BREAKING NEWS
Search

គ្រូ​ភ្នំពេញ​ក្រោ​ន លោក ស៊ុំ វណ្ណា ថា​ ការ​វិល​ត្រឡប់​មក​ហ្វឹកហាត់​វិញ​របស់​កូន​ក្រុម​ ហាក់​មាន​បញ្ហា​ខ្លះ​ៗ

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​ត្រឡប់មក​ហ្វឹកហាត់​ជុំគ្នា​ដូច​ធម្មតា​វិញ​ហើយ​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​ទទួលបាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ឲ្យ​ដំណើរការ​សកម្មភាព​កីឡា​ឡើងវិញ ក្រោយ​ផ្អាក​អស់​រយៈ​ជិត៣​ខែ​ ដោយសារ​ការរីក​រាលដាល​ នៃ​ជំងឺ​កូ​វីដ​-១៩​។​

លី​គ​កំពូល​កម្ពុជា បាន​ផ្អាក​តាំងពី​ចុងខែ​មីនា បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩ (COVID-19) បាន​រាតត្បាត​ជា​សកល​ ទាំង​នៅ​ជុំវិញ​ពិភពលោក ជាខ្លាំង ដែល​បង្ខំ​ឲ្យ​កីឡាករ​គ្រប់រូប​ត្រូវធ្វើ​ការហ្វឹកហាត់​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ហើយ​ត្រូវបាន​តាមដាន​ដោយ​ក្លិប​ពី​ចម្ងាយ​។​

យ៉ាងណា​ត្បិត​មានការ​តាមដាន ប៉ុន្តែ លោក ស៊ុំ វណ្ណា គ្រូបង្វឹក​ក្រុម​ដែល​កំពុង​នាំមុខគេ​កំពូល​តារាង​លី​គ​កំពូល​កម្ពុ​ជាមួយ​នេះ​ បាន​បង្ហើប​ថា ​មាន​កីឡាករ​ខ្លះ​ធ្វើបាន​តាម​ការណែនាំ និង​ខ្លះទៀត​ធ្វើ​ពុំ​សូវ​បានល្អ​ឡើយ​។ នេះ​បើ​យោងតាម​កិច្ច​សម្ភាសន៍​របស់​លោក​ផ្ទាល់​ជាមួយ​ស្ថានីយ​ទូរទស្សន៍ BTV News​។​

លោក ស៊ុំ វណ្ណា បាន​លើកឡើងថា ‘​ទាក់ទង​នឹង​ការវិល​ត្រឡប់​មកវិញ​នេះ ហើយ​យើង​បាន​សម្រាក​ក្នុង​រយៈពេល​មួយ​ដ៏​យូរ យើង​គិត​ថា យើង​នឹង​ប្រឈម​បញ្ហា ប្រឈម​បញ្ហា​ធំ​ច្រើន ដូចជា​បញ្ហា​ពេល​វេលា ត្រូវការ​ពេលវេលា ៤​ ទៅ​៥​សប្ដាហ៍ ​ដើម្បី​រៀបចំ​កីឡាករ​ឲ្យ​ទៅ​សភាព​ដើម​វិញ។ អ៊ីចឹង​យើង​ចូល​ភ្លាមៗ​អ៊ីចឹង យើង​គិត​ថា​យើង​ធ្វើ​អត់​បានល្អ ហើយ​អ្វីដែល​យើង​ព្រួយបារម្ភ​ខ្ពស់​បំផុត​នោះ​គឺ​កីឡាករ​របស់​យើង​មួយចំនួន អាច​នឹង​របួស នៅពេលដែល​​បង្ខំ​ឲ្យ​គាត់​ហាត់​ខ្លាំង ដោយសារ​ក្នុង​រយៈ​ពេល​ដែល​គាត់​សម្រាក អ្នកខ្លះ​បាន​អនុវត្ត Fitness នៅផ្ទះ។ អ្នកខ្លះ​បាន​បន្តិចបន្តួច ហើយ​អ្នកខ្លះ​ស្ទើរ​តែ​មិនបាន ហ្នឹង​ក៏​ដោយសារ​ការ​តាមដាន​របស់​យើង​មិន​ល្អិតល្អន់។ អ៊ីចឹង​ហើយ ​យើង​ចូលមក​រៀង​យឺត​ជាងគេ​ទៀត ធ្វើ​ឲ្យ​យើង​រឹតតែ​បារម្ភ​ខ្លាំង ប៉ុន្តែ​ទោះយ៉ាងណា​ក៏​ក្រុមការងារ​របស់​យើង ទាំង​ពេទ្យ ទាំង​គ្រូ​ចំណីអាហារ​ទាំងអស់ យើង​គួរតែរៀបចំ​ការហ្វឹកហាត់​របស់​យើង​បែបនេះ​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដល់​កីឡាករ​។​’

លោក​ក៏​រំពឹង​កូន​ក្រុម​ឆាប់​ប្រមូល​កម្លាំង​មកវិញ​បាន​ឆាប់ៗ​ផង​ដែរ ដើម្បី​បន្ត​ធ្វើតាម​អ្វីដែល​ក្លិប​បានធ្វើ​កាលពី​៥​សប្ដាហ៍​ដំបូង ​នៃ​លី​គ ​មុន​ផ្អាក​ដោយសារ​កូ​វីដ​-១៩​។​

សូម​រំឭក​ដែរ​ថា លី​គ​កំពូល​កម្ពុជា បាន​ផ្អាក​ចាប់តាំងពី​ថ្ងៃទី​១៥ ខែ​មីនា ក្រោយ​ប្រកួត​បានត្រឹមតែ ៥​សប្ដាហ៍ ខណៈ​ក្រុម​របស់លោក ឈរ​នៅ​កំពូល​តារាង ដែលមាន​១៣​ក្រុម ក្រោយ​ប្រកួត​៥​ដង ឈ្នះ ៤​ដង និង​ស្មើ​១​ដង មិនដែល​ចាញ់ មាន​១៣​ពិន្ទុ​ក្នុង​ដៃ និង​ថែមទាំង​មិនទាន់​របូត​គ្រាប់​បាល់​សូម្បី​តែ​មួយ​គ្រាប់ ខណៈ​ការប្រកួត​លី​គ​ក៏​គ្រោង​នឹង​ត្រឡប់​មកវិញ​នៅ​ថ្ងៃទី​០៤ ខែ​កក្កដា ឆ្នាំ​២០២០ ខាងមុខ​នេះ​ផង​ដែរ​៕

សូមចុចអាន ៖ លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់ ​សម្ដេច​តេ​ជោ ហ៊ុន សែន កំណត់​ថ្ងៃ​ត្រឡប់​មកវិញ​ជា​ផ្លូវការ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114