​ប្រទេស​ចិន។​

រឿងក្ដី​នេះ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លើក​យក​មក​បើកសវនាការ​បញ្ចប់​នៅ​ថ្ងៃ​ទី ២៨​ ខែ​ឧសភា ឆ្នាំ​២០២០។ ក្នុង​សវនាការ បុរស​កូឡុំប៊ី​ទាំង​២​នាក់ ​បាន​បដិសេធ​ថា ​ពួកគេ​មិនមែន​ជា​ម្ចាស់​គ្រឿងញៀន​នោះ​ទេ។

ឈ្មោះ Guvendo pinto felixrorigo បាន​ឆ្លើយ​ក្នុង​សវនាការ​ថា នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៧ ខ្លួន​បាន​ទំនាក់ទំនង​តាម​វី​ឆាត​ ឈ្មោះ សោម វុទ្ធី ដើម្បី​កុម្ម៉ង់​រូ​ស័​រ​រថយន្ត​ ពី​៥០០​ដើម ទៅ​៧០០​ដើម ពី​កម្ពុជា​ទៅ​បរទេស។ ក្នុងនោះ ក៏បាន​ផ្ញើ​គំរូ​រូស័រ​ពី​ប្រទេស​ប្រេស៊ីល​មក​ឲ្យ​ ឈ្មោះ សោម វុទ្ធី ដោយ​កញ្ចប់​បញ្ញើ​នោះ​មកដល់​កម្ពុជា​ នៅ​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ តាមរយៈ​ក្រុមហ៊ុន DHL។ លុះ​ពេល​ឈ្មោះ​ សោម វុទ្ធី ទៅ​ទទួលយក​រូ​ស័​រ​គំរូ​នោះ​ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន គឺ​ខ្លួន​មិន​ដឹង​ទេ ហើយ​បាន​ប្រាប់​ថា បើ​គំរូ​នោះ​មិន​មាន​ ឲ្យ​ទុក​គំរូ​ដើម​វិញ។​

រហូតដល់​ថ្ងៃទី​២៥​វិច្ឆិកា ឈ្មោះ Guvendo pinto felixrorigo ឲ្យ​​មិត្តភ័ក្ដិ​ ឈ្មោះ Gielraldo Maryland gungaros និង ​ម៉ូតូ​តុ​តុ ទៅ​ទទួលយក​កញ្ចប់​បញ្ញើ​ពី​ឃ្លាំង​របស់ សោម វុទ្ធី ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែម្ដង។ បន្ទាប់មក ​ក៏​តាម​ទៅ​ចាប់​មេខ្លោង​Guvendo pinto felixrorigo នៅ​ផ្សារ​ចាស់។​

ចំណែក​ឈ្មោះ Maryland gungaros បាន​សារភាព​ថា ខ្លួន​ត្រូវ​បាន​មិត្តភ័ក្ដិ​ហៅ​ឲ្យ​មក​កម្ពុជា​ដើម្បី​ពន្យារ​ទិដ្ឋាការ ដោយ​កំណត់​ឲ្យ​​ស្នាក់​នៅតែ​មួយថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​ជិះ​ម៉ូតូ​តុ​តុ ចេញពី​ព្រលានយន្តហោះ ហើយ​ដើរ​កម្សាន្ត​លេង​មុន​ពេល​ត្រឡប់​ទៅវិញ។ លុះ​ដល់​ពេល​អ្នក​បើក​ម៉ូតូ​តុ​តុ ឈប់​នៅ​ចំណុច​ហ្គារ៉ាស់​រថយន្ត​មួយ ​ក៏​ត្រូវ​សមត្ថកិច្ច​កម្ពុជា​ចាប់​តែម្ដង។ ចំពោះ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹបអូស​បាន​មក ​ខ្លួន​មិនដឹង​ទេ។​

ទោះបី​ជនជាប់ចោទ​បាន​បដិសេធ តែ​តំណាង​អយ្យការ លោក សាយ ណូ​រ៉ា បាន​ស្នើ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជនបរទេស​ទាំង​២​នាក់​ ឲ្យ​បាន​តឹងរ៉ឹង​បំផុត៕
អត្ថបទ ៖ មករា​

សូមចុចអាន ៖ បង្ក្រាប​គ្រឿងញៀន​ជិត​២​គីឡូក្រាម ជាមួយ​កញ្ឆា​ក្រៀម​០២​បេ និង​មនុស្ស​២​នាក់ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114