BREAKING NEWS
Search

៥ ចំណុចដែលកោះកុងមាន ហើយ​ខេត្តដទៃមិនអាចប្រជែងបាន

កោះកុង ២០ ឆ្នាំមុន ដូចជាដែនកោះដាច់សង្វែងកណ្តាលសមុទ្រ ដែលគ្រប់គ្នាបានត្រឹមស្រមៃតែពិបាកធ្វើដំណើរទៅដល់។ ក្រោយផ្លូវជាតិលេខ ៤៨ ត្រូវបានស្ថាបនារួច ធ្វើឲ្យខេត្តជាប់សមុទ្រមានព្រំដែនគោកជាប់ថៃនេះ មានការអភិវឌ្ឍ និងក្លាយជាឋានសួគ៌អ្នកទេសចរពនេរចរ​ចូលចិត្ត​​ធម្មជាតិ​។ ខេត្តដ៏សំបូរធនធាននេះ មានធម្មជាតិដ៏ស្តុកស្តម្ភជាមួយសមុទ្រឈើ​យ៉ាង​ខៀវ​ស្រងាត់ នៅម្ខាងមានភ្នំ នៅម្ខាងមានសមុទ្រ រួមទាំងមានកោះជាច្រើនមិនទាន់មានការបំពុល​។

ខេត្តកោះកុង​មានអភិវឌ្ឍចុងក្រោយ​គេ តែ​ក៏​មានសក្តានុពលជាច្រើនដែលខេត្តជាច្រើនមិនអាចប្រជែងបាន៖

> ខេត្តមានឆ្នេរសមុទ្រវែងជាងគេ

កោះកុង ជាខេត្តដែលមានឆ្នេរសមុទ្រវែងជាងគេក្នុងចំណោមខេត្តជាប់​សមុទ្រ​ទាំងបួន (ព្រះសីហនុ កំពត កែប និងកោះកុង) ជាមួយឆ្នេរប្រវែង ២០៦ គីឡូម៉ែត្រ។

>កោះកុងក្រៅ ជាកោះធំជាងគេក្នុងដែន​សមុទ្រកម្ពុជា

កោះកុងក្រៅ ជាកោះធំជាងគេមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ។ នៅលើកោះ មានទឹកជ្រោះ ១០ កន្លែង រួមទាំងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតចំនួន ០៦ កន្លែង។

>មានតំបន់អភិរក្សដែនជម្រកសត្វព្រៃធំលំដាប់លេខពីរនៅអាស៊ី

តំបន់អភិរក្សដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង គ្រប់ដណ្តប់លើផ្ទៃដីសរុប ៤.៦៧២,៦១ ហិកតា ធំជាងគេទីពីរនៅតំបន់អាស៊ី។ តំបន់ការពារធម្មជាតិ ពាមក្រសោប គឺជាតំបន់ទេសចរណ៍ទាក់ទាញបំផុតរបស់ខេត្តកោះកុង ក្នុង​មួយ​ឆ្នាំ​ទទួល​ភ្ញៀវ​ទេសចរ​បានរាប់ម៉ឺននាក់។

> មានវារីអគ្គិសនីច្រើនជាងគេ

វារីអគ្គិសនីចំនួន ៧កន្លែងសាងសង់​ក្នុង​ប្រទេស​កម្ពុជា ក្នុងនោះមាន ៣ កន្លែងស្ថិតនៅក្នុងខេត្តកោះកុងគឺវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម (៣៣៨មេហ្គាវ៉ាត់) វារីអគ្គិសនីគិរីរម្យ៣ (១៨មេហ្គាវ៉ាត់) និងវារីអគ្គិសនីស្ទឹងតាតៃ (កម្លាំង ២៤៦មេហ្គាវ៉ាត់)។

> ស្ពាន​ឆ្លង​សមុទ្រ​វែង​ជាង​គេ

ស្ពានកោះកុង មាន​ប្រវែង ១៩០០ ម៉ែត្រ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០០២។ ស្ពាន​ភ្ជាប់ទៅ​ច្រក​ចាំយាម​ព្រំដែន​ខ្មែរថៃ​នេះ ជា​ស្ពាន​ឆ្លង​សមុទ្រ​វែង​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដីក្រហម