BREAKING NEWS
Search

កូរ៉េខាងជើងព្រមានអាមេរិកកុំឲ្យលូកដៃក្នុងកិច្ចការអន្តរកូរ៉េបើចង់បានសុខ

ប្រទេសកូរ៉េខាងជើងបានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ដោយសារតែការរិះគន់លើសេចក្តីសម្រេចចិត្តរបស់ខ្លួនក្នុងការកាត់ផ្តាច់បណ្តាញទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលដោយព្រមានថា អាមេរិកកុំលូកដៃក្នុងកិច្ចការអន្តរកូរ៉េប្រសិនបើខ្លួនចង់ធានាឲ្យមានការបោះឆ្នោតប្រធានាធិបតីដោយរលូន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA, មន្ត្រីជាន់ខ្ព​ស់ក្រសួងការបរទេសកូរ៉េខាងជើងបានស្តីបន្ទោសអាកប្បកិរិយាបោកប្រាស់របស់សហរដ្ឋអា​មេរិកថា “គួរឲ្យស្អប់ខ្ពើម”។

លោក Kwon Jong Gun អគ្គនាយកនៃនាយកដ្ឋានកិច្ចការសហរដ្ឋអាមេរិកបាននិយាយថា ទី​ក្រុងវ៉ាស៊ីនតោនគួរតែកុំមាត់ហើយគិតពីកិច្ចការផ្ទៃក្នុងរបស់ខ្លួនជាមុនសិនប្រសិនបើខ្លួនមិនចង់ជួបរឿងអាក្រក់និងធានាថាមានភាពងាយស្រួលនៃការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។

ការគំរាមគំហែងនេះបានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះមុនថ្ងៃគម្រប់ខួប២ឆ្នាំនៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តក្នុងប្រទេសសិង្ហបុរីដែលនៅទីនោះ លោក គីម ជុងអ៊ុន បានចាប់ដៃជាមួយលោក ដូណាល់ ត្រាំ ដោយក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេដែលបានជួបជាមួយប្រធានាធិបតីកំពុងកាន់តំណែងរបស់សហរដ្ឋអាមេរិក។

ការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងត្រូវបានជាប់គាំងចាប់តាំងពីការដួលរលំនៃកិច្ចប្រជុំ ត្រាំ-គីម លើកទី២នៅទីក្រុងហាណូយកាលពីឆ្នាំមុនជុំវិញអ្វីដែលក្រុងព្យុងយ៉ាងនឹងសុ​ខចិត្តលះបង់ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។

យ៉ាងណាក្តី កូរ៉េខាងជើងបានជះកំហឹងទៅលើទីក្រុងសេអ៊ូលជាជាងទីក្រុងវ៉ាស៊ីនតោនដោយពួកគេបានធ្វើការសាកល្បងអាវុធជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ចាប់តាំងពីសប្តាហ៍មុនមក ក្រុងព្យុងយ៉ាងបានបរិហារកូរ៉េខាងត្បូងហើយកាលពីថ្ងៃអង្គារបានប្រកាសថា ខ្លួននឹងកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនងផ្លូវការជាមួយប្រទេសជិតខាងមួយនេះ។

ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចនេះ៕ AFP

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ