BREAKING NEWS
Search

ប្រជុំ ​ស្ដីពី​សេចក្ដីព្រាង​ផែនការ​ទីផ្សារ​ទេសចរណ៍​ខេត្ត​កែប​២០២០-២០២៤ ត្រូវ​បាន​ពិនិត្យ និង​ផ្តល់​យោបល់​

កែប ៖ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២០ លោកស្រី អ៊ុ​ល ភីរុណ តំណាង លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​មានការ​ចូលរួម​ដោយ​សមាជិក​ សមាជិកា ​ក្រុម​ការងារ​បច្ចេកទេស​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប នៅ​សណ្ឋាគារ​សង្គហ​មិត្ត ខេត្ត​កែប បាន​បើក​កិច្ច​ប្រជុំ នៃ​សេចក្ដីព្រាង​ផែនការ​ទីផ្សារ​ទេសចរណ៍​ខេត្ត​កែប ឆ្នាំ​២០២០-២០២៤​។​

​លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត និង​ជា​អនុប្រធាន​ក្រុមការងារ​បច្ចេកទេស​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត បាន​លើកឡើងថា ផែនការ​ទីផ្សារ​ទេសចរណ៍​ខេត្ត​កែប​នេះ​ ទទួលបាន​ជោគ​ជ័យ លុះត្រាតែ​មានការ​ចូលរួម​ទាំងអស់គ្នា ដើម្បី​ផ្តល់​ជា​ធាតុ​ចូល​​ឲ្យ​ផែនការ​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​។​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ បាន​បន្ថែមទៀតថា ​ផែនការ​ទីផ្សារ​ទេសចរណ៍​ខេត្ត​កែប​នេះ នឹង​ដើរតួ​ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​ធ្វើ​ទីផ្សារ​ទេសចរណ៍ ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ ប្រកបដោយ​ទស្សនៈ​វែងឆ្ងាយ ដើម្បី​ចង្អុលបង្ហាញ និង​រួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង។ ដើម្បី​ទាក់ទាញ “​ទីផ្សារ​ទេសចរណ៍​គុណភាព​” តាមរយៈ​ការ​កាត់​ចំណែក​ទីផ្សារ​សក្ដានុពល ដូចជា “​ទេសចរ លំដាប់​ខ្ពស់​” “​ទេសចរ​វ័យ​ចំណាស់​/ ចូលនិវត្តន៍​” និង “ ទេសចរ​ធ្វើដំណើរ​ជាមួយ​គ្រួសារ​” ។​

​លោកស្រី អ៊ុ​ល ភីរុណ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​បាន​បង្ហាញថា ផែនការ​ទីផ្សារ​ទេសចរណ៍​ខេត្ត​កែប ២០២០-២០២៤​នេះ នឹង​រួម​ចំណែក​ប្រែក្លាយ​ខេត្ត​កែប​ឲ្យ​ទៅជា “​គោលដៅ​ទេសចរណ៍​លម្ហែ​កម្រិត​ខ្ពស់​” ដ៏​ទាក់ទាញ​មួយ​នៅ​កម្ពុជា​។ លោកស្រី​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ផែនការ​ទីផ្សារ​ទេសចរណ៍​ខេត្ត​កែប ២០២០-២០២៤ នឹង​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍។ តាមរយៈ​ការ​បង្កើត​យុទ្ធ​នា​ការ កម្មវិធី​ផ្សព្វផ្សាយ​ធនធាន សក្ដានុពល ផលិតផល​ទេសចរណ៍ និង​សេវាកម្ម​ទេសចរណ៍​សំខាន់ៗ​ក្នុង​ខេត្ត ឲ្យ​បាន​ទៅដល់​ទីផ្សារ​គោលដៅ ដោយ​ប្រើប្រាស់​នូវ “​ប្រព័ន្ធ​ទីផ្សារ​ឌីជីថល​” ប្រកប​ដោយ​ផែនការ​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​។​

​ជា​ចុង​បញ្ចប់ លោកស្រី​អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ត្រូ​វ​ចូលរួម​សហការ​អនុវត្ត​ផែនការ​ទីផ្សារ​ទេសចរណ៍​ដ៏​សំខាន់​មួយ​នេះ ឲ្យ​បាន​ខ្ជាប់ខ្ជួន ​តាម​តួនាទី និង​ភារកិច្ច​ទទួលខុសត្រូវ។ ​សូមឲ្យ​មាន​ការ​ចូលរួម​យ៉ាងសកម្ម​ពី​ផ្នែក​ឯកជន ដើម្បី​រួមគ្នា​សម្រេច​បាន​នូវ​ចក្ខុវិស័យ គោលបំណង គោលដៅ និង​ទិសដៅ​ទីផ្សារ​ទេសចរណ៍ ដែល​បាន​កំណត់​ក្នុង​ផែនការ​ទីផ្សារ​នេះ សម្រាប់​ខេត្ត​កែប​របស់​យើង​ទាំង​អស់​គ្នា​៕
អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

សូមចុចអាន ៖ លោក​អភិបាលខណ្ឌ​ច្បារអំពៅ ​ដឹកនាំ​កម្លាំង​ ចុះ​ស្តារ​សំរាម​ តាម​មាត់​លូ​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114