BREAKING NEWS
Search

សេវាកម្សាន្តពេលរាត្រីទូទាំងប្រទេសថៃ អាចនឹងបើកដំណើរការឡើងវិញនៅខែក្រោយ

សកម្មភាពកម្សាន្តពេលរាត្រីទូទាំងប្រទេសថៃ រាប់បញ្ចូលទាំងក្លិប បារ ខារ៉ាអូខេ និងការកម្សាន្តផ្សេងៗជាច្រើនទៀត រំពឹងនឹងត្រូវដោះលែងចេញពីវិធានការរឹតត្បិតរបស់ប្រទេសនេះ ចាប់ពីដើមខែកក្កដា ខាងមុខនេះតទៅ។

ឧត្តមសេនីយ៍ Natthaphol Nakpanich អគ្គមេបញ្ជាការរងកងទ័ពថៃ និងជាអនុប្រធានគណៈកម្មាធិការ ប្រតិបត្តិករសម្រាប់អាជីវកម្មកម្សាន្តពេលវេលារបស់ប្រទេសថៃ បានសន្យានឹងដកគម្លាតសង្គមទាំងស្រុងសម្រាប់បើកដំណើរការអាជីវកម្មកម្សាន្តទាំងនេះឡើងវិញ ដែលស្ថិតនៅក្នុងវិធានការដកចេញការរឹតត្បាតដំណាក់កាលទី ៥។

ទោះជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងយោធាថៃ ចេញមុខសន្យារបែបនេះក្តី ប៉ុន្តែការសម្រេច គឺពឹងផ្អែកលើស្មារតីកិច្ចប្រជុំនៃរដ្ឋបាលគ្រប់គ្រងជំងឺកូវីដ ១៩ របស់ថៃ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃសុក្រ សប្តាហ៍នេះ។

ក្រុមតន្ត្រីករ ក្រុមផ្តល់សេវាកម្សាន្តផ្សេងទៀត កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុខ បានជួបជុំគ្នាទាមទាររដ្ឋាភិបាល អនុញ្ញាតឲ្យពួកគេត្រឡប់ទៅបំពេញការងារប្រចាំថ្ងៃរបស់ខ្លួនវិញ ដោយអះអាងការរឹតត្បិតនាពេលកន្លែងមក បានធ្វើឲ្យពួកគេធ្លាក់ខ្លួនក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

តាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ Natthaphol ការដោះសោប្រទេសដំណាក់កាលទី ៥ នឹងធ្វើឡើងនៅខែក្រោយនេះ បើសិនជាគ្មានការប្រកាសអាសន្នបន្ទាន់ណាមួយកើតឡើងនោះ។

ទោះជាមកទល់នឹងពេលនេះ ស្ថានភាពរាតត្បាតកូវីដ ១៩ នៅថៃ ហាក់ធូរស្រាលបន្តិចក្តី ប៉ុន្តែករណីនាំចូល នៅតែកើតមានជាបន្តបន្ទាប់ នាំឲ្យតួលេខឆ្លងសរុបកើនដល់ ៣ ១៤៧នាក់ ក្នុងនោះស្លាប់ ៥៨នាក់ ត្រូវចាត់ទុកជាប្រទេសមានករណីឆ្លងកូវីដ ១៩ ច្រើនបំផុត លំដាប់ទី ៥ នៅក្នុងសហគមន៍អាស៊ាន៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

អត្ថបទពាក់ព័ន្ធ៖