BREAKING NEWS
Search

ធនាគារ​ឯកទេស​វី​ង និង​ធនាគារ កាណាឌីយ៉ា​រួមគ្នា ​ដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ភ្នំពេញ ៖ ខែ​មិថុនា ទី​២៣ ២០២០ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ធនាគារ កាណាឌីយ៉ា ក​.​អ បាន​ចុះ​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នា​មួយ ដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​ទទួល​បាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាព​ងាយ​ស្រួល​។

​ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយមាន​វត្ថុ​មាន​ដ៏​ខ្ពង់ខ្ពស់​របស់ អ្នក​ឧក​ញ្ញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង​អ្នកឧកញ៉ា​បណ្ឌិត ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​កា​ណា​ឌី​យ៉ា ភ្ញៀវកិត្តិយស និង​គណ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ទាំងពីរ​។ ក្រោម​ការ​ផ្តួចផ្តើម​ភាពជា​ដៃគូ​នេះ ធនាគារ​ឯកទេស​វី​ង និង​ធនាគារ​កាណាឌីយ៉ា នឹង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ស្វែងរក​ឱកាស​ថ្មីៗ​ដើម្បី​ធានា​ថា ប្រជាជន​កម្ពុជា​គ្រប់រូប​ទទួល​បាន​ភាព​ងាយស្រួល និង​សុវត្ថិភាព​នៅ​ពេល​ពួកគេ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគេ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​។

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​មានប្រសាសន៍ថា​៖ «​យើង​មាន​ឯកសិទ្ធិ​ដែល​ថ្ងៃនេះ ​វី​ង​កំពុង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​ស្វែងរក​ភាពជា​ដៃគូ​ជាមួយ​ធនាគារ​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​និង​ធំជាងគេ​មួយ​នៅ​កម្ពុជា ដើម្បី​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​»​។ លោក​លោក ម៉ា​នូ រ៉ា​ចាន់ បាន​បន្ត​ថា​៖ «​វី​ង​នៅ​តែងតែ​រក្សា​ចក្ខុវិស័យ​របស់​ខ្លួន ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ប្រកបដោយ​ភាព​ងាយ​ស្រួល សុវត្ថិភាព​និង​រហ័ស ដែល​សម្រួល​ដល់​លំហូរ​សាច់ប្រាក់​ នៅ​ក្នុង​សេដ្ឋកិច្ច និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ភាពជា​ដៃគូ​ជាមួយ​ធនាគារ​កាណាឌីយ៉ា នឹង​ផ្តល់​ជូន​កាន់តែ​ទូលំទូលាយ​នូវ​ការ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​គ្រប់រូប​»​។ វី​ង​ជា​អ្នក​ផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ​ដែល​មាន​បណ្តាញ​ភ្នាក់ងារ​វី​ង ជិត ៨០០០ កន្លែង​ទូទាំង​ប្រទេស ជាមួយ​កម្មវិធី​វី​ង​ស្មា​ត​ហ្វូ​ន​វី​ង​ដ៏​ទំនើប និង​មាន​បណ្តាញ​ដៃគូ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ដ៏​រឹងមាំ​។

​លោក Raymond Sia Say Guan នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា បាន​មានប្រសាសន៍ថា​៖ «​កិច្ចសហការ​នៅ​ថ្ងៃ​នេះ ​បាន​ឆ្លុះបញ្ចាំង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ​របស់​យើង​ទាក់ទង​នឹង​ការ​ផ្ដល់​ជូន​សេវាកម្ម​ហិរញ្ញវត្ថុ និង​បង្កើន​ការ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ និង​សិទ្ធិ​អំណាច​ប្រើ​ទៅដល់​ប្រជាជន​កម្ពុជា​។ យើង​នឹង​នាំ​យក​សេវាកម្ម​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​ជិត​ជាង​មុន​ទៅដល់​អតិថិជន​របស់​យើង​បច្ចុប្បន្ន មិន​ថា​នៅ​តំបន់​ដាច់ស្រយាល​ក៏ដោយ​»​។

​ធនាគារ​កាណាឌីយ៉ា​បាន​ឈរជើង​ នៅ​លើ​ទី​ផ្សាយ​ដោយ​ជោគជ័យ​ជិត​៣០​ឆ្នាំ ​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ដ៏​សម្បូរ​បែប​ទៅដល់​អតិថិជន​ទាំង​បុគ្គល និង​សាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ទៅដល់​ប្រទេស​ឡាវ ​ដែល​ជា​ប្រទេសជិតខាង​។ ទាំង​វី​ង​និង​ធនាគារ​កាណាឌីយ៉ា​ គឺជា​ធនាគារ​ក្នុងស្រុក​ឈានមុខ​គេ​នៅ​កម្ពុជា​ ដែល​មាន​បំណង​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប​។ វី​ង​ត្រូវ​បាន​គេ​ទទួល​ស្គាល់ បាន​បង្កើត​ភាពជា​ដៃគូ​យ៉ាង​ទូលំទូលាយ​ជាមួយ​ដៃគូ​ពាណិជ្ជករ​ជាង ៤០០០០ និង​ជាមួយ​ក្រុមហ៊ុន​សំខាន់ៗ ​នៅ​ក្នុង​ឧស្សាហកម្ម​រួមមាន​៖ Mastercard, MoneyGram, AliPay, WeChat Pay and Western Union ជាដើម​។ ភ្នាក់ងារ​វី​ង​ ដែល​ត្រូវ​បាន​បណ្ដុះបណ្ដាល​យ៉ាង​ជំនាញ បាន​កំពុង​ជួយ​សម្រួល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​ នៅ​គ្រប់ទិសទី​កន្លែង​នៃ​ប្រទេស​កម្ពុជា ​ចាប់​តាំង​ពី​ទីក្រុង​រហូតដល់​ភូមិ​ដាច់ស្រយាល​៕