BREAKING NEWS
Search

មេ Google ប្រាប់ក្បួន​សម្ងាត់ ដែលធ្វើឲ្យក្រុមហ៊ុនឈានដល់ចំណុចកំពូល

ក្រុមហ៊ុន Google  ជាក្រុមហ៊ុនបច្ចេកវិទ្យា​ដ៏ធំបំផុត ដំណើរការ​នាឆ្នាំ ១៩៩៨។ ក្រុមហ៊ុនយក្សនេះ ជាសមិទ្ធផលពីសហស្ថាបនិកលោក Lary Page និងលោក Sergey Brin។ ត្រឹម ២០ ឆ្នាំ Google អាចវិវត្តខ្លួនពីក្រុមហ៊ុនតូចមួយឱ្យក្លាយជាក្រុមហ៊ុនកំពូលរបស់ពិភពលោក ហើយមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់។

តើស្ថាបនិកក្រុមហ៊ុន Google មានគន្លឹះដឹកនាំអ្វីខ្លះដែលធ្វើឲ្យក្រុមហ៊ុនខ្លួនឈានមកដល់ចំណុចកំពូលនេះ?

១. ព្យាយាមធ្វើកិច្ចការដោយខ្លួនឯង

ជាទូទៅក្នុងនាមជាមេដឹកនាំមួយរូប ប្រសិនបើចង់ឱ្យខ្លួនមានពេលវេលា និងមានសេរីភាពក្នុងការធ្វើការងារផ្សេងៗបានច្រើន ពួកគេរមែងផ្ទេរការងារមួយចំនួនឱ្យទៅថ្នាក់ក្រោម។ ប៉ុន្តែចំពោះ Lary Page វិញ លោកតែងតែព្យាយាមធ្វើកិច្ចការសំខាន់ដោយខ្លួនឯងតាមដែលអាចធ្វើទៅបាន ព្រោះលោកយល់ថា ការធ្វើអ្វីៗដោយខ្លួនឯងអាចធ្វើឱ្យកិច្ចការងារមានគុណភាព និងសម្រេចបានលឿនជាងការពឹងឱ្យអ្នកដទៃធ្វើ។

២. ផ្ដល់តម្លៃលើគំនិតសំខាន់ជាងវ័យ

មនុស្សមួយចំនួនយល់ថា អ្នកមានអាយុតិច គឺមានគំនិតក្មេងខ្ចី ឬមានចំណេះដឹងទាបទៅតាមអាយុជាដើម។ ផ្ទុយពីនោះ Lary Page ជឿថា យើងមិនអាចវាយតម្លៃគំនិតរបស់មនុស្សម្នាក់ៗ ដោយគ្រាន់តែមើលទៅលើអាយុរបស់ពួកគេឡើយ។ មនុស្សវ័យក្មេងតែងមានគំនិតច្នៃប្រឌិតប្លែកៗ ដែលស័ក្តិសមបំផុតជាមួយក្រុមហ៊ុនបច្ចេកវិទ្យា។ ដូច្នេះហើយបានជាលោកដឹកនាំដោយឱ្យតម្លៃទៅលើគំនិតរបស់មនុស្សម្នាក់ៗ ជាជាងវ័យរបស់បុគ្គលិក។

៣. ធ្វើការដើម្បីក្ដីស្រមៃមិនមែនដើម្បីលុយ

របៀបដឹកនាំបុគ្គលិករបស់ស្ថានិក Google រូបនេះ គឺលោកតែងតែព្យាយាមបង្កើតបរិយាកាសការងារឱ្យមានភាពសប្បាយរីករាយជាមួយការបំពេញការងារ ហើយធ្វើការដើម្បីក្ដីស្រមៃរបស់ខ្លួន មិនមែនដើម្បីលុយជាធំនោះទេ។ លោកមានប្រសាសន៍ថា “ប្រសិនបើយើងធ្វើអាជីវកម្មដើម្បីតែលុយជាធំ ប្រហែលជាយើងលក់ក្រុមហ៊ុនចោលជាយូរមកហើយ និងយើងសុខចិត្តលំហែកាយតាមមាត់សមុទ្រវិញល្អជាង”។

៤. ហ៊ានគិតគំនិតឆ្កួតៗ

លោក Larry Page តែងតែជំរុញឱ្យបុគ្គលិករបស់ខ្លួនជឿលើគំនិតឆ្កួតៗ ព្រោះលោកជឿថាគំនិតឆ្កួតៗទាំងនោះភាគច្រើន គឺជាគំនិតដែលអាចផ្លាស់ប្តូរពិភពលោកបាន។ លោកបាននិយាយថា “គំនិតមួយចំនួន វាពិតជាឆ្កួតលីលាមែនទែន រហូតដល់មនុស្សភាគច្រើនមិនហ៊ានសាកល្បង ប៉ុន្តែបើអ្នកហ៊ានយកគំនិតឆ្កួតៗនោះទៅអនុវត្ត នោះអ្នកនឹងមានដៃគូប្រកួតប្រជែងតិចតួចបំផុត”។

៥. ហ៊ានសម្រេចចិត្តឱ្យបានរហ័ស

ដើម្បីចាប់យកឱកាសឱ្យបានមុនគេ ពេលខ្លះយើងត្រូវធ្វើការសម្រេចចិត្តឱ្យបានលឿនបំផុត។ ក្រោមការដឹកនាំរបស់ Lary លោកតែងតែលើកទឹកចិត្តឱ្យបុគ្គលិកព្យាយាមធ្វើការសម្រេចចិត្តលើកិច្ចការងារអ្វីមួយបានលឿនបំផុត ទោះបីការសម្រេចចិត្តរហ័សអាចធ្វើឱ្យភាគរយខុសមានខ្ពស់ក៏ដោយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Forbes

ចុចអាន៖ មេដឹកនាំល្អ​គឺអ្នកដែលអាចបង្កើតមេដឹកនាំបន្តជាច្រើនទៀតបាន

ចុចអាន៖  បុគ្គល​ល្បីល្បាញ​ទាំង ​៥ នាក់​ ដែលសែនបរាជ័យ​មុនពេល​បាន​ដល់គោលដៅ