BREAKING NEWS
Search

លោក​ ស៊ុន​ សុទ្ធា​រិ​ទ្ធ​​ ៖​ ពេញ​មួយ​ឆ្នាំនេះ ទាំង​ការប្រកួត​ និង​ប្រជុំ ​សុទ្ធតែ​ត្រូវ​លើក​ពេល​

អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​(​ប៉េង​ប៉ុង​)​ លោក​ ស៊ុន​ សុទ្ធា​រិ​ទ្ធ​ បាន​និយាយ​ឲ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំនេះ អ្វីៗ​នៅ​ក្រៅ​ប្រទេស​ ត្រូវបាន​លុបចោល ក្នុង​នោះ​មាន​ទាំង​ការប្រជុំ មហា​សន្និបាត និង​ការប្រកួត​នានា​ទៀត​ផង​។

​លោក​បង្ហាញ​ពី​ការ​សោកស្ដាយ​ចំពោះ​ការប្រកួត​ជើងឯក​យុវជន​អាស៊ាន​នា​ខែ​សីហា​ខាងមុខនេះ តែ​ការប្រកួត​នេះ​ ត្រូវ​បាន​ពន្យារពេល​ទៅ​ហើយ។

កីឡាវាយកូនឃ្លីលើតុ​បច្ចុប្បន្ន​នេះ សម្រាប់​ប្រភេទ​កីឡាករ​-​កីឡា​ការិនី​ថ្នាល ត្រូវ​បាន​ហ្វឹកហាត់​ឡើង​វិញ បន្ទាប់ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​អនុញ្ញាត​ជាថ្មី​នោះ។​

លោក​ ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​បាន​បញ្ជាក់​ថា សម្រាប់​កីឡា​ថ្នាល​ដែល​សុទ្ធតែ​ស្ថិត​ក្នុង​វ័យ​ជា​យុវជន​នោះ គេ​ត្រូវការ​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឲ្យ​បាន​ច្រើន។ ការប្រកួត​ក្នុងស្រុក​ជា​រឿង​សំខាន់​ហើយ តែ​បើ​មិន​មាន​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឲ្យ​បាន​ច្រើន​ទេ​នោះ នៅ​ពេល​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​លើកដំបូង ពួកគេ​នឹង​ភ័យ គេ​នឹង​បារម្ភ​ តែ​បើ​មានការ​ប្រកួត​ជា​ញឹកញាប់​នោះ ​អ្វីៗ​ក្លាយ​ជា​រឿង​ធម្មតា។

លោក​ស៊ុន សុទ្ធា​រិ​ទ្ធ បាន​អះអាង​ពី​ការ​ពង្រឹង​នូវ​សមត្ថភាព​កីឡាករ កីឡា​ការិនី​ថ្នាល​ឲ្យ​បាន​រឹងមាំ​ទោះបី​មានការ​ប្រកួត ឬ គ្មាន​ការប្រកួត​ក៏ដោយ​។​ កីឡា​ ការ​ហ្វឹកហាត់​ និង​ការប្រកួត ​ត្រូវ​តែដើរ​ទន្ទឹម​គ្នា ​ហ្វឹកហាត់​ដោយ​គ្មាន​ការប្រកួត ​ប្រៀបដូចជា​កាំបិត​ដែល​សំលៀង​មុត​ហើយ​មិន​ប្រើ​ ដោយ​ទុក​ឲ្យ​វា​ច្រេះ​ចោល​ទទេ​ៗ​។​

លោក​អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា បាន​ទទួល​ស្គាល់​ថា ចំណុច​ប្រឈម​ពិត​ជា​មាន​ហើយ​សម្រាប់​ការ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​នោះ​។ តាមពិត​ប្រភេទ​កីឡាវាយកូនឃ្លីលើតុ ងាយ​រក​ទីកន្លែង​ហាត់ និង​ប្រកួត​បាន។ តែ​ការ​ហ្វឹកហាត់​ដោយ​គ្រូ​ឈរ​នៅ​ពី​ចម្ងាយ​បែបនេះ វា​មិន​ប្រសើរ​ដូច​ហ្វឹកហាត់​ដោយ​ផ្ទាល់​ពី​គ្រូ​ឡើយ។​

​ទាំង​កត្តា​ពេលវេលា ទាំង​កត្តា​ចិត្តសាស្ត្រ វា​មិនបាន​ជំរុញ​ឲ្យ​ពួកគេ​ហ្វឹកហាត់​បាន​គ្រប់គ្រាន់​តាម​ស្តង់​ដារ​ ដូច​ហ្វឹកហាត់​នៅ​កន្លែង​ប្រមូលផ្ដុំ​នោះ​ទេ។ តែ​អ្វីៗ វា​បាន​កន្លង​ហួសហើយ ​ពេលនេះ​អ្វីៗ​បាន​ចាប់​ផ្ដើម​ជាថ្មី ទោះបី​រាល់​ការ​ហ្វឹកហាត់​ត្រូវ​ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ក៏ពិតមែន តែ​ពួកគេ​បាន​ហ្វឹកហាត់​ផ្ទាល់​ជាមួយ​គ្រូ៕​
អត្ថបទ ៖ វិ​សិទ្ធ​

សូមចុចអាន ៖ គ្រូបង្វឹក​ក្រុម​នារី​ភ្នំពេញ​ក្រោ​ន ត្រឡប់​មក​ហ្វឹកហាត់​សាជាថ្មី ក្រោយ​សម្រាក​ជិត​៣​ខែ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114