BREAKING NEWS
Search

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​អរគុណ ​និង​សាទរ​សប្បុរសជន ​ដែល​​ចូលរួម​ក្នុង​ទិវា​កាក​បាទក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥៧

ភ្នំពេញ ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​នូវ​ការ​អរគុណ ​និង​សាទរ ​ក្នុង​ពេល​ទទួល​ថវិកា​មនុស្សធម៌​ពី​សប្បុរសជន នា​ឱកាស​ខួប​លើក​ទី​១៥៧ ទិវា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ ” ខ្ញុំ ស្រឡាញ់​សន្តិភាព និង​កាកបាទក្រហម​កម្ពុជា ” កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០២០។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ស្វាយ​រៀង បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្ដម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ជា​សប្បុរស​ជន​ ទាំង​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ដែល​បាន​ចូលរួម​វិភាគទាន​ជាមួយ​សាខា​កាកបាទ​ក្រហម​ខេត្ត​ស្វាយរៀង​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ក្នុងនាម​គណៈ​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​ស្វាយ​រៀង​បាន​បន្ត​ទៀត​ថា មូលនិធិ​ដែល​ទទួល​​ពី​សប្បុរសជន ​ក្នុង​ទិវា​កាកបាទក្រហម អឌ្ឍ​ចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២០​នេះ បាន​ជួយ​ឲ្យ​សាខា​អាច​ធ្វើ​ប្រតិបត្តិការ​ការងារ​មនុស្សធម៌ ដោយ​ពុំ​មាន​ការរើសអើង​ សំដៅ​រួមចំណែក​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ការ​កសាង​ភាព​ធន់​ទៅ​នឹង​គ្រោះ​មហន្ត​រាយ​ផ្សេងៗ កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ នៃ​មាតា និង​ទារក កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ការ​លើក​កម្ពស់​គោលការណ៍​គ្រឹះ​ នៃ​តម្លៃ​មនុស្សធម៌ សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ និង​វប្បធម៌ អហិង្សា​នានា​ នៅ​ក្នុង​ខេត្ត​ស្វាយរៀង។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត សង្ឃឹម​ និង​ជឿជាក់​ថា សប្បុរសជន នឹង​បន្ត​ចូលរួម​វិភាគទាន​បន្ត​ទៀត ដើម្បី​ទ្រទ្រង់​ដល់​សាខា​កាកបាទក្រហម​ខេត្ត​ស្វាយរៀង ​ក្នុង​ការ​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​៕

អត្ថបទ ៖ វិមាន​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114