BREAKING NEWS
Search

ដំណោះស្រាយសមស្របជាមួយមនុស្សពូកែរិះគន់ទំាងអវិជ្ជមាននិងវិជ្ជមាន

មនុស្ស​ខ្លះមិនដែលធ្វើអ្វីបានដុំកំភួនទេ តែ​រឿងរិះគន់វិញ​ពុកែផ្តាំ។ នេះគឺជារឿងមួយដែលមនុស្តែង​ជួបប្រទះ មិនថាក្នុងជីវិត​ការងារ នៅសាលា​ក្នុងសង្គម​ដែលមានមនុស្សច្រើនជំពូក។

យ៉ាងណាការរិះគន់ទាំងអស់អាចមានផ្លូវពីរ ដោយអ្នកអាចយកការរិះគន់ជារឿងវិជ្ជមាន ក្នុងការអភិវឌ្ឍន៏ខ្លួន ឬមួយទៀតយកការរិះគន់នោះជារឿងអវិជ្ជមានដែលអាចដឹកនាំអ្នកទៅកាន់ភាពខឹងសម្បារ សម្ដែងការមិនពេញចិត្ត ឬវាយប្រហារបកទៅវិញ។

ជាធម្មតានៅពេលមនុស្សទទួលការរិះគន់ពីអ្នកដទៃ ពួកគេរមែងឆ្លើយតបវិញដោយភាពខឹងសម្បារ ឬការមិនពេញចិត្ត ដែលអាចបង្កជាជម្លោះរវាងភាគីទាំងពីរ។ តួយ៉ាងការដែលអ្នកតបតទាំងក្រេវក្រោធ មិនពេញចិត្តនូវការរិះគន់នោះ វាអាចប៉ះពាល់ដល់រូបភាពខាងក្រៅរបស់អ្នក។ ដូច្នេះក្នុងការឆ្លើយតបចំពោះការរិះគន់ទាំងនោះ អ្នកត្រូវតែមានការពិចារណាឱ្យបានល្អិតល្អន់ និងគិតឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងតបតគេវិញ។

ចំពោះការឆ្លើយតបអាចអាស្រ័យទៅលើការរិះគន់ដែលអ្នកទទួលបាន តើអ្នកគិតថាវាជារិះគន់លក្ខណៈជាន់ពន្លិច ឬជាការរិះគន់លក្ខណៈស្ថាបនា?

ប៉ុន្តែទោះជាយ៉ាងណា អ្នកគួរតែឆ្លើយតបដោយភាពវិជ្ជមានជានិច្ច មិនថាការរិះគន់យ៉ាងណាក៏ដោយ។ ដើម្បីការពារកិត្តិយសខ្លួនឯង អ្នកត្រូវតែចេះមើលការរិះគន់ទាំងនោះក្នុងផ្លូវល្អ ហើយឆ្លើយតបដោយភាពវិជ្ជមានបំផុត។

បើប្រាកដចិត្តថា ការរិះគន់នោះក្នុងន័យស្ថាបនា និងចង់​ឱ្យអ្នកអភិវឌ្ឍន៏ខ្លួន អ្នកគួរតែឆើ្លយតបដោយសន្តិវិធី ដោយភាពស្លូតបូត និងចេះអរគុណគេ។ ជាពិសេស ត្រូវសម្លឹងមើលខ្លួនឯងជាមុនសិនថា តើខ្លួនពិតជាខ្វះខាតត្រង់ចំណុចណាពិតមែន? តើការរិះគន់នោះពិតជាផ្តោតលើភាពជាក់ស្ដែងដែលអ្នកមានដែរឬអត់? បើសិនជាពិតមែន អ្នកគួរតែទទួលយកគំនិតរិះគន់ទាំងនោះដោយភាពស្ងប់ស្ងៀម កុំមានការតវ៉ា និងនិយាយជាមួយអ្នកដែលរិះគន់ឲ្យស្រួលបួល កុំព្យាយាមប្រកែកយកឈ្នះ។ ព្រមទទួលស្គាល់ការពិត ស្តាប់គំនិតអ្នកដទៃ ទាញយកគំនិតល្អៗដែលអ្នកខ្វះខាតមកអភិវឌ្ឍន៏ខ្លួនឯងបន្ថែមទៀត។

យ៉ាងណាមិញ បើទោះបីជាអ្នកដឹងថា ការរិះគន់ជាលក្ខណៈជាន់ពន្លិចក៏ដោយ ជាការល្អ ត្រូវធ្វើចិត្តឱ្យបានត្រជាក់ រំងាប់អារម្មណ៍ កុំឆ្លើយតបទាំងអារម្មណ៍មិនល្អ ទាំងអារម្មណ៍មានកំហឹង ព្រោះវាអាចបំផ្លាញខ្លួនអ្នកផ្ទាល់ ។ ផ្ទុយទៅវិញ អ្នកគួរតែលើកហេតុផលច្បាស់លាស់ដើម្បីឆ្លើយតបទៅការរិះគន់នោះ ប្រកបដោយការគោរព ទោះជាអ្នកនោះមិនគោរពអ្នកក៏ដោយ ហើយត្រូវរក្សាជំហរខ្លួនឯងឱ្យនឹងនរជានិច្ច។

ការដោះស្រាយបែបនេះ អាចយកឈ្នះចិត្តគេដោយសន្តិវិធី ដោយអាចរក្សាខ្លួនក្នុងនាមជាមនុស្សថ្លៃថ្នូរចំពោះភ្នែកមនុស្សជុំវិញ ព្រោះថាការតបដោយភាពខឹងក្រោធ កំពុងបង្ហាញពីចំណុចខ្សោយ និងភាពចុះចាញ់របស់ខ្លួនទៅវិញទេ។

ទោះជាយ៉ាងណា យើងត្រូវគិតថា ការរិះគន់គឺជារឿងធម្មជាតិ ក៏ជារឿងធម្មតាដែលអ្នកណាៗក៏ធ្លាប់ជួប។ ជាមនុស្សតែងតែមានកំហុស ព្រោះយើងម្នាក់ៗកើតមកមានការគិតខុសៗគ្នា។ ដូច្នេះ ធ្វើជាមនុស្សត្រូវចេះយល់ពីគំនិតអ្នកដទៃផង យើងមិនអាចយកត្រូវតែខ្លួនឯងទេ ទើបយើងអាចរស់នៅជាមនុស្សល្អបាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BORNREALIST

ចុចអាន៖​ បាត់បង់​គ្រប់យ៉ាង​ មិន​មែន​មានន័យ​ថា​ជា​ចុង​បញ្ចប់​នៃ​ជីវិត​ឡើយ

ចុចអាន៖ រឿង ៣ យ៉ាង​ដែល​មនុស្ស​វិនិច្ឆ័យ​យើង​ភ្លាមៗ​នៅ​ពេលណាត់​ជួប​គ្នា​ដំបូង